កិច្ចប្រជុំរបស់សមាគមខ្មែរកម្ពុជាក្រោម នៅទីស្នាក់ការសមាគម
ខ្មែរកម្ពុជាក្រោម ដើម្បីសិទិ្ធមនុស្ស និងអភិវឌ្ឍន៍ ក្រោមអធិបតីភាព
ឯកឧត្តម យន្ត ថារ៉ូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម
និងជាសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី ០៦ ខែវិចិ្ឆកា ឆ្នាំ ២០១១ វេលាម៉ោង ១៖០០ នាទី រសៀល នៅបន្ទាប់ប្រជុំរបស់អង្គការសមាគមខ្មែរកម្ពុជា ក្រោម ដើម្បីសិទិ្ធមនុស្ស និងអភិវឌ្ឍន៍បណ្តាញយុវជនខ្មែរ កម្ពុជាសក្រោម បានបើកអង្គប្រជុំមួយក្រោម អធិបតីភាព លោក សឺន ជុំជួន ប្រធានបណ្តាញ ដោយមានសមាជិក ចូលរួមចំនួន ១៥អង្គ និងរូប។ អង្គប្រជុំបានពិភាក្សា ចំណុច សំខាន់ៗមួយចំនួនដូចជា៖ រំលឹកឡើងវិញផែនការ របស់បណ្តាញកាលពីខែតុកាកន្លងមក ក្នុងនោះ មានការរៀបចំ ចងក្រងឯកសារប្រវត្តិសាស្រ្តនៃ ការកកើតអង្គការសមាគម ខ្មែរកម្ពុជាក្រោម នៅកម្ពុជា ការចងក្រងឯកសារ ប្រវត្តិសាស្រ្ត ថ្ងៃទី១៦ វិចិ្ឆកា និងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ជាដើម។ ជាលទ្ធផលនៃអង្គប្រជុំតាមដានលទ្ធផល នោះ ទាក់ទងទៅនិងការរៀបចំចងក្រងឯកសារអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក យាញ សេរី បានធ្វើសេចក្តី រាយការណ៍ថា ឯកសារបច្ចុប្បន្ននេះ មានអង្គការសមាគមចំនួន៨ហើយដែលទទួលបានពត៌មាន និងបានចងក្រងខ្លះជាបណ្តើៗ រីអង្គការសមាគមមួយចំនួនទៀត កំពុងធ្វើការទំនាក់ទំនង និងមានពត៌មានខ្វះខាត់មួយចំនួនដែលត្រូវការបន្ថែមដូចជា៖ សមិទិ្ធផលដែលសម្រេចបាន ផែនការ អនាគត និងប្រភព និងបុគ្គលសំខាន់ដែលអាចទំនាក់ទំនងបាន ។ ការងារនេះ នឹងត្រូវបញ្ចប់នៅបំណាច់ខែវិចិ្ឆកា ឆ្នាំ២០១១ រួចនឹងកែសំរួល ហើយធ្វើការបោះពុម្ភចែកជូនសាមីអង្គការនិមួយៗ ។
ទាក់ទងទៅនិងការចងក្រងឯកសារប្រវត្តិសាស្ត្រ ១៦ វិចិ្ឆកា ព្រះតេជគុណ គឹម ស៊ីសំណា បានលើកឡើងថា ឥឡូវនេះមានឯកសារគ្រប់គ្រាន់ហើយ ដោយយកឯកសារសង្ខេបរបស់ ព្រះតេជគុណ ប្រីយ ជាគឿន ជាផ្លូវការ ហើយឯកសារនេះផងដែរ អង្គប្រជុំសម្រេចថា នៅថ្ងៃទី១៦ វិចិ្ឆកា ឆ្នាំ២០១១ ខាងមុខនេះ នឹងថតចម្លងចែកជូនអ្នកចូលរួមពិធីនោះចំនួន ៥០០ ច្បាប់។ រីឯទិវាសិទិ្ធមនុស្សអន្តរជាតិ ១០ធ្នូ ២០១១ ខាងមុខនេះ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទិ្ធមនុស្ស និងអភិវឌ្ឍន៍ និងរៀបចំនៅតាមបណ្តា ខេត្តចំនួន ៥ គឺៈ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តស្វាយរៀង ក្នុងខេត្តនិមួយៗ នឹងមានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចូលរួមចំនួន ១៥០ នាក់ ដោយមានការឧបត្ថម្ភថវិកាពីអង្គការអន្តរជាតិក្នុង និងក្រៅប្រទេស។ នៅល្ងាចថ្ងៃខែឆ្នាំដដែលនោះដែរ នៅវេលា ម៉ោង ៣៖០០ នាទីរសៀល អង្គការសមាគមខ្មែរកម្ពុជាក្រោមបានបើកអង្គប្រជុំមួយ ដែលរៀបចំឡើង ដោយលេខាធិការដ្ឋាន បណ្តោះអាសន្ននៃអង្គការសមាគមខ្មែរកម្ពុជា ក្រោមនៅកម្ពុជា ក្រោមអធិបតីភាពលោក យន្ត ថារូ ប្រធានមជ្ឍ មណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ដោយវត្តមាននិមន្ត