Tuesday, December 13, 2011
កម្មករកម្មការិនីរោងចក្រកាត់ដេរប្រមាណ៥០នាក់លើកបដាសុំកិច្ចអន្តរាគមន៍ពីអភិបាលរាជធានី
កម្មករកម្មការិនីប្រមាណ៥០នាក់ក្នុងចំណោមកម្មករសរុប៥៣០នាក់បំរើការនៅក្នុងរោងចក្រកាត់ ដេរផ្លេកថាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤សង្កាត់កំបូល ខណ្ឌដង្កោបាននាំគ្នាជិះរថយន្តកូរ៉េមកដល់មុខសាលារាជធានីភ្នំពេញកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០១១ដើម្បីសុំការជួយអន្តរាគមន៍ពីលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញក្រោយពីលោកថៅកែរោងចក្រជនជាតិហុងកុងបានបញ្ឈប់ការងារប្រធានសហជីពរោងចក្រហើយរហូតដល់បញ្ឈប់កម្មករមិនអោយបំរើការងាររហូត១៣៦នាក់ដោយគ្មានការឧបត្ថម្ភប្រាក់សមស្របតាមផ្លូវច្បាប់ការងារនោះទេ។
លោក ខេង ភារុណ អគ្គលេខាធិកាសហព័ន្ធសហជីពស្មារតីកម្មករខ្មែរបានអោយដឹងថាកម្មករកម្មការិនីរោងចក្រកាត់ដេរផ្លេកថាមបាននាំគ្នាធ្វើកូដកម្មអហិង្សាតាំងពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១១ មកម្ល៉េះគឺបន្ទាប់ពីលោកថៅកែរោងចក្រនោះបានបញ្ឈប់លោក មុំ ថុក ប្រធានសហជីពប្រចាំរោង ចក្រពីការងារដោយគ្មានមូលហេតុនៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១១ហើយបន្តធ្វើកូដកម្មរហូតដល់ថ្ងៃនេះប៉ុន្តែនៅពុំទាន់មានដំណោះស្រាយនៅឡើយ។
លោក ខេង ភារុណ បន្តថាថ្មីៗនេះលោកបានស្វះស្វែងរកការជួយអន្តរាគមន៍ពីលោករដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច សាលាដំបូងរាជធានីភ្នំពេញ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងក្រសួងការងារប៉ុន្តែពុំទាន់ទទួលបានលទ្ធផលនៅឡើយ។ហេតុដូច្នេះហើយទើបក្រុមកម្មករកម្មការិនីនាំគ្នាមកដល់មុខសាលារាជធានីភ្នំពេញដើម្បីសុំការអន្តរាគមន៍ពីលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ។
ក្នុងការមកតវ៉ានៅមុខសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១១នេះតំណាងកម្មករចំនួន៥រូបបានអនុញ្ញាតិចូលជួបជាមួយលោក ហុក ភួលីម នាយករងទីចាត់ការច្បាប់សាលារាជធានីភ្នំពេញដើម្បីស្ដាប់នូវគោលបំណងរបស់តំណាងកម្មករហើយកលោក ហុក ភួលីម បញ្ជាក់ថាលោកនិងនាំយកសំណូមពររបស់កម្មករជម្រាបជូនលោកអភិបាលរាជធានីហើយនាពេលខាងមុខនេះនិងធ្វើការកំណត់ពេលវេលាមួយអញ្ជើញភាគីពាក់ព័ន្ធមកជួបធ្វើការដោះស្រាយគ្នារកដំណោះស្រាយ។ចំណែកកម្មករក្នុងព្រឹកថ្ងៃដដែលនោះក៏បាននាំគ្នាត្រឡប់ទៅវិញតាមសំរួល៕
គម្ពុជាថ្មី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes