ប៉ូលិសខេត្តបាត់ដំបង បានចាប់ឃាត់ខ្លួនអ្នកភូមិពីរនាក់ ពីបទរារាំងសកម្មភាពគ្រឿងចក្រមិនឲ្យឈូសឆាយធ្វើព្រំដី។
ក្រុមអ្នកភូមិចោទនគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង ថា បានប្រើអំពើហិង្សាវាយតប់ទាត់ធាក់ទៅលើអ្នកភូមិពីរនាក់ ជាការព្រមានកុំឲ្យអ្នកភូមិទាំងនោះហ៊ានចេញមុខតវ៉ាប្រឆាំងជំទាស់ទៅនឹងសកម្មភាពក្រុមការងារគណៈកម្មការ ដែលកំពុងចុះវាស់វែងលើដីចំការអ្នកភូមិយកទៅប្រគល់ឲ្យក្រុមហ៊ុនឯកជនមួយ មានឈ្មោះថា សួន មានសម្បត្តិ។
កាលពីរសៀលថ្ងៃសុក្រ ទី៩ ខែធ្នូ អ្នកភូមិអូរគគីរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ប្រមាណជាង ៣០នាក់ បាននាំគ្នាទៅឃាត់គ្រឿងចក្រមួយគ្រឿង ដែលកំពុងឈូសឆាយប៉ះលើដំណាំស្រូវរបស់អ្នកភូមិ។ ក្រុមអ្នកភូមិស្នើសុំឲ្យមានការដោះស្រាយឲ្យបានច្បាស់លាស់សិន។ ប៉ុន្តែប៉ូលិសមិនទទួលយកសំណើរបស់អ្នកភូមិ ហើយបានគំរាមកំហែង និងចាប់ឃាត់ខ្លួនអ្នកភូមិពីរនាក់ទៀត។
លោក ស៊្រៀង ប៉ូយ អាយុ ៤២ឆ្នាំ ដែលប៉ូលិសដោះលែងមកវិញ បានថ្លែងថា រូបលោកត្រូវបានប៉ូលិសចាប់ជាមួយនឹងអ្នកភូមិម្នាក់ទៀត យកទៅដាក់ការដ្ឋានក្រុមហ៊ុនវាយតប់លើរាងកាយលោក និងទាត់ធាក់ឈ្មោះ ជួន ជឿន ស្ទើរស្លាប់ស្ទើររស់៖ «ចាប់យកទៅកន្លែងការដ្ឋានគេហ្នឹង គេវ៉ៃ កញ្ចឹងកមួយដៃ និងគេទាត់ទ្រូងខ្ញុំហ្នឹងពីរជើង ប៉ូលិស ហើយយើងអង្គុយហើយគេទាត់ដាក់ខ្នោះខ្ញុំទៀត»។
លោកស្រី ឈឹម សុផាន អាយុ ៤៤ឆ្នាំ នៅភូមិអូរគគីរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ លោកស្រីនិយាយថា អ្នកភូមិប្រហែល ៣០នាក់ បានលើកគ្នាទៅហាមឃាត់គ្រឿងចក្រមួយគ្រឿង ដែលអាជ្ញាធរយកទៅឈូសឆាយធ្វើព្រំដីប៉ះចំលើដីស្រែចំការអ្នកភូមិ។ សមត្ថកិច្ចមានមន្ត្រីបរិស្ថាន និងប៉ូលិសមិនបញ្ឈប់ការឈូសឆាយដីទេ ប៉ុន្តែពួកគេប្រើអំណាចគំរាមសម្លុតរកបាញ់ និងចាប់ខ្លួនអ្នកភូមិពីរនាក់ថែមទៀត។
លោកស្រី ឈឹម សុផាន៖ «មកហ្នឹងឃើញសុទ្ធកំាភ្លើងម្នាក់ពីរដើមៗ ខ្ញុំខ្លាច ខ្ញុំញ័រសាច់ពីម្សិលមិញហ្នឹង។ មន្ត្រីបរិស្ថាន និងប៉ូលិសមានគ្នាប្រហែល ៨នាក់។ ខ្ញុំញ័រសាច់ព្រោះខ្លាចពេក រត់មកផ្ទះទៅប្រាប់ប្រពន្ធគាត់ឲ្យជួយទាញប្តីចេញ ខ្ញុំអត់ហ៊ានចូលខ្លាចវ៉ៃខ្ញុំដែរ»។
លោក យិន ម៉េងលី ប្រធានសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង បានពន្យល់ថា ការដែលប្រជាពលរដ្ឋនាំគ្នាសាកសួរ និងការតវ៉ាពុំមែនជារឿងខុសច្បាប់ទេ។ ជាធម្មតានៅពេលមានការប៉ះពាល់ ពួកគាត់តែងតែនាំគ្នាធ្វើការតវ៉ា ដើម្បីសាកសួរឲ្យមានដំណោះស្រាយ តែការប្រើប្រាស់នូវអំពើហិង្សា និងការចាប់ខ្លួនយកទៅវាយដោយគ្មានមូលហេតុ គឺជារឿងពុំត្រឹមត្រូវនោះទេ។
លោក យិន ម៉េងលី៖ «នេះជារឿងមួយដែលយើងមានការសោកស្ដាយ ដែលសមត្ថកិច្ច ឬក៏អាជ្ញាធរពាក់ព័ន្ធមិនដោះស្រាយតាមមធ្យោបាយច្បាប់ បែរជាប្រើប្រាស់អំពើហិង្សាទៅលើពួកគាត់ ហើយអំពើហិង្សាហ្នឹង យើងដឹងហើយមិនមែនជាមធ្យោបាយល្អទេ យើងនឹងធ្វើការអង្កេតរឿងនេះឲ្យបានច្បាស់លាស់ថែមទៀត និងអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធដើម្បីរកយុត្តិធម៌ជូនពួកគាត់»។
កាលពីខែតុលា ឆ្នាំ២០១១ មន្ត្រីនគរបាលម្នាក់មានតួនាទីជាអធិការរងនគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង បានប្ដឹងអ្នកភូមិចំនួន ៧នាក់ ពីបទគំរាមសម្លុតទៅលើមន្ត្រីរាជការនៅពេលក្រុមការងារថ្នាក់ស្រុកចុះទៅរៀបចំវាស់វែងដីធ្លីរបស់អ្នកស្រុកនៅតំបន់នោះ ប្រគល់ទៅឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយ ឈ្មោះ សួន មានសម្បត្តិ។
លោកស្រី ចក់ ចាន់ អាយុ ៤២ឆ្នាំ បានចោទថា ក្រុមអាជ្ញាធរបានចុះទៅបង្ខិតបង្ខំឲ្យគ្រួសារលោកស្រីផ្តិតមេដៃប្រគល់ដី ៥ហិកតារឲ្យទៅក្រុមហ៊ុន៖ «គេបានបង្ខិតបង្ខំផ្ដិតមេដៃថតរូប វាស់វែងដីប្រគល់ទៅឲ្យគេ តែខ្ញុំអត់ព្រមទេ ដោយនិយាយថា បើវាស់ទៅតែខ្ញុំមិនព្រមផ្ដិតមេដៃ មិនព្រមថតរូប ដូច្នេះគេចាប់យកប្ដីខ្ញុំទៅគំរាមទាត់ធាក់។ ប្រជាជន ៣០ ទៅ ៤០នាក់ គេដឹងឮទាំងអស់ ទាញកំាភ្លើងឡើងលើគំរាមប្ដីខ្ញុំ រួចយកកាំភ្លើងខ្លីភ្ជង់ប្ដីខ្ញុំទៀត»។
អាជ្ញាធរបានបង្កើតគណៈកម្មការមួយចុះទៅពិនិត្យដោះស្រាយដីដែលមានផលប៉ះពាល់។ ក្រុមការងារនេះបានកោះហៅប្រជាពលរដ្ឋជាម្ចាស់ដីនៅតំបន់នោះជាច្រើនគ្រួសារយកទៅថតរូបផ្ដិតមេដៃ។ ប៉ុន្តែគណៈកម្មការនេះបានបដិសេធមិនចុះបញ្ជីដីណាដែលមិនទាន់ស្រឡះ នៅមានព្រៃ និងនៅមានគល់អង្កត់ឈើនោះទេ។
អ្នកស្រុកនិយាយថា ពួកគាត់បានកាន់កាប់ដីបង្កបង្កើនផលច្រើនឆ្នាំមកហើយ។ ការធ្វើស្រែចំការដោយដៃប្រើកាំបិត ចប ពូថៅ ពុំមានគ្រឿងចក្រយកទៅឈូសឆាយរំលើងគល់អង្កត់ឈើទាំងនោះបានឡើយ។ ការបដិសេធមិនចុះបញ្ជីដីឲ្យអ្នកភូមិដើម្បីយកទៅបង្គ្រប់ឲ្យក្រុមហ៊ុនបានធ្វើឲ្យអ្នកភូមិបាត់បង់ដីធ្លីយ៉ាងច្រើនហិកតារ ហើយនាំឲ្យមានការប្រឆាំងជំទាស់កើតមានបញ្ហាមិនចេះចប់៕
អាស៊ីសេរី
No comments:
Post a Comment
yes