និងអញ្ជើញចូលរួមចំនួន ២៤ អង្គ និងរូប ។ ព្រះតេជគុណ គឹម ស៊ីសំណា បានលើកឡើងនូវរបៀបវារៈចំនួន ៣ មកពីភាក្សាគឺ៖ ១. ការបែងចែកការងារសំរាប់ថ្ងៃ១៦ វិចិ្ឆកា និងទិវា សិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ២. បញ្ហាលេខាធិការដ្ឋានរបស់អង្គការសមាគមខ្មែរកម្ពុជានៅកម្ពុជាក្រោម និងទី ៣របៀប វារៈផ្សេងៗ ក្រោយមកព្រះអង្គបានស្នើដល់សមាជិកអង្គប្រជុំដើម្បីពិភាក្សាទៅលើរបៀប វារៈទាំងនោះ។ តាមរយៈ ការពិភាក្សាទៅលើរបៀបវារៈទី១ ឯកឧត្តម យន្ត ថារូ បានទទួលខុសត្រូវថវិកាក្នុងការរៀបចំពិធីថ្ងៃទី១៦ វិច្ឆិកា ២០១១ ព្រមទាំងអំពាវនាវបានថវិកាខ្លះ ពីសប្បុរសជនៅក្រៅប្រទេស ។ ពិធីនឹងមានផែនការនិមន្តព្រះសង្ឃចូលរួមចំនួន៣៥ អង្គ តំណាងខួប៣៥ឆ្នាំថ្ងៃព្រឹត្តិការ និងមានប្រជពលរដ្ឋចូលរួមចំនួន៥០០នាក់នៅភោជនីយដ្ឋានថ្ងៃនេះថ្ងៃជ័យ ភូមិដំណាក់ សង្កាត់កាកាប ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងពិធីនេះផងដែរ មានថ្លែងតំណាងដោយជនរង្រ្គោះនាព្រឹត្តិការនោះ ជនរង្រ្គោះដែលត្រូវថ្លែងរួមមាន លោក គឹម ប៊ុក កែវ លោក ថាច់ សុផាត លោក ស៊ីម ស៊ិន និងមានអ្នករង្រ្គោះមួយចំនួនទៀត ។
រីឯរបៀបវារៈទី២ ព្រះតេជគុណ បានលើកឡើងថា លេខាធិការដ្ឋានបណ្តោះអាសន្ននេះ មានអ្នកធ្វើការស្ម័គ្រចិត្តចំនួន៤ព្រះអង្គ និងរូបហើយ គឺមាន ព្រះតេជគុណ សឺន ចែង ចើង ព្រះតេជគុណ សួន បូរ៉ា លោក សឺន ជុំជួន និងព្រះតេជគុណផ្ទាល់ ។ ព្រះអង្គបានសំណូមពរឱ្យមានសម្មជនម្នាក់ក្នុងចំណោមអង្គការសមាគមនិមួយៗ បញ្ជូនដើម្បីជួយការងារនេះ ។ ក្នុងនាមប្រធានមជ្ឈមណ្ឌល ឯកឧត្តម យន្ត ថារូ នឹងបញ្ជូនលោក ថាច់ ភឿន អនុប្រធាន មកជួយការងារលេខាធិការដ្ឋាន ហើយបានសន្យាថា នឹងផ្តល់ទីតាំងសំរាប់កន្លែងធ្វើការរបស់លេខាធិការដ្ឋានមួយបន្ទប់ ក្រោយពីសាងសង់ផ្ទះសំណាក់របស់ឯកឧត្តមផ្ទាល់រួចរាល់ ប្រសិនបើលេខាធិការដ្ឋាននេះមិនទាន់មានកន្លែងច្បាស់ លាស់។ ព្រះតេជគុណ គឹម ស៊ីសំណា នឹងរៀបចំគោលនយោបាយដោយឡែកមួយសំរាប់លេខាធិការដ្ឋាននេះ នៅពេល ដែលពង្រ្គាងរួច និងមានអង្គប្រជុំមួយទៀតដើម្បីសំរេចជាផ្លូវការ។ នៅរបៀបវារៈផ្សេងៗ អង្គប្រជុំក៏ បានលើកឡើង នៅករណីព្រះតេជគុណ ជា សុវណ្ណភូមិ ព្រះនាមដើម ឡឹម សាង ព្រះចៅអធិការស្តីទីវត្តកែវមុនីវ័ន្ត ហៅវត្តព្រែករឺស ភូមិព្រែករឺស ឃុំសំបូរមាស ស្រុកមុខ កំពូល ខេត្ត កណ្តាល។ ក្រោយប្រជុំ បានស្តាប់នូវ របាយការណ៍របស់ក្រុមការងារ ដែលបានចុះ ទៅជួប ព្រះតេជគុណ ជា សុវណ្ណភូមិ ផ្ទាល់នៅវត្តក្រពើហារ និងជួបផ្ទាល់ពុទ្ធបរិស័ទចំណុះ ជើងវត្តកែវមុនីវន្ត រួចមកអង្គប្រជុំបានសម្រេច នឹងរៀបចំបែបបទអន្តរាគម ទៅឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងជា ពិសេសក្រសួងធម្មការជាដើម។ អង្គប្រជុំបានបញ្ចប់នៅម៉ោង ៥ គត់ នៅថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសសហការជិតស្និទ្ធ និងរីករាយយ៉ាងក្រៃលែង៕
ពីគេហទំព័រ៖ មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម

No comments:
Post a Comment
yes