សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 21, 2011

ពលករ​ខ្លះ​កើត​ជំងឺ​សរសៃប្រសាទ​​ក្រោយ​​ត្រឡប់​ពី​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស

 ដោយសារ​ភាព​ក្រីក្រ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​គ្រួសារ​បាន​បញ្ជូន​កូន​ចៅ​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ក្រៅ ជា​ពិសេស​គឺ​ប្រទេស​ម៉ាឡេស៊ី ក្នុង​បំណង​រក​ប្រាក់​ជួយ​គ្រួសារ​ក្នុង​ការ​រំដោះ​ភាព​ក្រីក្រ។


 មាន​គ្រួសារ​ខ្លះ​ក៏​បាន​សម្រេច​ដូច​បំណង​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​មក​ជួយ​ស្ដារ​ជីវភាព​គ្រួសារ ប៉ុន្តែ​ក៏​មាន​គ្រួសារ​ជា​ច្រើន​កំពុង​ខក​បំណង​ដោយ​កូន​ពួកគាត់​ត្រូវ​រង​ទុក្ខ​វេទនា។ ខ្លះ​បាន​បាត់បង់​ជីវិត ខ្លះ​បាត់​ដំណឹង​មិន​ដឹង​ជា​ស្លាប់ ឬ​រស់​យ៉ាង​ណា និង​ខ្លះ​ទៀត​កំពុង​ធ្លាក់​ខ្លួន​ឈឺ​បង្ក​ជា​ក្ដី​កង្វល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​គ្រួសារ។
ពលការិនី​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ជា​ច្រើន​នាក់​កើត​ជំងឺ​សរសៃប្រសាទ (ឡប់សតិ) ក្រោយ​ពី​ ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ។ គ្រួសារ​ពួកគេ​ទាំងនោះ​កំពុង​មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ នេះ និង​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ជួយ​ពួកគាត់។
ស្ត្រី​វ័យ ៤៧​ឆ្នាំ ឈ្មោះ ជា មៀត ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃស្វាយ ឃុំ​បឹងខ្នារ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។ អ្នកស្រី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ថា កូន​ស្រី​គាត់​ឈ្មោះ រាជ សារុំ អាយុ ២៧​ឆ្នាំ ជា​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុមហ៊ុន អ៊ឹង រិទ្ធីហ្គ្រុប ហើយ​ទើប​តែ​ត្រឡប់​មក​វិញ​បាន​ជាង ២​ខែ។ 
អ្នកស្រី​បន្ត​ថា ថ្ងៃ​មក​ដល់​ដំបូង​គាត់​សង្កេត​ឃើញ​កូនស្រី​គាត់​មាន​អាការៈ​មិន​ប្រក្រតី​ខ្លះៗ​ហើយ ស្រាប់​តែ​ប្រមាណ​ជា​ ៤ ឬ​ ៥ ថ្ងៃ​បន្ទាប់​មក កូន​គាត់​និយាយ​លែង​ដឹង​ខុស​ត្រូវ​ហើយ​ដើរ​ចេះ​តែ​ដួល។ រហូត​មក​ដល់​ថ្ងៃនេះ​គាត់​បាន​ចំណាយ​អស់​ប្រាក់​ជា​ច្រើន​មើល​កូន តែ​មិន​ឃើញ​មាន​ការ​ធូរស្បើយ​សោះ៖ «ខ្ញុំ​មិន​ចង់​បាន​អី​ទេ ធ្វើ​ម៉េច​ឲ្យ​តែ​កូន​ខ្ញុំ​បាន​ជា​ដូច​ដើម ខ្ញុំ​អស់​ចិត្ត​ហើយ។ មួយ​យប់ៗ​វា​អត់​ដេក​ទេ​ វា​និយាយ​តែ​រហូត។ អស់​មិន​ចេះ​តិច​ ខ្ញុំ​យក​វា​ទៅ​ថត​ទៀត។ កូន​ពេល​ទៅ​វា​ជា​ ដល់​តែ​មក​វិញ​លែង​ដឹង​ចាន​ដឹង​ឆ្នាំង​តែម្ដង។ ពេល​វា​ត្រូវ​ឈឺ គឺ​វា​ឈឺ​ក្បាល​ខ្លាំង​តែ​ម្ដង មិន​ដឹង​មក​ពី​ហេតុ​អី»
ស្រដៀង​គ្នា​នេះ​ដែរ ស្ត្រី​ឈ្មោះ ម៉ៅ ខុន​ អាយុ ៤៤​ឆ្នាំ ប្រជាពលរដ្ឋ​នៅ​ភូមិ​អញ្ចាញ ឃុំ​ក្រាំងស្គារ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​ កូន​ស្រី​គាត់​ឈ្មោះ វង្ស សុខន អាយុ​ ១៩​ឆ្នាំ  ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុមហ៊ុន ធី អែន ភី (T&P)។ គាត់​ថា ពេល​កូន​គាត់​ទើប​ត្រឡប់​មក​វិញ​វា​កើត​ជំងឺ​ឡប់សតិ​ធ្ងន់ធ្ងរ។ គាត់​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី អស់​ប្រាក់​ជា​ច្រើន​តែ​ជំងឺ​នេះ​មិន​ជា​ដាច់​សោះ។ 
អ្នកស្រី​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​គាត់​ដោយ​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ព្យាបាល​ជំងឺ​កូន​គាត់​ឲ្យ​ជា​ដូច​ដើម​វិញ៖ «ពេល​វា​មក​ដល់​ភ្លាម​វា​រាង​ភ្លេចៗ​ដែរ តែ​វា​នៅ​ស្គាល់​ឪ​ម៉ែ ដល់​បួន​ប្រាំ​ថ្ងៃ​ក្រោយ​មក​វា​លែង​ដឹង​អី​ ទាំងអស់។ ដើរ​ចេះ​តែ​ដួល ហើយ​ឲ្យ​តែ​ឃើញ​ម៉ូតូ​ឡាន ចង់​តែ​រត់​ចូល​ទៅ​រក។ មួយ​ថ្ងៃៗ​រវល់​តែ​រត់​តាម​ចាប់​វា»
ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត គឺ​ពល​ការិនី​ ឈ្មោះ ងឹម អៀប អាយុ ៣១​ឆ្នាំ នៅ​ភូមិ​ស្តុកឃ្លោក ឃុំ​អូរតាប៉ោង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។ ពលការិនី​រូប​នេះ​បន្ទាប់​ពី​ត្រឡប់​មក​ដល់​ផ្ទះ​បាន​ប៉ុន្មាន​ថ្ងៃ ក៏​មាន​អាការៈ​ទន់​ដៃ​ទន់​ជើង​ងើប​ដើរ​លែង​រួច និង​និយាយ​មិន​ចេញ ពោល​គឺ​គ​តែម្ដង។ 
អ្នកស្រី ងឹម ច្រឹម​ ជា​ម្ដាយ​របស់​ពល​ការិនី ឈ្មោះ ងឹម អៀប រៀបរាប់​ទាំង​ទឹក​ភ្នែក​ថា កូន​គាត់​ពេល​ទៅ​មាន​សុខភាព​មាំទាំ​ល្អ ស្រាប់​តែ​ត្រឡប់​មក​វិញ​ក្លាយ​ជា​មនុស្ស​ពិការ​ទៅ​វិញ៖ «ខ្ញុំ​ចង់​ឲ្យ​ក្រុមហ៊ុន និង​អាជ្ញាធរ​ជួយ​កូន​ខ្ញុំ​ឲ្យ​បាន​ជា​ដូច​កាល​ពី​វា​ទើប​តែ​ទៅ។ កាល​ទៅ​កូន​ខ្ញុំ​ល្អ​ជា ដល់​មក​វិញ​ឈឺ​ដើរ​មិន​រួច​អ៊ីចឹង ខ្ញុំ​តូច​ចិត្ត​ណាស់។ សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់ រាជរដ្ឋាភិបាល ជួយ​គ្រួសារ​ខ្ញុំ​ផង»
ប្រភព​ពី​អាជ្ញាធរ​ភូមិ ឃុំ បាន​ឲ្យ​ដឹង​ថា មាន​ពលការិនី​ដែល​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ជា​ច្រើន​នាក់​ផ្សេង​ទៀត​កំពុង​មាន​ជំងឺ​ប្រហាក់​ប្រហែល​គ្នា​នឹង​ពល​ការិនី​ដែល​បាន​រៀប​រាប់​ខាង​លើ​ នេះ​ដែរ។ 
អ្នកស្រី ពុង ឈីវកេក ជា​ប្រធាន​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។ អ្នកស្រី​មាន​ប្រសាសន៍​ថា តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ បង្ហាញ​ថា ពលការិនី​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​ជា​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី មួយ​ចំនួន​បាន​រង​ការ​ធ្វើ​បាប​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ពី​សំណាក់​ម្ចាស់​ផ្ទះ ដែល​ពួកគេ​ធ្វើ​ការ​ទើប​បណ្ដាល​ឲ្យ​ពួកគេ​កើត​ជំងឺ​ផ្លូវ​ចិត្ត​បែប​នេះ។ 
អ្នកស្រី​បន្ត​ថា​ អង្គការ​លីកាដូ កំពុង​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់ និង​ជួយ​កែលំអ​បញ្ហា​នេះ៖ «យើង​សំណូមពរ​យ៉ាង​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​ដាក់​គំនាប​ទៅ​លើ​ក្រុមហ៊ុន​ខ្មែរ​ដែល​មិន​គោរព​ច្បាប់។ មួយ​វិញ​ទៀត​គឺ​យើង​សហការ​ជាមួយ​អង្គការ​ដែល​ជា​ដៃគូ​នៅ​ឯ​ប្រទេស​ដែល​ទទួល​ពលករ​ឲ្យ​ធ្វើ​ការ​ជា​ជំនួយ​ការ​មេផ្ទះ ជួយ​ធ្វើ​ការ​តស៊ូ​មតិ​ឲ្យ​ប្រទេស​នោះ​បង្កើត​ច្បាប់​ការពារ​ពួកគេ»
ពុំ​មាន​អាជ្ញាធរ​ថ្នាក់​ណា​មួយ ឬ​អាជ្ញាធរ​ជំនាញ​ណា​មួយ​ធ្វើ​ការ​អះអាង​ថា នឹង​ជួយ​ដោះស្រាយ ឬ​ជួយ​ស្រាវជ្រាវ​រក​ហេតុ​ផល​ដែល​បណ្ដាល​ឲ្យ​ពលការិនី​ជា​ច្រើន​នាក់​ដែល​ត្រឡប់​មក​ពី​ធ្វើ​ការ​ជា​ជំនួយ​ការ​មេផ្ទះ​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី ហើយ​ទទួល​រង​ផលវិបាក​ដោយសារ​ជំងឺ​បែប​នេះ​ឡើយ។
លោក តេង ហុកលី ជា​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ផ្លូវ​ចិត្ត​នៃ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់។ លោក​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​មាន​ពល​ការិនី​ជា​ច្រើន​ដែល​វិល​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​មក​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​នៅ​ផ្នែក​ជំងឺ​ផ្លូវ​ចិត្ត​នៃ​មន្ទីរពេទ្យ​ខេត្ត។ លោក​វេជ្ជបណ្ឌិត​ពន្យល់​អំពី​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត​នេះ​ថា កើត​ឡើង​ដោយ​សារ​កត្តា ៣​យ៉ាង គឺ​កត្តា​ជីវសាស្ត្រ កត្តា​ចិត្តសាស្ត្រ និង​កត្តា​សង្គម។ 
លោក​វេជ្ជបណ្ឌិត​បន្ត​ថា តាម​ការ​សាកសួរ​ពលការិនី​ដែល​វិល​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​កើត​ជំងឺ​នេះ គឺ​បណ្ដាល​មក​ពី​កត្តា ២​យ៉ាង គឺ​កត្តា​ចិត្តសាស្ត្រ និង​កត្តា​សង្គម៖«ពលករ​ទាំង​នោះ​អាច​ត្រូវ​គេ​ធ្វើ​បាប​ដោយ​ការ​វាយ​ដំ ការ​ចាប់​រំលោភ​ ឬ​ការ​ឲ្យ​ប្រើ​ថ្នាំ​ឲ្យ​មាន​កម្លាំង​​ធ្វើ​ការ​ឲ្យ​គេ ដូច​ជា​ប្រភេទ​អំហ្វេតាមីន ដែល​ប្រើ​យូរៗ​ទៅ​វា​ធ្វើ​ឲ្យ​មនុស្ស​អាច​ឆ្កួត»
ពុំ​មាន​ស្ថិតិ​ពិត​ប្រាកដ​ពី​ចំនួន​ពល​ការិនី​ដែល​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី ហើយ​កើត​ជំងឺ​សរសៃ​ប្រសាទ​នេះ​ទេ។
យ៉ាង​នេះ​ក្ដី ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា គឺ​លោក អន ប៊ុនហាក់។ លោក​បាន​អះអាង​ថា ចំពោះ​ពល​ការិនី​ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ស្រប​ច្បាប់ ហើយ​ទទួល​រង​នូវ​ជំងឺ​សរសៃប្រសាទ​នេះ​សមាគម​នឹង​ជួយ​ដោះស្រាយ​ដោយ​ធ្វើ​ការ​ព្យាបាល​ជូន​រហូត​ដល់​ជា​សះ​ស្បើយ៖«យើង​នឹង​ជួយ​ព្យាបាល​គាត់​ឲ្យ​ទាល់​តែ​ជា​ណា៎​បង។ អត់​អី​ទេ បើ​ព្យាបាល​ទាន់​ពេល​វេលា​តែ​មួយ​ខែ​ហ្នឹង​ពួកគាត់​ជា​ហើយ»
ទោះបី​ជា​មាន​ដំណោះ​ស្រាយ​យ៉ាង​នេះ​ក្ដី គ្រួសារ​ពលការិនី​ជា​ច្រើន​ដែល​មាន​កូន​ចៅ ឬ​សាច់ញាតិ​​កំពុង​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​កូន​ចៅ​ ឬ​សាច់ញាតិ​ពួក​គាត់។ ពួកគាត់​បាន​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​នេះ ដោយ​អន្តរាគមន៍​ជា​បន្ទាន់​ទៅ​បណ្ដា​ក្រុមហ៊ុន​ដែល​នាំ​ពល​ការិនី​ចេញ​ទៅ​ធ្វើ​ការ​នោះ តាម​ជួយ​មើល​សុខទុក្ខ​ពលការិនី​ដែល​កំពុង​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ចៀសវាង​ត្រឡប់​មក​វិញ​កើត​មាន​បញ្ហា​ដូច​ពលការិនី​ដែល​បាន​ពោល​ខាង​លើ៕



អាស៊ីសេរី

No comments:

Post a Comment

yes