អ្នកស្រី ពិន មុំ ជាប្រជាពលរដ្ឋរស់នៅចំណុចអូរដីកា រយៈពេលជាងដប់ឆ្នាំមកហើយ ហើយអ្នកស្រីក៏ជាជំនួយការភូមិថ្មី។ អ្នកស្រីបានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ថា ក្រុមទាហានដែលអ្នកស្រីស្គាល់ថា ជាអតីតកងពលលេខ ៧១ ដែលមានលោកវរសេនីយ៍ឯក គឹម ពៅ ជាមេបញ្ជាការ ប្រដាប់ដោយអាវុធគ្រប់ដៃ បានមកដកបំផ្លាញរបងផ្ទះអ្នកស្រី និងផ្ទះអ្នកភូមិមួយចំនួនទៀត រួចយកឈើមកសាងសង់ផ្ទះលើដីរបស់អ្នកស្រី និងអ្នកភូមិទាំងនោះតែម្ដង។
អ្នកស្រីបន្តថា ក្រុមទាហានទាំងនោះបានគំរាមថា បើប្រជាពលរដ្ឋណាហ៊ានចេញមុខមកតវ៉ា គេនឹងប្រើកម្លាំងតបតវិញភ្លាម៖ «អ្នកស្រុកយើងអត់មាននរណាហ៊ានធ្វើអីទេ ព្រោះកម្លាំងវាដាក់មកច្រើនណាស់ ហើយមានកាំភ្លើងគ្រប់គ្នាទៀត។ ខ្ញុំឆ្ងល់ថា មិនដឹងជាហេតុអីបានជាលោកអភិបាលស្រុកគាត់ដឹងដែរ តែគាត់មិនមានការជួយអន្តរាគមន៍អីទាំងអស់។ ពួកខ្ញុំមានការភ័យខ្លាចណាស់ អាជ្ញាធរហាក់ព្រងើយកន្តើយចំពោះកង្វល់របស់ប្រជាពលរដ្ឋ»។
លោក គឹម ពៅ ជាអតីតប្រធានកងពលលេខ ៧១ និងបច្ចុប្បន្នជានាយរងការិយាល័យទី ៣ កងទ័ពជើងគោក។ លោកបានបដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋ។ លោកមានប្រសាសន៍ថា លោកពុំបានដឹងរឿងនេះទេ។ លោកថា ពលទាហានខ្លះមានដីធ្លីនៅតំបន់នោះតាំងពីសម័យសមាហរណកម្មមកម្ល៉េះ ហើយឥឡូវពួកគេបានទៅកសាងលំនៅលើដីពួកគេ ហើយអាចមានការប៉ះទង្គិចជាមួយប្រជាពលរដ្ឋ។
លោកបញ្ជាក់ដូច្នេះ៖ «ខ្ញុំដូចជាអត់បានដឹងទេរឿងនេះ។ តែខ្ញុំគ្រាន់តែដឹងថា មានទាហានខ្លះគាត់ទៅសង់ផ្ទះលើដីគាត់។ ខ្ញុំពិបាកដែរ ព្រោះខាងខ្ញុំមានលិខិតស្នាមស្របច្បាប់អស់ហើយ តែគេដូចជានៅតែមានបញ្ហា»។
យ៉ាងនេះក្ដី អាជ្ញាធរដែនដីបានទទួលស្គាល់ថា ពិតជាមានទាហានមួយក្រុមមករំលោភលើដីធ្លីរបស់ប្រជាពលរដ្ឋមែន។ លោក សេង ផេង ជំទប់ទី១ឃុំប្រមោយ មានប្រសាសន៍ថា អាជ្ញាធរបានចុះមកធ្វើការសម្របសម្រួលដោយសំណូមពរសុំឲ្យប្រជាពលរដ្ឋអត់ធ្មត់ដើម្បីទុកពេលឲ្យអាជ្ញាធរស្វែងរកដំណោះស្រាយជាមួយក្រុមទាហានទាំងនោះ៖ «អាជ្ញាធរឃុំ និងស្រុកបានចុះទៅជួបជាមួយប្រជាពលរដ្ឋ និងសំណូមពរឲ្យគាត់កុំឲ្យប្រើអំពើហិង្សាលើកងកម្លាំងដែលបានមករំលោភនោះ។រឿងហ្នឹងទុកឲ្យថ្នាក់លើដោះស្រាយ»។
កាលពីថ្ងៃទី៩ វិច្ឆិកា អាជ្ញាធរខេត្តបានសម្រេចបង្កើតក្រុមការងារដោះស្រាយទំនាស់ដីធ្លីមួយដែលមានសមាសភាពចម្រុះដើម្បីដោះស្រាយទំនាស់នេះ។ ប៉ុន្តែភាគីទាហានអតីតកងពលលេខ ៧១ ហាក់មានការមិនពេញចិត្ត ដោយចោទប្រកាន់ថា ក្នុងសមាសភាពខ្លះក្នុងគណៈកម្មការនេះមានឈ្មោះកាន់កាប់ដីធ្លីដែលកំពុងមានទំនាស់នេះផងដែរ។
យ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន មានប្រសាសន៍ថា ចំពោះករណីខាងលើនេះ ក្រសួងការពារជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី គួរតែធ្វើការដោះស្រាយជាបន្ទាន់។ លោកថា ការអូសបន្លាយក្នុងដំណោះស្រាយបញ្ហាជាយថាហេតុ អាចបង្កឲ្យមានការប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋជាថ្មីទៀត ដែលអាចធ្វើឲ្យសាបរលាបដល់កិត្តិនាមនៃកងយោធពលខេមរភូមិន្ទ៕
វិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes