ខេត្តព្រះសីហនុ ៖ ទោះបីព្រឹត្តិការណ៍នៃការរៀបចំបុណ្យសមុទ្រគឺជាលើកទី១សម្រាប់កម្ពុជា តែពិធីបុណ្យសមុទ្រនិងបុណ្យឆ្លងឆ្នាំសាកលទទួលបានជោគជ័យដ៏ធំធេង ហើយបើតាមការប៉ាន់ស្មានមានភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមក្នុងព្រឹត្តិការណ៍នេះប្រមាណជិត១០ម៉ឺននាក់។ នេះបើតាមការអះអាងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
លោក ថោង ខុន មានប្រសាសន៍ថា ការរៀបចំបុណ្យសមុទ្រជាលើកទី១ ដើម្បីអបអរឆ្នេរសមុទ្រកម្ពុជាដែលជាប់់ចំណាត់ថ្នាក់លេខ១ ជាឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកនាពេលនេះ គឺទទួលបានជោគជ័យដ៏ធំធេងមិននឹកស្មានដល់ ហើយក៏ជាមោទនភាពរបស់ប្រទេសកម្ពុជាផងដែរ ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា បន្ទាប់ពីការរៀបចំ និងទទួលបានជោគជ័យនេះ យើងនឹងទទួលបាននូវបទពិសោធន៍សម្រាប់ការរៀបចំនៅឆ្នាំក្រោយៗទៀត ។
សូមបញ្ជាក់ថា ចាប់តាំងពីព្រឹកថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១១ មនុស្សរាប់មឺុននាក់ដែលមកពីខេត្ត-ក្រុង នានា ក្នុងទូទាំងប្រទេស រួមនឹងភ្ញៀវបរទេសគ្រាប់ជាតិសាសន៍ បានបង្ហាញវត្តមាន និងក្តីសប្បាយរីករាយនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនាខេត្តព្រះសីហនុ បើទោះបីជាតម្លៃម្ហូបអាហារ ផ្ទះសំណាក់ និងសេវាផ្សេងៗទៀតបានឡើងថ្លៃខុសពីប្រក្រតីក៏ដោយចុះ ។ ទន្ទឹមនឹងភ្ញៀវទេសចរដ៏ច្រើនកុះករ នៅតំបន់ឆ្នេរក៏មានការរៀបចំកម្មវិធីកីឡាផ្សេងៗដូចជា កីឡារត់ម៉ារ៉ាតុង ប្រណាំងម៉ូតូលើទឹក ប្រដាល់ វាយបាល់លើឆ្នេរខ្សាច់ ហែលទឹក ជិះសេះប្រណាំង បោកចំបាប់ជាដើម ដែលចាប់ផ្តើមតាំងពីម៉ោង៨ព្រឹក បង្កជាបរិយាកាសសប្បាយរីករាយលាយឡំដោយសម្លេងហ៊ោកញ្រ្ជៀវអបអរយ៉ាងកងរំពង ។ ទិដ្ឋភាពនៅក្រុងព្រះសីហនុនាពិធីបុណ្យសមុទ្រ និងបុណ្យឆ្លងឆ្នាំសាកល បានរំលេចទៅដោយការរៀបចំសោភ័ណភាពតាមដងវិថី គេហដ្ឋាន និងរមណីយដ្ឋានដ៏ស្រស់ត្រកាល ។ នៅតាមផ្លូវមានបដាផ្សាយពាណិជ្ជកម្មយ៉ាងស្អេកស្កះរបស់ក្រុមហ៊ុនឯកជននានា បដាពាក្យស្លោក រួមទាំងការរចនាភ្លើងចម្រុះពណ៌លម្អសម្រស់ទីក្រុងសមុទ្រឱ្យប្រែមុខមាត់ស្រស់ឆើតឆាយ សប្បាយជាប់ចិត្តរំលឹកដល់ទិសស្លោកដែលបានលើកឡើងថា ជាតារារះនៅទិសនិរតីនៃប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីបើកបុណ្យសមុទ្រ លោក ថោង ខុន បានលើកឡើងថា ឆ្នេរសមុទ្រកម្ពុជាដែលមានប្រវែង៤៤០គីឡូម៉ែត្រ សម្បូរណ៍ដោយជីវចម្រុះគ្រប់ប្រភេទ ប្រជុំដោយកោះនិងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងលាតសន្ធឹងលើខេត្តទាំង៤រួមមាន ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាសមាជិកពេញសិទ្ធិ នៃឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅក្នុងឱកាសមហាសន្និបាតលើកទី៧ របស់ក្លឹបនៅសាធារណរដ្ឋ សេណេហ្កាល់ កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០១១ បន្ទាប់ពីបានជាប់ជាបេក្ខភាពនៅឆ្នាំ២០១០ និងពិនិត្យសម្រេចជាឯកច្ឆន្ទ ដាក់ចូលជាសមាជិកដោយក្រុមប្រឹក្សាភិបាលក្លឹបកាលពីថ្ងៃទី២០ មករា ឆ្នាំ២០១១ នៅតំបន់ Corse នៅប្រទេសបារាំង ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មូលដ្ឋានសម្រាប់ឆ្នេរសមុទ្រកម្ពុជាគឺ សក្តានុពលដ៏អស្ចារ្យខាងផ្នែកវប្បធម៌ និងធម្មជាតិ ដែលសក្តានុពលទាំងនេះឆ្លើយតបនឹងលក្ខខណ្ឌ២ ក្នុងចំណោមលក្ខខណ្ឌទាំង១០របស់អង្គការ យូណេស្កូ ក្នុងការកំណត់ និងទទួលស្គាល់សម្បតិ្តធម្មជាតិ និងវប្បធម៌មួយ ជាបេតិកភណ្ឌពិភពលោក ។ ជាពិសេសគឺការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារថែរក្សាបរិស្ថានតំបន់ឆ្នេរ តាមរយៈការបង្ហាញឱ្យឃើញពីយុទ្ធសាស្រ្តសមាហរណកម្ម កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការតាក់តែងច្បាប់ និងលិខិតបទដ្ឋាននានា សំដៅការពារតំបន់ឆ្នេរ ការបញ្ជ្រាបការយល់ដឹងអំពីការការពារបរិស្ថានតំបន់ឆ្នេរ ការដាក់ចេញនូវចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ។
