Tuesday, December 27, 2011
រុះរើ«ស្ពានពេជ្រ»ជីកកប់សោកនាដកម្មនាឆ្នាំ2009
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគទីក្រុងកោះពេជ្រ (OCIC) បានចាប់ផ្តើមធ្វើការរុះរើស្ពានពេជ្រ ដែលទើបស្ថាបនារួចប្រមាណជិត២ឆ្នាំ ហើយជួបឧបទ្ទវហេតុជាន់គ្នាស្លាប់ អស់ជាង៣០០នាក់ កាលពីមួយឆ្នាំកន្លងទៅ ដើម្បីយកទៅដាក់នៅទីតាំងផ្សេងឆ្លងទៅកាន់ទីក្រុងកោះពេជ្រដូចគ្នា ។ ពុំមានមន្ត្រីផ្លូវការណាម្នាក់អះអាងពីហេតុផលដែលនាំឱ្យមានការរុះរើស្ពានពេជ្រចេញពីទីតាំងចាស់ឱ្យច្បាស់លាស់នោះទេ ហើយការងារនេះធ្វើឡើង ដោយស្ងាត់ៗ ពុំមានការជូនដំណឹងជាមុនឡើយ ទាល់តែឃើញការដ្ឋានរុះរើស្ពានតែម្តងទើបមហាជនបានដឹង ។
ស្ពានពេជ្រដែលរុះរើចេញនេះអាចចាត់ទុកថា ជាស្ពានមរណៈ ព្រោះមានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតចំនួន៣៥៣នាក់ ក្នុងឧបទ្ទវហេតុជាន់គ្នា កាលពីខែវិច្ឆិកា ឆ្នាំ២០១០ នៅយប់ថ្ងៃទី៣នៃពិធីបុណ្យអុំទូក ។ ភាពសោកសៅ និងក្តុកក្តួលនៅតែកើតមានសម្រាប់ក្រុមគ្រួសារជនរងគ្រោះព្រោះនៅពេលដែលមានការនិយាយពីស្ពាពេជ្រគឺពួកគាត់នៅតែស្រមៃនឹកឃើញ ពីភាពរន្ធត់នឹកស្មានមិនដល់ ។ ទោះជាយ៉ាងណាមកដល់សព្វថ្ងៃនេះ ក៏មានអ្នកខ្លះហាក់ដូចជាមិនបាននឹកគិតទៅដល់រឿងរ៉ាវដែលកន្លងផុតនោះ ទៀតទេ ហើយដោយសារនៅទីនោះមិនគ្រាន់តែជាកន្លែងសប្បាយភាពយ៉ាងប្រណីតនោះទេ គឺមានមនុស្សម្នារាប់ពាន់រាប់ម៉ឺននាក់ទៅកម្សាន្តរាល់ថ្ងៃផង ធ្វើឱ្យការសប្បាយរលុបបាត់នូវព្រឹត្តិការណ៍នោះ ។
មានហេតុផលមួយយ៉ាងសមរម្យដែលលើកឡើងដោយមន្ត្រីសាលារាជធានីភ្នំពេញមួយរូបថា ការរុះរើស្ពានដែក និងខ្សែកាប (ស្ពានពេជ្រ) នេះចេញ គឺម្យ៉ាងដើម្បីកាត់បន្ថយភាពសោកសៅរបស់ក្រុមគ្រួសារជនរងគ្រោះ ម្យ៉ាងស្តូបសម្រាប់រំលឹកវិញ្ញាណក្ខន្ធមានហើយ ហើយស្ពាននេះក៏បិទមិនឱ្យធ្វើចរាចរណ៍ទៀតដែរ ។ ជាពិសេសទៅទៀតនោះ ស្ពានពេជ្រជាប់នឹងផ្លូវសប៊ិតត្រើយខាងលិច ពេលចរាចរណ៍ច្រើនចុះពីលើស្ពានបត់ទៅផ្លូវសប៊ិត ឬផ្លូវភ្លោះសួនលោក ហ៊ុន សែន គឺបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ខ្លាំង ណាមួយស្ពាននាគភ្លោះស្របតាមផ្លូវអមសួនលោក ហ៊ុន សែន យ៉ាងធំល្វឹងល្វើយ ក៏មាន និងអាចជំនួសស្ពាននេះបាន ៕
កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes