ក្រុមអ្នកឃ្លាំមើលអំពីបញ្ហាព្រំដែនកម្ពុជា នៅឯនាយសមុទ្រ បានសំដែងការព្រួយបារម្ភចំពោះការចុះអនុស្សរណៈ ស្ដីពីកម្មវិធីសហប្រតិបត្តិការរវាងអង្គការរណសិរ្សទាំងបីប្រទេស មានកម្ពុជា វៀតណាម ឡាវ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា នោះថា អាចជាល្បិចកលរបស់វៀតណាម ក្នុងការលេបត្របាក់ប្រទេសកម្ពុជា ហើយពង្រីកទឹកដីរបស់ខ្លួនប៉ុណ្ណោះ។
អនុស្សរណៈរវាងប្រទេសបីនេះ ធ្វើឡើងក្នុងគោលបំណងកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ខណៈក្រុមអ្នកឃ្លាំមើលអះអាងថា នេះជាយុទ្ធសាស្ត្រថ្មីរបស់វៀតណាម ដើម្បីឈានទៅរកការបើកចំហព្រំដែនរវាងកម្ពុជា និងវៀតណាម ដូចគ្នាទៅនឹងការបើកចំហព្រំដែនរវាងវៀតណាម និងឡាវ ដូច្នោះដែរ។
លោក ស៊ាន ប៉េងសែ ដែលជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង មានប្រសាសន៍ថា វៀតណាមកំពុងប្រើគ្រប់រូបមន្ត ដើម្បីពង្រីកទឹកដីរបស់ខ្លួន ពីព្រោះវៀតណាមមានប្រជាជនជាង ៨០លាននាក់ ដែលត្រូវការផ្ទៃដីថែមទៀត ដើម្បីចិញ្ចឹមប្រជាជនរបស់គេ។
លោក ស៊ាន ប៉េងសែ៖ «ពីព្រោះខ្ញុំដឹងយូរហើយ ហើយកូនចៅរបស់យើងទាំងអស់គ្នាដឹងយូរមកហើយថា យួនហ្នឹងមិនចង់ឲ្យខ្មែរយើងចេញពីឥណ្ឌូចិន ដែលបារាំង ទុកឲ្យទេ ពីព្រោះហេតុផលធំបំផុតហ្នឹង វាមានប្រជាជនច្រើនណាស់ ជាង ៨០លាន ហើយឡាវ មានមិនដល់ ៦ ទៅ ៧លាន អីអ៊ីចឹងទៅ ហើយខ្មែរយើងមានប្រជាជន ១៤លាននាក់ ហើយពី ៣ ទៅ ៤លានហ្នឹង សុទ្ធតែប្រជាជនយួន។ ដូច្នេះយួនគាត់ត្រូវការទឹកដី ដើម្បីឲ្យប្រជាជនគេមកនៅជាមួយយើង»។
អនុស្សរណៈស្ដីពីកម្មវិធីសហប្រតិបត្តិការរវាងអង្គការរណសិរ្សទាំងបីប្រទេសនេះ បានដឹកនាំធ្វើឡើងដោយលោក ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា ភាគីវៀតណាម មានលោក ហ្វិញ ដាម ប្រធានគណៈកម្មាធិការមជ្ឈិមបក្សរណសិរ្សមាតុភូមិវៀតណាម រីឯភាគីឡាវ មានលោក ផាញ់ ដួងចិត្ត វស្សា ជាសមាជិកគណៈកម្មាធិការកណ្ដាលបក្សប្រជាជនបដិវត្តន៍ឡាវ ហើយភាគីទាំងបីបានប្ដេជ្ញាចិត្តរបស់ខ្លួនថា នឹងខិតខំថែរក្សានូវលទ្ធផលទាំងឡាយដែលកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីពង្រីកប្រពៃណីដ៏ល្អនៃប្រទេសទាំងបី និងប្ដេជ្ញាចិត្តជួយឧបត្ថម្ភគ្នាទៅវិញទៅមក ទាំងស្មារតី សម្ភារៈ និងថវិកា រវាងថ្នាក់ជាតិ និងថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ខេត្ត ហើយថ្នាក់ស្រុក និងថ្នាក់ស្រុក។
របាយការណ៍របស់គណៈកម្មាធិការព្រំដែនកម្ពុជា ឲ្យដឹងថា កម្ពុជាតែងបាត់បង់ទឹកដីរបស់ខ្លួនតាមរយៈការចុះសន្ធិសញ្ញា ឬការចុះអនុស្សរណៈផ្សេងៗ ជាមួយប្រទេសវៀតណាម។ ក្រុមនេះក៏បានឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងព្រំដែនទឹករវាងកម្ពុជា ដែលចុះហត្ថលេខានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៨២ ដោយលោក ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានបាត់ព្រំដែនទឹកទំហំ ៣ម៉ឺនគីឡូម៉ែត្រការ៉េ ហើយបានដាក់តំបន់ទឹកប្រវត្តិសាស្ត្ររួមជាមួយវៀតណាម ទំហំ ១ម៉ឺនគីឡូម៉ែត្រការ៉េ ផ្សេងទៀត ដើម្បីរករួមគ្នាជាមួយវៀតណាម។ កិច្ចព្រមព្រៀងឆ្នាំ១៩៨២ នេះបាននាំឲ្យខ្មែរបាត់បង់កោះត្រល់ និងកោះក្រចកសេះរបស់ខ្លួន ដែលមានទំហំស្មើប្រទេសប៊ែលហ្ស៊ិក (Belgium) ទាំងមូល។
ចំពោះសន្ធិសញ្ញាមួយទៀតដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលលោកនៅជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ធ្វើឡើងជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម កាលពីនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៨៥ កំណត់ហេតុរបស់គណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំក្នុងប្រទេសបារាំង បានឲ្យដឹង គឺជាសន្ធិសញ្ញាខុសច្បាប់ ព្រោះសន្ធិសញ្ញានេះបានធ្វើឡើងខណៈកម្ពុជា ស្ថិតក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម។
ចំពោះសន្ធិសញ្ញាមួយទៀតដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលលោកនៅជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ធ្វើឡើងជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម កាលពីនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៨៥ កំណត់ហេតុរបស់គណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំក្នុងប្រទេសបារាំង បានឲ្យដឹង គឺជាសន្ធិសញ្ញាខុសច្បាប់ ព្រោះសន្ធិសញ្ញានេះបានធ្វើឡើងខណៈកម្ពុជា ស្ថិតក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម។
កំណត់ហេតុរបស់គណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំក្នុងប្រទេសបារាំង ចាត់ទុកថា សន្ធិសញ្ញាច្បាប់ឆ្នាំ១៩៨៥ នេះ បានធ្វើឲ្យបាត់ព្រំដែនគោករបស់កម្ពុជា ប្រមាណពី ៤ពាន់ ទៅ ៦ពាន់គីឡូម៉ែត្រក្រឡា។
ទាក់ទិនទៅនឹងការចោទប្រកាន់អំពីការបាត់បង់ទឹកដីខ្មែរនេះដែរ លោក ស៊ាន ប៉េងសែ បានបន្ទោសទាំងស្រុកដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានកាត់ទឹកដីរបស់ខ្លួនទៅឲ្យវៀតណាម ដោយខុសច្បាប់៖ «ក្មួយឯងឃើញស្រាប់ថា ខ្ញុំមានអាយុ ៧៤ឆ្នាំ ហើយថា អ្នកណាដែលហ៊ានទទួលស្គាល់កោះត្រល់ កោះពូលូប៉ងហ្សង់ហ្នឹង ជារបស់យួនហ្នឹង រួចខ្ញុំនិយាយរួចហើយថា អ្នកណាដែលទទួលស្គាល់ដីខ្មែរថា ជារបស់គេហ្នឹងគឺជាមនុស្សក្បត់ជាតិ អ្នកណាក៏ដោយ ឪពុកខ្ញុំក៏ដោយ។ សម្រាប់ខ្ញុំគិតថា លោក ហ៊ុន សែន ជាមនុស្សក្បត់ជាតិ»។
វិទ្យុអាស៊ីសេរីមិនអាចសុំសេចក្ដីអត្ថាធិប្បាយពីលោក ឡេ មិញង៉ុក (Le Minh Ngoc) អ្នកនាំពាក្យនៃស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា បានទេ ជុំវិញបញ្ហានៃការចុះអនុស្សរណៈយោគយល់គ្នាអំពីការអភិវឌ្ឍតំបន់ព្រំដែនកម្ពុជា វៀតណាម ឡាវនោះ។
អគ្គលេខាធិការនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានមូលដ្ឋានក្នុងប្រទេសន័រវ៉េ (Norway) លោក អៀរ ចាន់ មានប្រសាសន៍ថា កម្ពុជាតែងភ្លេចខ្លួនពីការលេបទឹកដីរបស់ខ្លួនដោយប្រទេសវៀតណាម ប៉ុន្តែវៀតណាមមិនដែលភ្លេចខ្លួនក្នុងការឆក់យកទឹកដីខ្មែរម្ដងណាឡើយ។
លោកបន្តថា ការចុះអនុស្សរណៈរវៀងកម្ពុជា វៀតណាម ឡាវ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ កាលពីពេលថ្មីៗនេះ គឺជាគ្រោះថ្នាក់សម្រាប់កម្ពុជា៖ «ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានការព្រួយបារម្ភជាងអ្វីទាំងអស់ លោក ហ៊ុន សែន គណបក្សប្រជាជនទាំងមូលមិនដែលយកផលប្រយោជន៍ជាតិជាធំទេ។ យើងឃើញហើយថា គណបក្សប្រជាជនបានប្រឹងប្រែងគ្រប់មធ្យោបាយធ្វើឲ្យសន្ធិសញ្ញាខុសច្បាប់ទាំងអម្បាលមានពាក់ព័ន្ធនឹងបញ្ហាព្រំដែនហ្នឹង ឲ្យក្លាយទៅជាស្របច្បាប់ ហើយយកមកអនុវត្តបំពានទៅលើបូរណភាពទឹកដីកម្ពុជា ដែលជាទឹកដីរបស់ខ្លួនឯងហ្នឹង ហើយជាទង្វើដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បូរណភាពទឹកដីរបស់កម្ពុជា នោះ»។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ប្រតិកម្មថា ការរិះគន់របស់ក្រុមអ្នកឃ្លាំមើលអំពីព្រំប្រទល់កម្ពុជា ទាំងនោះ គ្រាន់តែនាំឲ្យមានការភ័ណ្ឌច្រឡំ ហើយដែលជាការរិះគន់មិនបានការប៉ុណ្ណោះ៖ «រដ្ឋាភិបាលបានបង្ហាញការដោះស្រាយបញ្ហាព្រំដែនទៅតាមសន្តិវិធី ទៅតាមការចរចាអីហ្នឹង មានអីអាក្រក់? គឺយើងត្រូវការចរចា។ រឿងបញ្ហាព្រំដែនយើងទៅបង្ខំគេយ៉ាងម៉េច ថាទេទីនោះជាព្រំដែនខ្ញុំទេ យើងធ្វើដូច្នេះយ៉ាងម៉េចនឹងកើត។ សូម្បីស្រែចម្ការយើងក៏ត្រូវការចរចារឹតតែច្រើនថែមទៀតហើយ យើងមានផ្ដិតមេដៃ ហើយយើងទៅបញ្ជាក់ ហើយអ្នកជិតខាងត្រូវទៅបញ្ជាក់ថា អាព្រំដីហ្នឹងវាត្រឹមត្រូវ ឬមិនត្រឹមត្រូវទេ ទម្រាំពីរដងបីដងមិនទាន់បានកម្មសិទ្ធិផង។ ចុះនេះរឿងព្រំដែនគ្រាន់តែដាក់ប៉ុណ្ណឹងមានខុសអី ខ្ញុំដូចវាឆ្ងល់ដែរ។ ពួកអ្នកទិតៀនគ្រាន់តែទិតៀនឲ្យតែគេបារម្ភដែលបានការអីទេ? ពាក្យគេថា ឆ្កែចេះតែព្រូសមនុស្សចេះតែដើរ»។
កាលពីថ្ងៃទី៨ ខែធ្នូ កន្លងទៅនេះ កម្ពុជា និង វៀតណាម បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ប្ដេជ្ញាបន្តប្រពៃណីមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការជាមួយគ្នាយូរអង្វែងទៅមុខទៀត។ ភាគីទាំងពីរបានបញ្ជាក់ពីភាពប្ដេជ្ញាចិត្តរៀងៗខ្លួន ក្នុងការជំរុញឲ្យមានការកំណត់ព្រំដែន និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីឲ្យបានឆាប់។
សេចក្ដីថ្លែងការណ៍រួមនោះក៏បានឲ្យដឹងផងដែរថា ភាគីទាំងពីរក៏បានឯកភាពបង្កើនជំនួប និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ជាប្រចាំ។ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអង្គការនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ។ លើកទឹកចិត្តដល់ការបើកទូលាយកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងអង្គការមហាជន និងជាអាជ្ញាធរមូលដ្ឋានតាមព្រំដែន ហើយជាពិសេស គឺរវាងយុវវ័យនៃប្រទេសទាំងពីរផងដែរ។
ប្រធានសហព័ន្ធខ្មែរក្រោមដែលមានមូលដ្ឋានក្នុងរដ្ឋញូវចេស្ស៊ី (New Jersey) សហរដ្ឋអាមេរិក លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាម នៅតែប្រើយុទ្ធសាស្ត្ររបស់ហូជីមិញ ដែលមានឈ្មោះថា ដំណើរឆ្ពោះទៅទិសខាងលិច ក្នុងមហិច្ឆតាលេបយកកម្ពុជា និងឡាវ ដើម្បីពង្រីកអំណាចសហព័ន្ធឥណ្ឌូចិន។
លោកថ្លែងថា ពលរដ្ឋខ្មែរកណ្ដាលសព្វថ្ងៃត្រូវតែភ្ញាក់ខ្លួន ដើម្បីទប់ទល់នឹងគ្រោះកាចអាសន្នកំពុងមកដល់ ហើយខ្មែរទាំងអស់ត្រូវចេះរួបរួមគ្នាស្រោចស្រង់ប្រទេសជាតិរបស់ខ្លួន ដើម្បីកុំឲ្យបាត់បង់ដូចទឹកដីខ្មែរក្រោមទៀត។
លោក ថាច់ ង៉ុកថាច់៖ «នេះជាផែនការរបស់រដ្ឋាភិបាលយួន ទៅតាមគន្លងផែនការរបស់ហូជីមិញ ដើម្បីធ្វើឲ្យប្រទេសទាំងបីទៅជាសហព័ន្ធឥណ្ឌូចិន ម្ល៉ោះហើយឃើញគេមានសហការជាស្រេច ដូចដែលយើងបានឃើញទីក្រុងមួយទៅទីក្រុងមួយ។ ឧទាហរណ៍ដូចជាទីក្រុងភ្នំពេញ ទៅទីក្រុងព្រៃនគរ ដែលសព្វថ្ងៃហៅថា ហូជីមិញ ហើយខេត្តតាមខេត្ត ស្រុកតាមស្រុក។ នេះជាភាពអាសន្នមួយដែលបងប្អូនខ្មែរយើងទាំងអស់ ទាំងនៅក្នុងប្រទេស ក្រៅប្រទេស ត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែន។ យើងឃើញអនុសញ្ញាបន្ថែមដែលយើងឃើញគេធ្វើឲ្យមានការប្ដូរទាំងពីវប្បធម៌ អរិយធម៌ទៅវិញមក។ ការបើកឲ្យមានព្រំដែនទូលំទូលាយធ្វើឲ្យជនជាតិយួន ហូរចូលទឹកដីខ្មែររាប់ម៉ឺនរាប់ពាន់នាក់ ដែលនេះជាគ្រោះថ្នាក់មួយសម្រាប់ប្រទេសខ្មែរយើង»។
លោក ថាច់ ង៉ុកថាច់ បន្តថា យុទ្ធសាស្ត្រធំៗនៃដំណើរឆ្ពោះទៅទិសខាងលិចរបស់អតីតប្រធានាធិបតីវៀតណាម ហូជីមិញ រួមមានការជំរុញប្រជាជនវៀតណាម ទៅបោះទីតាំងមុនទើបរដ្ឋាភិបាលចូលក្រោយ។ ការប្រែក្លាយពូជសាសន៍វប្បធម៌ប្រពៃណីទំនៀបទំលាប់។ ការធ្វើឲ្យមានអសន្តិសុខវិឆេតកម្ម និងឧក្រិដ្ឋកម្ម ក្នុងសង្គម រួមនិងការបន្លំយកដីធ្លីក្នុងលក្ខណៈស្របច្បាប់ជាដើម។
ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា ប្រសិនកម្ពុជា មិនមានការប្រុងប្រយ័ត្ននោះ វាអាចនាំឲ្យមានការថ្លោះធ្លោយទៅថ្ងៃមុខ តែទោះជាយ៉ាងណាក៏ដោយ លោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចបណ្ដោយឲ្យបញ្ហានោះកើតបានទេ។
លោក វ៉ា គឹមហុង៖ «យើងទាំងអស់ដឹងហើយថា ប្រសិនបើមិនមានការប្រុងប្រយ័ត្ន នោះវាអាចថ្លោះធ្លោយ។ ប៉ុន្តែមានសម្ដេចតេជោជាអ្នកដឹកនាំគិតថា លោកមិនបានគិតពីរឿងអស់ទាំងហ្នឹងទេ បើមិនអ៊ីចឹងទេលោកមិនធ្វើជានាយករដ្ឋមន្ត្រីទេ។ លោកនាយករដ្ឋមន្ត្រីជាអ្នកទទួលខុសត្រូវទាំងអស់នៅក្នុងកិច្ចការគ្រប់ជំនាញ។ លោកមិនបណ្ដែតបណ្ដោយឲ្យគេលេបទឹកដីទេ គ្រាន់តែថា បណ្តាំហូជីមិញអីហ្នឹង ចុះអារឿងការដាក់អាណានិគមអីហ្នឹង ហេតុអីយើងមិនខ្លាចគេដាក់អាណានិគមហ្នឹងទៀតទៅ?»។
នៅក្នុងអង្គសវនាការជំនុំជម្រះក្រុមអតីតមេដឹកនាំខ្មែរក្រហម កាលពីដើមខែធ្នូ លោក នួន ជា បងធំទី២ នៃរបបកម្ពុជាប្រជាធិបតេយ្យ បានឆ្លើយបន្ទោសវៀតណាមថា បានបង្កឲ្យមានភាពច្របូកច្របល់នៅកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៧៥ ហើយថា វៀតណាមកំពុងប្រើយុទ្ធសាស្ត្រពស់ថ្លាន់រឹតកូនឈ្លូសឲ្យទន់ឆ្អឹង រួចលេបតែម្ដង។
អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា លោក ឡេ មិញ ង៉ុក បានជំទាស់ទៅនឹងការលើកឡើងរបស់លោក នួន ជា លោកធ្លាប់បានថ្លែងប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ថា លោក នួន ជា កំពុងប្រើពាក្យមួលបង្កាច់ ហើយថា កងទ័ពវៀតណាម កាលណោះគឺជាអ្នករំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ដែលមិនមានគំនិតលេបទឹកដីកម្ពុជា នោះទេ។
ទន្ទឹមនឹងគ្នានេះផងដែរ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកខាងកិច្ចការព្រំដែនក៏បានបដិសេធការចោទប្រកាន់ទាំងឡាយ ហើយបញ្ជាក់ថា ការចុះអនុស្សរណៈស្ដីពីកម្មវិធីសហប្រតិបត្តិការកម្ពុជា វៀតណាម ឡាវ នោះ គឺជាយន្តការល្អមួយសម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងបីដោយសន្តិវិធី៕
អាស៊ីសេរី
No comments:
Post a Comment
yes