លោក ថោង ខុន មានប្រសាសន៍ទៀតថា ការក្លាយជាសមាជិកឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតនៅលើសាកលលោក នឹងផ្តល់ឱកាសលើកស្ទួយកិត្យានុភាពកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀតលើឆាកអន្តរជាតិ ពិសេសនឹងជួយទ្រទ្រង់ដល់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ។
លោករំពឹងថា ជាមួយនឹងការរៀបចំពិធីបុណ្យសមុទ្រ និងស្របពេលដែលតំបន់ឆ្នេរមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់គ្រាន់ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ពិសេសបន្ទាប់ពីមានការភ្ជាប់ការហោះហើរពីតំបន់ទេសចរណ៍ បេតិកភណ្ឌវប្បធម៌ប្រវតិ្តសាស្ត្រសៀមរាបអង្គរមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជានេះ ចំនួនទេសចរ ដែលមកទស្សនាកម្សាន្តនៅទឹកដីតំបន់ឆ្នេរ នឹងកាន់តែមានការកើនឡើងច្រើនថែមទៀត ។
នាឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនតាមរយៈការដាក់ចេញនូវផែនការ និងយុទ្ធសាស្ត្រសំខាន់ៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការរក្សាបូរណភាពទឹកដី ធានាបាននូវសុខសន្តិភាព សុវត្ថិភាពសង្គម ជូនជាតិ មាតុភូមិ និងប្រជាជន ។ កម្ពុជាមានមោទនភាព ដោយបានឆ្លងផុតពីវិបត្តិសេដ្ឋកិច្ចពិភពលោកនាឆ្នាំ២០០៩-២០១០ ហើយសម្រេចបានកំណើន៦ភាគរយក្នុងឆ្នាំ២០១០ ពោលគឺក្នុងដំណាក់កាលទើបចេញពីវិបត្តិ ។ ដោយឡែកនៅឆ្នាំ២០១១ ទោះបីកម្ពុជាត្រូវប្រឈមជាមួយនឹងគ្រោះទឹកជំនន់ក៏ដោយក៏តាមការព្យាករណ៍កម្ពុជាអាចសម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណ៦,៤ភាគរយដែរ ។
លោកឧបនាយករដ្ឋមន្ត្រីសុខ អាន បានបន្ថែមថា ដោយឡែកការអភិវឌ្ឍវិស័យទេសចរណ៍ កម្ពុជាសម្រេចបានសមទ្ធិផលគួរជាទីមោទនភាព។ តួលេខក្នុងឆ្នាំ២០១១ចំនួន ទេសចរបានកើនឡើងដល់២,៨លាននាក់ គឺកើនប្រមាណ១៤ភាគរយធៀបនឹងឆ្នាំ២០១០ ។ ចំណែកនៅឆ្នាំ២០១៥ទៅមុខនេះតាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវទេសចរប្រមាណ៤,៥លាននាក់ ហើយនៅឆ្នាំ២០២០ នឹងកើនដល់ប្រមាណ៧លាននាក់ ។ ការរីកចម្រើនលើវិស័យទេសចរណ៍ត្រូវបានចាត់ទុកជាមាសបៃតង ហើយពិតជាបានរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់អង្គការសហប្រជាជាតិ និងធ្វើឱ្យកំណើនការងារមានប្រសិទ្ធភាពនិងប្រកបដោយសមធម៌ ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ការរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោហ៊ុន សែន គឺជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញកិច្ចអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ជាប៉ូលសេដ្ឋកិច្ច ក្នុងការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិងត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍ដ៏មានភាពទាក់ទាញសក្តិសមជាតារារះនាទិសនិរតី និងជាសមាជិកក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក ។ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ដែលបាននិងកំពុងជំរុញយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងបង្កើតព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ជាពិសេសយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ»។
ក្នុងពិធីបុណ្យសមុទ្រដ៏មហោឡារិក និងអធិកអធមនេះផងដែរ អ្វីដែលធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិចាប់អារម្មណ៍នោះ គឺការបង្ហាញផ្ទាំងទស្សនីយភាពសិល្បៈដែលឆ្លុះបញ្ចាំងពីប្រវតិ្ត និងអត្តសញ្ញាណនៃទឹកដីឆ្នេរសមុទ្រ អំពីការថែរក្សាការពារធនធានជីវចម្រុះ ដែលមិនធ្លាប់មានកន្លងមកនៅលើទឹកដីនៃតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា ៕
កោះសន្តិភាព
No comments:
Post a Comment
yes