បន្ទាយមានជ័យ៖ ទីបំផុតទៅចៅក្រមតុលាការខេត្តបន្ទាយមានជ័យ បានសម្រេចផ្តន្ទាទោសលើលោកម៉ឹកដារ៉ា ដាក់ពន្ធនាគារមួយជីវិត និងរឹបអូសដីធ្លី ព្រមទាំងរឹបអូសប្រាក់ជាច្រើនទៀត។ សាលក្រមនោះ ត្រូវបានប្រកាសកាលពីម៉ោង ៩ ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១២។
លោកចៅក្រម អ៊ិត សម្ផស្ស ប្រធានចៅក្រមជំនុំជម្រះតុលាការខេត្តបន្ទាយមានជ័យ បានប្រកាសសាលក្រមចំពោះមុខលោក ម៉ឹក ដារ៉ា និងលោក ជា ឡេង ដោយសម្រេចថា លោក ម៉ឹកដារ៉ា និងលោក ជា ឡេង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ចំណែកជនជាប់ចោទលោក ម៉ន ឌឿន ដែលកំពុងគេចខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ២៥ ឆ្នាំ។
លោកចៅក្រមក៏បានសម្រេចផាកពិន័យលោកម៉ឹកដារ៉ា និងកូនចៅ២នាក់នោះ ជាប្រាក់គុណនឹង៤។ ពោលគឺតុលាការសម្រេច ដកហូតដីមួយកន្លែង នៅក្រុងសួង ខេត្តកំពង់ចាម របស់លោក ម៉ឹក ដារ៉ា ព្រមទាំងដកហូតប្រាក់ក្នុងធនាគារកាណាឌីយ៉ារបស់លោកម៉ឹកដារ៉ា ជាង ៨ ម៉ឺនដុល្លារ និងដកហូតលុយជួសជុលផ្ទះជាង ១០ ម៉ឺនដុល្លាររបស់លោក ម៉ឹកដារ៉ា នៅបឹងកក់ ក្នុងទីក្រុងភ្នំពេញ។ ចំណែកលោក ជាឡេង ក៏ត្រូវតុលាការសម្រេចដកហូតដីមួយកន្លែងនៅចោមចៅ និងផ្ទះមួយល្វែង នៅភ្នំពេញ ព្រមទាំងលុយជាង ១០ ម៉ឺនដុល្លារផ្សេងទៀត។ រីឯឈ្មោះ ម៉ន ឌឿន តុលាការបានសម្រេចដកហូតលុយជាង ១០ ម៉ឺនដុល្លារ។
ការផ្តន្ទាទោសលោក ម៉ឹក ដារ៉ា និងកូនចៅរបស់លោក២នាក់នោះ ត្រូវបានតុលាការសំអាងលើមាត្រា ៣៤ នៃច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ត្រួតពិនិត្យគ្រឿងញៀន ព្រមទាំងមាត្រា ៣៨ នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីក្រមព្រហ្មទណ្ឌសម័យអ៊ុនតាក់។
លោកចៅក្រម អ៊ិត សម្ផស្ស ក៏បានប្រកាសថា លោក ម៉ឹកដារ៉ា លោកជាឡេង និងលោក ម៉ន ឌឿន ជាអ្នកផ្តើមផ្សំគំនិត និងប្រព្រឹត្តទទួលសំណូកដោយចេតនាយកមុខនាទី និងកន្លែងធ្វើការ នៅមន្ទីរប្រឆាំងគ្រឿងញៀន របស់ប៉ូលិសក្រសួងមហាផ្ទៃ ធ្វើជាកន្លែងរកស៊ីគ្រឿងញៀនខុសច្បាប់។
ចំពោះការសម្រេចរបស់ តុលាការនេះ ត្រូវបានលោក រ៉ាយ ប៊ុនធឿន មេធាវីការពារក្តីរបស់លោក ម៉ឹក ដារ៉ា ថ្លែងថា ជាការសម្រេចដ៏អយុត្តិធម៌ ដោយសារតែតុលាការអត់ភស្តុតាង ហើយរឿងនេះជាបទល្មើសមិនជាក់ស្តែង។ ដូច្នេះការកំណត់ដាក់ទោស និងផាកពិន័យលើលោកម៉ឹកដារ៉ា និងប៉ូលិស២នាក់ទៀតនោះ ជាការដាក់ទោសដ៏ធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបានទេ។
ចំណែកលោក ម៉ឹក ដារ៉ា បានថ្លែងទៅកាន់អ្នកកាសែត ដោយលើកយកគុណសម្បត្តិរបស់លោកក្នុងការបង្ក្រាបគ្រឿងញៀននាពេលកន្លងមក ។ លោកក៏សម្តែងការតូចចិត្ត ដោយសារថា តុលាការមិនគួរដាក់ទោសលោកធ្ងន់ធ្ងរដូច្នេះទេ ព្រោះលោកបានចូលរួមតាក់តែង បង្កើតច្បាប់ប្រឆាំងគ្រឿងញៀននោះ ហើយពេលនេះ បែរជាតុលាការយកច្បាប់នោះ មកដាក់ទោសលើរូបលោកទៅវិញ។
លោកអតីតឧត្តមសេនីយ៍ឯក ម៉ឹក ដារ៉ា បានបន្ថែមថា ទ្រព្យសម្បត្តិរបស់លោក ដែលតុលាការសម្រេចរឹបអូសនោះ មិនមែនជាប្រាក់ពីសំណូក ដែលលោកទទួលបាន ក្នុងពេលធ្វើជាប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងជាអតីតអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនឡើយ។
យ៉ាងណាក៏ដោយ លោកមិនទាន់ដឹងថា លោកម៉ឹកដារ៉ា និងប៉ូលិសពីរនាក់ទៀត ត្រូវប្តឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចរបស់តុលាការសាលាដំបូង ខេត្តបន្ទាយមានជ័យ ឬយ៉ាងណាទេ។
សូមរម្លឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១ តុលាការខេត្តបន្ទាយមានជ័យ បានបើកសវនាការកាត់ទោសលោក ម៉ឹក ដារ៉ា និងលោក ជាឡេង ព្រមទាំងលោក ម៉ន ឌឿន ( ដែលសព្វថ្ងៃបានរត់គេច ) ក្នុងសំណុំរឿងពុករលួយ តាមរយៈការបង្ក្រាបគ្រឿងញៀន។ សវនាការលើរឿងក្តីនោះ មានរយៈពេល ១២ ថ្ងៃ ដោយតុលាការ បានបិទបញ្ចប់ការសួរដេញដោល កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១១។
អតីតប្រធានមន្ទីរប្រឆាំងគ្រឿង លោកឧត្តមសេនីយ៍ឯក ម៉ឹក ដារ៉ា អតីតអគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងជាអតីតប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ព្រមទាំងកូនចៅ ត្រូវបានចាប់ខ្លួន កាលពីដើមខែមករា ឆ្នាំ២០១១ ជាប់ពាក់ព័ន្ធករណីអំពើពុករលួយស៊ីសំណូកធ្វើទារុណកម្ម និងក្លែងបន្លំឯកសារឈ្មួញគ្រឿងញៀន ទៅជាអ្នកប្រើប្រាស់គ្រឿងញៀន ដើម្បីសម្រាលទោស រួចដោះលែង ជាថ្នូរនឹងលុយសំណូក៕
KMN-Radio
No comments:
Post a Comment
yes