ដោយ : រិទ្ធិសក្ដិ (ថ្ងៃទី 17 ធ្នូ 2011,05:08:PM)
ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប. បើកសវនាការដោះស្រាយបណ្តឹងរបស់គណបក្សសមរង្ស៊ី ដែលបានប្តឹងលុបឈ្មោះចេញបញ្ជីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ឆ្នាំ២០១២ ចំណុះមណ្ឌលភូមិភាគ៤ (ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងប៉ៃលិន) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១ នាដើមសប្តាហ៍ក្រោយនេះ នៅទីស្តីការ គ.ជ.ប.។
ការបើកសវនាការនេះ គឺបន្ទាប់ពីគណបក្សសមរង្ស៊ី បានដាក់ពាក្យបណ្តឹងប្តឹងទៅ គ.ជ.ប. កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១ ស្នើអោយលុបឈ្មោះចេញបញ្ជីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ឆ្នាំ២០១២ ចំណុះមណ្ឌលភូមិភាគ៤។
លោក គួយ ប៊ុនរឿន អ្នកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ី បានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី១៧ ខែធ្នូ ថា ឈ្មោះអ្នកដែលគណបក្សសមរង្ស៊ីស្នើអោយ គ.ជ.ប. លុបចេញពីបញ្ជី មានចំនួន ៤នាក់ ១. ឈ្មោះ សោម ម៉ៅ គណបក្សលុបឈ្មោះចេញពីបញ្ជីគណបក្ស។ ២. ឈ្មោះ ហ៊ឹង រ៉ុង ត្រូវបានប្រាសចាកសមាជិកភាព ដោយសារគណបក្សបញ្ឈប់ចេញពីបញ្ជីគណបក្ស។ ៣. ឈ្មោះ ញឹក ប៊ុនសែ ប្រាសចាកសមាជិកភាពពីក្រុមប្រឹក្សាឃុំ ដោយសារតែគាត់ដាក់ពាក្យលាលែងពីមុខតំណែង និងទី៤. ឈ្មោះ ពិន គឹមស្រ៊ាន ប្រាសចាកសមាជិកភាពដោយសារតែទទួលមរណភាព ដោយអ្នកទាំង៤ នៅខេត្តបាត់ដំបង។
លោក គួយ ប៊ុនរឿន បានបញ្ជាក់ថា ការស្នើលុបឈ្មោះនេះ តាមច្បាប់ស្តីពីការការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ (មាត្រា១៦) អ្នកទាំង ៤នាក់នេះ បានប្រាសចាកចេញពីសមាជិកក្រុមប្រឹក្សាហើយ ហើយក្នុងនោះដែរក៏មានការបំពេញបែបបទ នៃការផ្លាស់ប្តូរដែលមានការទទួលស្គាល់ពីមេឃុំ ហើយនិងអភិបាលខេត្ត ដើម្បីសុំធ្វើការផ្លាស់ប្តូរអ្នកទាំងនេះចេញ។ ប៉ុន្តែទោះបីជាការផ្លាស់ប្តូរមានលិខិតយ៉ាងក៏ដោយ ក៏បញ្ជីឈ្មោះអ្នកបោះឆ្នោត នៅមានឈ្មោះពួកគាត់ដដែល។
តាមផ្លូវច្បាប់ការដែលប្រាសចាកសមាជិកភាពហើយ អ្នកទាំង ៤នាក់នេះ មិនត្រូវមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតទេ ដូចដែល គ.ជ.ប. បានអនុវត្តចំពោះអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ទាំង ៣រូប ដែលបានប្រាសចាកសមាជិកភាព ដែលដូចគ្នានឹងក្រុមប្រឹក្សាឃុំទាំង ៤នាក់ គឺត្រូវបាន គ.ជ.ប. លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដែរ។ ដូច្នេះបានជាគណបក្សសមរង្ស៊ី សុំឲ្យ គ.ជ.ប. អនុវត្តគោលការណ៍រួមតែមួយ ដោយសារអ្នកតំណាង និងក្រុមប្រឹក្សាឃុំ គឺជាអង្គបោះឆ្នោតដូចគ្នា។
លោក គួយ ប៊ុនរឿន បានលើកឡើងថា ដោយសារតែអ្នកតំណាងរាស្ត្រទាំង ៣រូប (កែ សុវណ្ណរតន៍, ថាក់ ឡានី, នុត រំដួល) បានលាលែងចេញពីតួនាទីតំណាងរាស្ត្រហើយ បានន័យថា គាត់ប្រាសចាកពីសមាជិករដ្ឋសភាហើយ ដូច្នេះ គ.ជ.ប. បានលុបឈ្មោះអ្នកតំណាងរាស្ត្រទាំង ៣រូបចេញ គឺមិនអនុញ្ញាតអោយមានសិទ្ធិបោះឆ្នោតទេ ទោះបីជាឈរឈ្មោះក៏ដោយ។ ដូច្នេះក្រុមប្រឹក្សាឃុំគណបក្សសមរង្ស៊ី ទាំង ៤នាក់ ដែលប្រាសចាកសមាជិកភាពក្រុមប្រឹក្សាឃុំដែរនោះ ក៏មិនត្រូវមានសិទ្ធិបោះឆ្នោតដែរ គឺដូចអ្នកតំណាងរាស្ត្រទាំង ៣រូប ដែល គ.ជ.ប. បានលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតដែរ។
ចំណែកលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលជាច្រើនដង តែមិនមានអ្នកទទួល។
សូមជម្រាបថា ចំនួនអាសនៈព្រឹទ្ធសភាតាមមណ្ឌលភូមិភាគទាំង៨ សម្រាប់ការជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ខាងមុខ ចំនួនអាសនៈនៃព្រឹទ្ធសភា ដែលត្រូវបោះឆ្នោតជ្រើសតាំង មានចំនួន ៥៧ ក្នុងចំណោមអាសនៈព្រឹទ្ធសភាសរុប ៦១ ។ ក្នុងនោះ ២ អាសនៈ ត្រូវតែងតាំងដោយរដ្ឋសភា និង ២ អាសនៈទៀតត្រូវតែងតាំងដោយព្រះមហាក្សត្រ។
ចំនួនអាសនៈ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា មាន ៨ ភូមិភាគ រួមមាន៖
-ភូមិភាគីទី១ រាជធានីភ្នំពេញមាន ៦ អាសនៈ
-ភូមិភាគទី២ ខេត្តកំពង់ចាម មាន ៨ អាសនៈ
-ភូមិភាគទី៣ ខេត្តកណ្តាល មាន ៥ អាសនៈ
-ភូមិទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងប៉ៃលិន មាន ១០ អាសនៈ
-ភូមិភាគទី៥ ខេត្តតាកែវ កំពត និងក្រុងកែប មាន ៧ អាសនៈ
-ភូមិភាគទី៦ ខេត្តព្រៃវែង និងស្វាយរៀង មាន ៧ អាសនៈ
-ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងព្រះសីហនុ មាន ៨ អាសនៈ
-ភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី មាន៦ អាសនៈ៕
CEN
No comments:
Post a Comment
yes