សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 22, 2011

ដីជាង​៧លាន​ហិកតា​ត្រូវរដ្ឋាភិបាល​ផ្តល់ឲ្យ​ក្រុមហ៊ុនឯកជន

  តាមទិន្នន័យ​តាមដានថ្មីមួយ​របស់អង្គការ​សិទ្ធិមនុស្ស​អាដហុក ដែលចេញផ្សាយ​កាលពីថ្ងៃម្សិលមិញ ​បង្ហាញថា គិតចាប់ពីឆ្នាំ២០០៨ មកដល់​ឆ្នាំ ២០១១ នេះ រដ្ឋាភិបាល​កម្ពុជា បានផ្តល់ដីសម្បទាន​ជាង​៧លានហិកតា ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​ដែលក្នុងនោះ​ជាង​២​លាន​ហិកតា​ទៅឲ្យក្រុមហ៊ុន​ចំនួន​២២២​សម្រាប់​សម្បទាន​សេដ្ឋកិច្ច។ មន្ត្រីអង្គការ​សង្គមស៊ីវិល ព្រួយបារម្ភ ខ្លាចបដិវត្តន៍​ដីធ្លីមួយនឹង​កើតឡើង នៅពេល​ដែលជម្លោះ​ដីធ្លី ដែល​កំពុងតែ​កើតមានក្នុង​ពេលបច្ចុប្បន្ន ​មិនត្រូវបាន​ដោះស្រាយ ហើយ​រដ្ឋាភិបាល ​នៅតែបន្តផ្តល់ដី​សម្បទានសេដ្ឋកិច្ច​បន្ថែមទៀត ទៅឲ្យក្រុមហ៊ុន​ឯកជន។
លោក អ៊ូច ឡេង ប្រធាន​កម្មវិធី​ដីធ្លី នៃ​អង្គការសិទ្ធិមនុស្ស​អាដហុក បានថ្លែងថា យោងតាម​ទិន្នន័យ បានមកពី​ក្រសួងកសិកម្ម និងអនុក្រឹត្យ របស់រដ្ឋាភិបាល បានឲ្យដឹងថា ពីឆ្នាំ ២០០៨ ដល់ ២០១១ រដ្ឋាភិបាល​កម្ពុជា បានផ្តល់ដីប្រមាណ ២ ១៥៣ ៤០៨ ហិកតា​ ក្នុងចំណោមដី​សរុប ១៧ ៦៥១ ៥០០ ហិកតា​ ធ្វើជាដីសម្បទាន​សេដ្ឋកិច្ច ដល់ក្រុមហ៊ុន​ឯកជន ចំនួន ២២២។ លោកបានគូសបញ្ជាក់ថា៖​«យើងសរុបតែដី​សម្បទាន​សេដ្ឋកិច្ច​ប៉ុណ្ណោះ។ បើយើង​សរុបដីសម្បទាន​ទាំងអស់ ដូចជា​ សម្បទាន​ព្រៃឈើ និង​សម្បទានរ៉ែ​ជាដើម រដ្ឋាភិបាល បានផ្តល់ដីប្រមាណ ៧ ០២១ ៧៧១ ហិកតា»។
លោក​អ៊ូច ឡេង បានបន្ថែមទៀតថា រដ្ឋាភិបាល​កម្ពុជា បានផ្តល់ដី​សម្បទាន​សេដ្ឋកិច្ច ប្រមាណ ២ ១៥៣ ៤០៨ ហិកតា សម្បទាន​ព្រៃឈើ ប្រមាណ ៣ ៤០០ ០០០ ហិកតា និង​សម្បទានរ៉ែ ១ ៤៦៨ ៣៦៣ ហិកតា ហើយប៉ះពាល់​ដល់តំបន់ការពារ​ធម្មជាតិ និង​ឧទ្យានជាតិ និង​ដីព្រៃ​ការពារ​លើផ្ទៃដី ១ ១០១ ០៨០ ហិកតា​។
លោកបាន​បន្តថា យោងតាមទិន្នន័យពី​ក្រសួងកសិកម្ម ដែលចេញផ្សាយ នៅក្នុងឆ្នាំ ២០១១ នេះ បានឲ្យដឹងថា រដ្ឋាភិបាល​បានផ្តល់ដី​សម្បទាន​ប្រមាណ ៩៥៦ ៦៩០ ហិកតា ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន៨៥ ហើយក្នុងអនុក្រឹត្យ​របស់រដ្ឋាភិបាល​ក្នុងឆ្នាំ២០០៨ រដ្ឋាភិបាល ​បានផ្តល់ដី ២០០៤៦៥ ហិកតា ដល់ក្រុមហ៊ុន​ចំនួន ២៣ ក្នុងឆ្នាំ ២០០៩ មានក្រុមហ៊ុន២៣ លើផ្ទៃដី ១០៩ ៨៤៤ ហិកតា ឆ្នាំ ២០១០ មានក្រុមហ៊ុន ២២ លើផ្ទៃដី ១២៣ ៣២២ ហិកតា និង​ក្នុងឆ្នាំ ២០១១ នេះ មានក្រុមហ៊ុន ៦៩ លើផ្ទៃដី ៧៦៣ ០៨៧ ហិកតា។ លោកលើកឡើង​បែបនេះថា៖ ​«​ក្នុងឆ្នាំ ២០១១ រដ្ឋាភិបាល បានផ្តល់ដីក្នុង​តំបន់ការពារ​ធម្មជាតិច្រើនជាង​ឆ្នាំមុនៗ ហើយ​បច្ចុប្បន្ន យើងនៅសល់​ដីទំនេរ​ប្រមាណ ៣៨៦ ២៩៤ ហិកតា និង​ដីព្រៃប្រមាណ ៦៦៤ ៦២៤ ហិកតា។ ដីរបស់យើង​ជិតអស់ហើយ។ រដ្ឋាភិបាល គួរតែ​បញ្ឈប់ការផ្តល់ដីសម្បទាន​សេដ្ឋកិច្ច​ឲ្យទៅ​ក្រុមហ៊ុន​ឯកជន​ទៀតទៅ»។
លោក​អ៊ូច ឡេង បានបន្តថា បើរដ្ឋាភិបាល​ ពុំបញ្ឈប់ការផ្តល់ដីសម្បទាន​សេដ្ឋកិច្ចទេ រដ្ឋាភិបាល ​ពុំអាចនឹង​ស្វែងរកដំណោះស្រាយ​បញ្ចប់បញ្ហាវិវាទ​ដីធ្លី បានឡើយ ហើយ​បដិវត្តន៍វិវាទដីធ្លី​ នឹង​កើតឡើង។ លោកបានគូសបញ្ជាក់ថា៖​«បើរដ្ឋាភិបាល ពុំស្វែងរក​ដំណោះស្រាយ ឲ្យបានទាន់ពេល​វេលាទេ ករណីធ្ងន់ធ្ងរ នឹងកើតឡើង​នៅថ្ងៃអនាគតនេះ»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា បានថ្លែងថា វាគួរឲ្យ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ដែលរដ្ឋាភិបាល បានផ្តល់ដី​សម្បទាន​យ៉ាងច្រើន​សម្បើម ទៅឲ្យក្រុមហ៊ុនឯកជន ហើយបញ្ហានេះ បណ្តាលឲ្យប៉ះពាល់​ដល់ប្រជាពលរដ្ឋជាច្រើននាក់ ហើយ​សូម្បីតែបងប្អូន​ជនជាតិដើមភាគតិច ក៏ជួប​ប្រទះ​នឹងការបាត់បង់ដីចម្ការ​ប្រពៃណី​របស់ពួកគេផងដែរ។ លោកបាន​មានប្រសាសន៍ថា៖​ «វាមិនគ្រាន់តែ​ប៉ះពាល់ដល់​មនុស្សប៉ុណ្ណោះទេ សូម្បីតែ​ព្រៃឈើយើង ក៏ត្រូវបាន​បំផ្លិចបំផ្លាញ​ដែរ»។
លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ បានថ្លែងថា ក្រុមហ៊ុនឯកជន​ទាំងអស់ ពេញនិយម​ដាំដើម​កៅស៊ូ ដោយពុំបានគិតគូរ​ អំពីការវិនាសហិនហោច​នៃធនធានធម្មជាតិ ដោយពួកគេ​គិតតែពី​ផលប្រយោជន៍ផ្ទាល់ខ្លួន​របស់ពួកគេ​ប៉ុណ្ណោះ​។ លោកបាន​លើកឡើងថា៖ «ផលប៉ះពាល់​ធ្ងន់ធ្ងរ គឺធ្លាក់ទៅលើ​ប្រជាពលរដ្ឋ​របស់យើង​ដែល៨០ ភាគរយ រស់នៅ​អាស្រ័យលើ​ការធ្វើស្រែ​ធ្វើចម្ការ​»។
លោក ច័ន្ទ តុងអ៊ីវ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម បានថ្លែងថា លោកពុំបានដឹង​ច្បាស់ទេ អំពី​បញ្ហារដ្ឋាភិបាល ​ផ្តល់ដីសម្បទាន​សេដ្ឋកិច្ច ​ទៅឲ្យក្រុមហ៊ុន​ឯកជន ដោយ​លោកបានបង្វែរ​ឲ្យទៅសួរ​លោក អ៊ិត ណូឌី វិញ ព្រោះលោក អ៊ិត ណូឌី ​មានទិន្នន័យ​ច្បាស់លាស់​ អំពីដីសម្បទាន។ ប៉ុន្តែយ៉ាងណា​ក៏ដោយ លោក​បានគូសបញ្ជាក់ថា៖​ «ខ្ញុំគិតថា របាយការណ៍នោះ​ ពុំពិតឡើយ...​យើងពុំមានដីសម្បទាន​ច្រើន ដូចត្រូវបាន​រាយការណ៍នោះទេ»។
លោក អ៊ិត ណូឌី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ បានបដិសេធ​មិនព្រមធ្វើអធិប្បាយឡើយ ដោយគ្រាន់តែ​អះអាងថា លោកស្ថិតនៅក្នុង​ខេត្តកំពង់ធំ៕


ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes