សិស្សមួយគូ
ខេត្តកំពង់ស្ពឺ ៖ អាណាព្យាបាលទំាងឡាយដែលមានកូនចៅកំពុងពេញវ័យ ក្រមុំ-កំលោះដែលសិក្សានៅតាមបណ្តាអនុវិទ្យាល័យ វិទ្យាល័យនានា មេត្តាតាមដានមើលកូនឱ្យបានជាប់លាប់ផង ប្រយ័ត្នពពោះទាំងកំពុងសិក្សា។
ប្រភពពីគ្រូបង្រៀននៅវិទ្យាល័យមួយក្នុងខេត្តកំពង់ស្ពឺ បាននិយាយជុំវិញបញ្ហាយុវសិស្សខិលខូចមួយក្តាប់តូចថា ពួកនោះចូលរៀនតិចជាងដើរលេងជាមួយសង្សារដែលជាសិស្សរួមថ្នាក់ជាមួយគ្នា ឯអាណាព្យាបាលទាំងនោះគិតថា កូនប្រុសស្រីចេញពីផ្ទះមកសាលា តែដល់កូនរៀនខ្សោយមិនមានចំណាត់ថ្នាក់ ស្រាប់តែពួកគាត់ចោទទៅលើគ្រូថា បង្រៀនកូនគាត់មិនល្អទៅវិញ ។ ប្រភពពីប្រជាពលរដ្ឋនៅជិតតំបន់កម្សាន្តឧទ្យានគិរីរម្សបានបង្ហើបឱ្យដឹងថា គាត់ក៏ឧស្សាហ៍ប្រទះភ្នែកឃើញក្រុមយុវជនដឹកគ្នាទាំងគូៗ ស្លៀកពាក់ឯកសណ្ឋានសិស្សជិះម៉ូតូទំនើបៗដឹកគ្នាជាក្រុមៗ ហើយបង្កើតឱ្យមានចំណងស្នេហាយ៉ាងត្រេកត្រអាលតាមគម្ពោតព្រៃដែលមើលទៅពិបាកភ្នែកបំផុត ។
លោកទី សុខឡេង នាយកសាលាវិទ្យាល៏យកំពង់ស្ពឺ ធ្លាប់បានមានប្រសាសន៍ឱ្យដឹងថា យុវសិស្សតិចតូចដែលមានអកប្បកិរិយាខិលខូចដើរលេងពាលា លោកក៏អប់រំឱ្យពួកគេយកចិត្តទុកដាក់ក្នុងការរៀនសូត្រឱ្យបានច្រើនជាងការលេង ព្រោះកំពុងនៅក្នុងវ័យសិក្សាកុំឱ្យឱកាសល្អកន្លងផុតទៅ ។ គ្រាន់តែយុវសិស្សកំពុងសិក្សានៅវិទ្យាល័យកំពង់ស្ពឺរាល់ថ្ងៃជាង២ពាន់នាក់ទៅហើយ ។ សិស្សដែលគេចសាលាទៅមានស្នេហាឯក្រៅប្រាកដជាមាន ប៉ុន្តែក៏មិនប្រាកដថា ជាសិស្សវិទ្យាល័យកំពង់ស្ពឺទាំងអស់ដែរ។
មជ្ឈដ្ឋានមួយចំនួនក៏បានសម្តែងកង្វល់ខ្លះៗទៅលើបញ្ហាយុវសិស្សបច្ចុប្បន្នថា សូម្បីតែជិះម៉ូតូឌុបគ្នាក៏លូកគ្នាពីមុខពីក្រោយមិនសមជាអ្នកសិក្សាឡើយ ។ គួរណាតែគ្រប់អាណាព្យាបាលទាំងឡាយដែលមានកូនប្រុសស្រីពេញវ័យសិក្សាមេត្តាតាមឃ្លាំមើលកូនៗនោះផង កុំឱ្យអាប់ឱនទាំងគ្រួសារ ពិសេសប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរតែម្តង៕
កោះសន្តិភាព
No comments:
Post a Comment
yes