សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 17, 2011

តុលាការ​ខ្មែរក្រហម សម្រេច​ដោះលែង​លោកស្រី អៀង​ធីរិទ្ធ


 អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បាន​ចេញ​សេចក្តីសម្រេច​ថា លោកស្រី អៀង ធីរិទ្ធ មិន​អាច​នាំ​យក​មក​កាត់ទោស​បានទេ ដោយសារតែ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម និង​ជា​ភរិយា​លោក​អៀង​សារី មាន​ជំងឺ​វង្វេងវង្វាន់ មិន​អាច​នាំមក​កាត់ទោស​បានឡើយ​។ 

 តុលាការ​សាលាដំបូង ក៏បាន​សម្រេច​ដោះលែង​លោកស្រី អៀង​ធីរិទ្ធ​។ ការសម្រេច​ដូច្នេះ បាន​ធ្វើ​ឡើង​តែ ៤​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​តុលាការ​ខ្មែរក្រហម បើកសវនាការ ជំនុំជម្រះ​ក្តី លើ​សំណុំរឿង​០០២​។​


 មាន​អាយុ ៧៩ ឆ្នាំ លោកស្រី អៀង ធីរិទ្ធិ ត្រូវបាន​តុលាការ​ខ្មែរក្រហម ចោទប្រកាន់​ក្នុង​រឿង​សម្លាប់​មនុស្ស​សម័យ​ខ្មែរក្រហម ក្នុង​សំណុំរឿង​០០២ ជាមួយនឹង​អតីត​មេ​ខ្មែរក្រហម ៣ រូប​ផ្សេងទៀត គឺ​លោក​នួន​ជា លោក​ខៀវ​សំផន និង​លោក​អៀង​សារី​។ សំណុំរឿង​០០២ នឹងត្រូវ​តុលាការ​បើកសវនាការ នា​ថ្ងៃ​ទី​២១​វិច្ឆិកា ឆ្នាំ​២០១១​។​

 ក្នុង​ដីកា​កម្រាស់ ៣០ ទំព័រ ជា​ភាសា​អង់គ្លេស ចុះ​ថ្ងៃ​ទី​១៧​វិច្ឆិកា ឆ្នាំ​២០១១ អង្គជំនុំជម្រះ​សាលាដំបូង ក្នុង​តុលាការ​ខ្មែរក្រហម ដែល​មាន​ចៅក្រម ៥ រូប គឺ​ចៅក្រម​ជាតិ ៣ រូប និង​បរទេស ២ រូប បាន​ឯកភាព​រួមគ្នា​ថា លោកស្រី អៀង ធីរិទ្ធ មិន​មាន​កាយសម្បទា​គ្រប់គ្រាន់ ក្នុង​ការចូលរួម​សវនាការ​បាន​ទេ​។ អង្គជំនុំជម្រះ​សាលាដំបូង ក៏បាន​សម្រេច​ដោះលែង​លោកស្រី​អៀង​ធីរិទ្ធ ចេញពី​ពន្ធនាគារ​របស់​តុលាការ​ខ្មែរក្រហម​ផងដែរ​។​

​ក៏​ប៉ុន្តែ​ក្នុង​សេចក្តីសម្រេច ដែល​ចុះហត្ថលេខា​ដោយ​លោក​ចៅក្រម និល ណុល ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង បាន​កំណត់​ថា ទោះបី​អង្គជំនុំជម្រះ​សម្រេច​មិន​កាត់ទោស​លើ​លោកស្រី អៀង ធីរិទ្ធ តែ​មិនមែន​បញ្ចប់​ការចោទប្រកាន់​ប្រឆាំង​លោកស្រី​អៀង​ធីរិទ្ធ​ឡើយ​។ តុលាការ​អាច​នឹង​បំបែក​ការចោទប្រកាន់​ប្រឆាំង​លោកស្រី អៀង ធីរិទ្ធ ចេញ​ពី​សំណុំរឿង​០០២ និង​ដោះលែង​លោកស្រី ឲ្យនៅ​ក្រៅ​ឃុំ ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។​

​ចំពោះ​ការសម្រេច​ខាងលើនេះ ត្រូវបាន​លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បញ្ជាក់ថា ការសម្រេច​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ខាងលើនេះ មិនមែន​មានន័យថា គេ​ដោះលែង​លោកស្រី​អៀង​ធីរិទ្ធ ចេញពី​បន្ទប់​ឃុំឃាំង​ភ្លាមៗ​នោះទេ​។ បើ​តាម​នីតិវិធី សហ​ព្រះរាជអាជ្ញា មាន​ពេល ២៤ ម៉ោង គិត​ចាប់ពី​ពេល​តុលាការ​ចេញ​ដីកា នៅ​ម៉ោង ១៧ និង ២០ នាទី ថ្ងៃទី​១៧​វិច្ឆិកា ឆ្នាំ​២០១១ ដើម្បី​ដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​ទៅកាន់​អង្គជំនុំជម្រះ​តុលាការ​កំពូល​។ តុលាការ​កំពូល មាន​ពេល ៤៨ ម៉ោង ក្នុង​ការសម្រេចចិត្ត ថា​តើ​ទទួលយកបាន ឬទេ ចំពោះ​បណ្តឹងឧទ្ធរណ៍​នោះ​។​

​លោក នេត្រ ភ​ក្ត្រា ក៏​បាន​បន្ថែមថា អង្គជំនុំជម្រះ​តុលាការ​កំពូល មាន​រយៈពេល ១៥ ថ្ងៃ ក្នុង​ការសម្រេច​លើ​ពាក្យបណ្តឹង​ឧទ្ធរណ៍​របស់​សហ​ព្រះរាជអាជ្ញា ដែល​ជំទាស់​នឹង​ការសម្រេច​របស់​អង្គជំនុំជម្រះ​សាលាដំបូង​។ ដូច្នេះ​ទោះបីជា​អង្គជំនុំជម្រះ​សាលាដំបូង បានសម្រេច​ឲ្យមាន​ការដោះលែង​លោក​ស្រី អៀង ធីរិទ្ធ ក្តី តែ​មកដល់​ពេលនេះ មិនទាន់​មាន​ការដោះលែង​លោកស្រី​អៀង​ធីរិទ្ធទេ ដោយ​រង់ចាំ​នីតិវិធី​សិន​។​

​សូម​រម្លឹកថា លោកស្រី អៀង​ធីរិទ្ធ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ឯកទេស​មនុស្ស​ចាស់ និង​វិកល​វិទ្យា​ពីរ​ក្រុម ជាតិ និង​អន្តរជាតិ បាន​វាយតម្លៃ​លើ​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​លោកស្រី​ចំនួន​ពីរ​លើក​មក​ហើយ​។ តុលាការ​ខ្មែរក្រហម ក៏បាន​បើក​សវនាការ​លើ​បញ្ហា​សុខភាព និង​កាយសម្បទា​របស់​លោកស្រី អៀង ធីរិទ្ធ នៅ​ខែ​សីហា និង​ខែតុលា ឆ្នាំ​២០១១​។ ក្រុម​គ្រូពេទ្យ​បាន​រកឃើញ​ស្រដៀង​គ្នា​ថា លោកស្រី អៀង ធីរិទ្ធ អាយុ ៧៩ ឆ្នាំ មាន​បញ្ហា​ស្មារតី ដែល​វង្វេងវង្វាន់ ចាំ​មុខ ភ្លេច​ក្រោយ និង​មិន​អាច​ចូលរួម​សវនាការ​កាត់ទោស​បាន​ទេ​៕​




CEN

No comments:

Post a Comment

yes