សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 22, 2011

១ឆ្នាំ​នៃឧបទ្ទវហេតុ​ស្លាប់មនុស្ស​នៅកោះពេជ្រ​នៅតែមន្ទិល


រយៈមួយឆ្នាំកន្លងទៅ​ឧបទ្ទវហេតុស្លាប់មនុស្ស​គរលើគ្នា​នៅស្ពានពេជ្រ នៃមជ្ឈមណ្ឌល​កោះពេជ្រ នៅតែ​ជាក្តីមន្ទិល​ពីមូលហេតុនៅឡើយ បើទោះជារដ្ឋាភិបាល បានបង្ហាញ​លទ្ធផល​ស៊ើបអង្កេត​និងបានលុបលាង​នូវភាពបរាជ័យ​តាមរយៈការ​ផ្តល់ជំនួយ​សង្គ្រោះជាប្រាក់​យ៉ាងច្រើន​មិនធ្លាប់មានពីមុនមក ទៅដល់ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏ដោយ​។
មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​ពីម្សិលមិញ​បានចេញផ្សាយ​នូវរបាយការណ៍មួយ​ដែលមានចំណងជើងថា​«សោកនាដកម្ម​នៅលើកោះពេជ្រ៖ រយៈពេលមួយឆ្នាំក្រោយចម្ងល់​នៅតែមាន»​នៅមុនខួប​មួយឆ្នាំ​នៃសោកនាដកម្ម​នៅលើស្ពានពេជ្រ។
របាយការណ៍នោះ​លើកឡើងថា ៖ «របាយការណ៍នេះមានបំណង​ជំរុញឲ្យមានការស៊ើប​អង្កេត​ពេញលេញ​លើសោកនាដកម្មនោះ​»។ របាយការណ៍នោះ​បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា​បានធ្វើការស៊ើបអង្កេត​ទៅលើអ្វីដែល​បានកើតឡើង​នៅលើស្ពានពេជ្រ ប៉ុន្តែ លទ្ធផល​បានបង្ហាញនៅមួយ​សប្តាហ៍ក្រោយគឺ​នៅថ្ងៃទី​២៩ ខែ​វិច្ឆិកា ២០១០ ដែលការរកឃើញនោះ​មានលក្ខណៈ​ស្រពេចស្រពិល ពុំអាចសន្និដ្ឋានបាន។
ក្នុងរបាយការណ៍នេះ CCHR បានធ្វើ​ការសម្ភាសជាមួយមនុស្ស​ជាង១០០នាក់ ដែលប៉ះពាល់ពី ព្រឹត្តិការណ៍នោះ និង​ជនរងគ្រោះ​ដែលជួបហេតុការណ៍នោះផ្ទាល់ គ្រួសារជនរងគ្រោះ និងសាក្សី​ដទៃទៀត​ជាអាទិ៍ មន្ត្រីនគរបាល និង​គ្រូពេទ្យ​តាមមន្ទីរពេទ្យនានា​។
លោក អ៊ូ វីរៈ ប្រធាន CCHR បានថ្លែងពី​ម្សិលមិញថា រដ្ឋាភិបាល​គួរតែបន្ត​ការស្រាវជ្រាវ​ដើម្បីរកពី​មូលហេតុពិតនៃ​សោកនាដកម្ម​ផ្អើលជាន់គ្នានោះ​។
លោកបានបន្តទៀតថា រដ្ឋាភិបាល​ពុំបានដឹង​អំពីការឈឺចាប់​របស់ប្រជាពលរដ្ឋ​កម្ពុជា និង​ពុំបានស្វែងរក​មធ្យោបាយ ដើម្បី​បញ្ចៀស​បញ្ហា​ដដែល​នេះ​មិនឲ្យកើតឡើង​ជាថ្មីម្តងទៀតឡើយ។
លោក ប៉ា សុជាតិវង្ស អភិបាលរង​សាលារាជធានី​ភ្នំពេញ និងជាអនុប្រធាន​គណៈកម្មការ​ពិសេស​ត្រួតពិនិត្យមើល​ការឆ្លើយតបនិង​ការស៊ើបអង្កេត​របស់រដ្ឋាភិបាល​ជុំវិញឧបទ្ទវហេតុ​ផ្អើលរត់ជាន់គ្នានេះ មិនអាច​ទាក់ទង​សុំការបំភ្លឺបានទេ​កាលពីថ្ងៃម្សិលមិញ។
