មន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ីដដែល បានអោយដឹងបន្តថា អ្នកតំណាងរាស្ត្រទាំង ៥ រូប ដែលបានបញ្ជូនឈ្មោះទៅអោយលោក សម រង្ស៊ី រួមមាន៖ លេខរៀងទី១-លោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប, ២-លោក ម៉ែន សុថាវរិន្ទ្រ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ, ៣-លោក ហូរ វ៉ាន់ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ, ៤-លោក នុត រំដួល អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងទី៥-លោកស្រី ថាក់ ឡានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម។
លោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្ស សម រង្ស៊ី បានអោយដឹងថា ក្នុងដំណាក់កាលទី១នេះ នឹងមានអ្នកតំណាងរាស្ត្រចំនួន ៤ រូប របស់គណបក្សសមរង្ស៊ី នឹងប្រកាសលាលែង។ ក្នុងនោះ មានអ្នកតំណាងរាស្ត្រ ក្នុងតំណែងចំនួន ៣ រូប និងមួយរូបទៀត គឺលោកប្រធាន សម រង្ស៊ី។
លោកស្រី បន្ថែមថា ការលាលែងនេះ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយសារការរឹបអូសយកដីធ្លី ការបណ្តេញចេញ និងមួយទៀតចង់អោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. មានតម្លាភាព និងត្រឹមត្រូវយុត្តិធម៌ ពីព្រោះ គ.ជ.ប. សព្វថ្ងៃ ស្ថិតនៅក្រោមគណបក្សកាន់អំណាច។
សូមរម្លឹកថា លោកសមរង្ស៊ី កាលពីថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០១១ បានប្រកាសចេញនូវយុទ្ធសាស្ត្រ វិបត្តិរដ្ឋធម្មនុញ្ញ ដែលនឹងធ្វើឲ្យរដ្ឋសភា ខ្វះលក្ខណៈផ្លូវច្បាប់ ចំពោះការប្រជុំអនុម័តច្បាប់ថវិកាជាតិនៅឆ្នាំ២០១២ខាងមុខ ដូចការកំណត់ ក្នុងរដ្ឋធម្មនុញ្ញ មាត្រា ៧៦។ មាត្រា ៧៦ ដែលបានកំណត់ថា រដ្ឋសភា នឹងមិនពេញលក្ខណៈផ្លូវច្បាប់ ប្រសិនបើអ្នកតំណាងរាស្ត្រមានតិចជាង ១២០ រូប ក្នុងចំណោមសមាជិករដ្ឋសភាសរុប ១២៣ រូប។
ការលើកឡើងរបស់លោកសមរង្ស៊ីដូច្នេះ បានធ្វើឡើង ខណៈដែលរដ្ឋសភា នឹងត្រូវបើកកិច្ចប្រជុំនាពេលខាងមុខ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១២ ដែលមានចំនួនជាង ២៦០០ លានដុល្លារ។ ក្នុងពង្រាងច្បាប់ថវិកាជាតិឆ្នាំ២០១២ ក៏បានបើកផ្លូវឲ្យរដ្ឋាភិបាល អាចខ្ចីប្រាក់បំណុលពីបរទេសប្រមាណជាង ១.០០០ លានដុល្លារ។
យ៉ាងណាក៏ដោយ សមាជិកសភា និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានលើកឡើងថា ការលើកឡើងរបស់លោកសមរង្ស៊ីខាងលើ នឹងមិនរារាំងដល់ដំណើរការអនុម័តច្បាប់នៅរដ្ឋសភាទេ។ ការយល់ឃើញរបស់លោកសមរង្ស៊ី គ្រាន់តែជាការយល់សប្តិ និងមិនអាចក្លាយជាការពិតឡើយ។ ផ្ទុយទៅវិញ គណបក្សសមរង្ស៊ី នឹងត្រូវបាត់បង់អាសនៈក្នុងរដ្ឋសភា ប្រសិនបើមានតំណាងរាស្ត្រលាលែង ដូចអ្វីដែលលោក ហ៊ុនសែន បានលើកឡើង កាលពីថ្ងៃច័ន្ទ ទី១៤វិច្ឆិកា ឆ្នាំ២០១១៕
No comments:
Post a Comment
yes