របាយការណ៍ CCHR ក៏ជួនគ្នា នឹងអាជ្ញាធររាជធានី​ភ្នំពេញ​បានអំពាវនាវ​ដល់​ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​ដោយឧបទ្ទវហេតុ​ផ្អើលជាន់គ្នា​នៅលើស្ពានពេជ្រ​ទាំងអស់ឲ្យចូលរួម​ក្នុងពិធីសម្ពោធ​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ពួកគេនាថ្ងៃ​អង្គារនេះ។
សាលារាជធានី​ពីថ្ងៃសុក្រ​បានអំពាវនាវ​ដល់គ្រួសារ​ជនរងគ្រោះ​ដែលស្លាប់ក្នុង​ឧបទ្ទវហេតុ​ផ្អើលជាន់គ្នា​នៅលើស្ពានពេជ្រ​កាលពី​ថ្ងៃទី២២ ខែ​វិច្ឆិកា​ឆ្នាំទៅ ឲ្យចូលរួម​ក្នុងពិធី​សម្ពោធ ដែល​ប្រព្រឹត្តទៅ​នាថ្ងៃអង្គារ​ស្អែកនេះ។
លោកស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការនិង​ជារដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា-ព្រឹទ្ធសភា​នឹង​ចូលរួមជា​អធិបតី​តំណាងឲ្យ​នាយករដ្ឋមន្ត្រី។
កាលពីថ្ងៃទី ២៩ វិច្ឆិកា២០១០ សមត្ថកិច្ច​កម្ពុជា​បានសន្និដ្ឋាន ​ការស៊ើបអង្កេត​របស់ខ្លួនក្នុងឧបទ្ទវ​នៅលើស្ពានពេជ្រថា ពួកគេ​រកឃើញថា ឧបទ្ទវ​ហេតុនេះ​កើតឡើង​ដោយចៃដន្យ។ ក្រុមមន្ត្រី​ថ្លែងថា ឧបទ្ទវហេតុនោះ​បង្កមកពី​មនុស្សច្រើនកកកុញ​ដើរបញ្ច្រាសទិសគ្នា​នៅលើស្ពាននោះ បន្ទាប់មក​រុញច្រានគ្នា ខ្វះខ្យល់​ដកដង្ហើម ហើយខ្លះក៏សន្លប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនាពេលនោះថា ពុំមានមន្ត្រីរដ្ឋាភិបាល​លោកណាម្នាក់​ត្រូវទទួលទណ្ឌកម្ម​ជុំវិញ​សោកនាដកម្មនេះ​ឡើយ ដោយលោកបាន​ហៅឧបទ្ទវហេតុនោះថា​បានកើតឡើង​ដោយចៃដន្យ និង​មិននឹកស្មានដល់។
លោក ហ៊ុន សែន មាន​ប្រសាសន៍ថា៖ ​«កំហុសធំបំផុត​របស់យើង​គឺថា យើងមានការវាយតម្លៃ​ស្ថានការណ៍ខុស។ នេះជាកំហុស​រួមនាំទៅដល់​ឧបទ្ទវ​ហេតុនេះ»​។
អ្នកនៅមានជីវិតម្នាក់​សុំមិនឲ្យចេញឈ្មោះ​មកពី​ខេត្តស្វាយរៀង​ដែលប្អូនស្រីខ្លួនស្លាប់​ក្នុងព្រឹត្តិការណ៍នោះ​បានថ្លែងថា នាងពុំបានដឹង​អំពីពិធី​សម្ពោធ​ចេតិយនាថ្ងៃ​អង្គារ​ស្អែកនោះទេ ប៉ុន្តែបានអះអាងថា នាងពុំទៅចូលរួមទេ ​បើនាងត្រូវបាន​អញ្ជើញក្តី​។
នាងបានពោលថា៖​«ខ្ញុំមិនចង់ឃើញ​មិនចង់ឮ​ពីស្ពានពេជ្រទៀតឡើយ ព្រោះវាអាចធ្វើឲ្យ​ខ្ញុំនឹកឃើញ​ព្រឹត្តិការណ៍​ដ៏អាក្រក់​បំផុត​នៅក្នុងជីវិត​របស់ខ្ញុំ»។ នាងថា ​នាងបានប្រាប់​កូនៗ និង​សាច់ញាតិ​កុំឲ្យទៅទីនោះទៀត៕ 

No comments:

Post a Comment

yes