សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 24, 2012


បន្ទាយមានជ័យ: មាន​អំពើហិង្សា​មួយ បានកើត​ឡើង នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១២ ដោយសារ​ប្រជាពលរដ្ឋ​ចំនួន​ជាង ២០០ នាក់ មកពី​ភូមិ​ចំនួន ៨ ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ និង​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រមូល​ផ្តុំគ្នា​ទៅ​ឃាត់​គ្រឿងចក្រ ចូក និង​ឈូសឆាយ​ដីព្រៃ​ចំនួន ១៧ គ្រឿង​។​

​គ្រឿងចក្រ​ទាំងនោះ ជា​អ្នក​ស៊ី​ឈ្មួ​ល​ឈូសឆាយដី​សម្បទាន​សេដ្ឋកិច្ច ដែល​រាជរដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ក្នុងចំណោម​ដី ៦.០០០ ហិច​តា នៅ​ចំណុច​ចន្លោះ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ និង​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​។​
​ក្នុង​ហេតុការណ៍​នោះ ក្រុម​ប្រជាពលរដ្ឋ ដែលមាន​កំហឹង​បាន​ទាស់សំដី​ជាមួយ​អ្នក​ស៊ី​ឈ្មួ​ល​ឈូសឆាយ​ដីព្រៃ​សម្បទាន ឲ្យ​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ម្តង​រួចមកហើយ ហើយ​បញ្ជា​ឲ្យ​អ្នក​ឈូសឆាយដី​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការឈូសឆាយដី​ព្រៃ ព្រោះ​វា​បានធ្វើ​ប៉ះពាល់​ដីស្រែ​របស់​ពួកគាត់​។ 

​ចំណែក​អ្នកការពារ​ដីព្រៃ​នេះ បាន​និយាយថា ពួកគាត់​មិនអាច​បញ្ឈប់​បានទេ ព្រោះ​ពួកគាត់​ឈូសឆាយដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ហើយ​បាន​ទាស់​ពាក្យសំដី​គ្នា រហូតដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១២ ក្រុម​ប្រជាពលរដ្ឋ​ក៏បាន​នាំគ្នា​ជាង ២០០ នាក់ មក​តវ៉ា​សារជាថ្មី​នៅ​កន្លែង​ឈូសឆាយ​ដីព្រៃ​នេះ​។​

​ក្រុម​ប្រជាពលរដ្ឋ​ប្រដាប់​ដោយ​ចប កាំបិត និង​ចំ​ពាម​កៅ​ស៊ី​។ ចំណែក​ឯខាង​អ្នកការពារ​ដី​សម្បទាន​មាន​គ្នា ៤ នាក់ ស្លៀកពាក់ ដូច​ទាហាន មាន​កាំភ្លើង​អាកា​ចំនួន ២​ដើម ក្នុងនោះ​មាន​ម្នាក់​បាន​បាញ់​គំរាម​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រាប់ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលមក​ជិត​គ្រឿងចក្រ​ហើយ​បាន​រំដោះ​រត់គេចខ្លួន​បាត់ទៅ​។ 

​អ្នកបាញ់​កាំភ្លើង​នោះ ឈ្មោះ ម៉ុង ជា​ទាហាន​នៅ​វរ​សេនា​តូច​លេខ​៥០៥ យោធា​ខេត្តបន្ទាយមានជ័យ​។​

​ពាក់ព័ន្ធ​ករណីនេះ លោក ប្លែក វា​រី អភិបាលស្រុក​ថ្មពួក បាន​និយាយថា ករណីនេះ​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ បាន​ឈូសឆាយ​លើដី​ក្រុមហ៊ុន​គេ​ទេ មិនបាន​ឈូស​ប៉ះ​ទៅ​លើដី​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​កាលពីពេល​កន្លងមក​ក្រុមហ៊ុន​បាន​ឈូសឆាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​ប្រជាពលរដ្ឋ ដែល​ធ្វើ​នៅ​ចន្លោះ​ព្រៃ ហើយ​ក្រោយមក​ខាង​ក្រុមហ៊ុន​បាន​ទៅ​លើកយក​ឈើ​របស់គេ​វិញ និង​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ជៀសវាង​មានទំនាស់​ណាមួយ​កើតឡើង​។​

​លោក ប្លែក វា​រី បាន​បន្តថា លោក​បានទទួល​ព័ត៌មាន​ពី​នគរបាល​ថា ក្រុម​ប្រជាពលរដ្ឋ​បាន​ទៅ​ព័ទ្ធ​គ្រឿងចក្រ​របស់​ក្រម​ហ៊ុន ហើយ​សន្តិសុខ​មានការ​ភ័យខ្លាច ក៏​បាញ់​គំរាម​ឡើងលើ​មេឃ ដើម្បី​រំដោះខ្លួន​រត់គេច​។​

​ប៉ុន្តែ​ពលរដ្ឋ​ឈ្មោះ រិ​ន​រី ភេទ​ប្រុស រស់នៅ​ភូមិ​ធ្លក និង​ឈ្មោះ វណ្ណា ភេទ​ស្រី រស់នៅ​ភូមិ​បន្ទាយឆ្មារ​លិច បាន​បញ្ជាក់ថា ពលរដ្ឋ​បាន​ទៅ​ហាមឃាត់​ខាង​គ្រឿង ដែល​ឈូសឆាយដី​របស់​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ជាច្រើនលើក​ជាច្រើន​សារ​មកហើយ ប៉ុន្តែ​ក្រុមហ៊ុន​មិន​អើពើ​ទេ ហើយ​នៅតែ​បន្ត​ឈូសឆាយ​ដល់​ដីស្រែ​ពួកគាត់ ហេតុនេះ ប្រជាពលរដ្ឋ​ប្រើ​សិទ្ធិ​ការពារ និង​បាន​ទៅ​កន្លែង​គ្រឿងចក្រ​ដើម្បី​ធ្វើការ​ហាមឃាត់​។ 

​ក្នុងពេលនោះ ទាហាន​ម្នា​ក់បាន​បាញ់​សំដៅ​មកលើ​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ សឿន ថន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយឆ្មារ​លិច តែ​មិនត្រូវ ខណៈពេល​ជន​នោះ បាន​ភៀសខ្លួន​ធ្លាក់ចូល​ជង្ហុក រួច​ផុតពី​សេចក្តីស្លាប់ ហើយ​ទាហាន​បង្ក បាន​រត់​គេចខ្លួនបាត់​។​

​ប្រជាពលរដ្ឋ​បាន​និយាយថា បើ​ដឹងថា ទាហាន​នោះ បាញ់​សំដៅ​មកលើ​ពលរដ្ឋ​ក្នុង​បំណង​សម្លាប់​ដូច្នេះ ក្រុម​ប្រជាពលរដ្ឋ​ជាង ២០០​នាក់​នោះ មិន​ឲ្យ​ទាហាន​នោះ រត់គេចខ្លួន​បានទេ​។​

​មកដល់​ម៉ោង ៥ ល្ងាច ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១២ ក្រុម​អ្នក​ស៊ី​ឈ្មួ​ល​ឈូសឆាយ​ដីព្រៃ​សម្បទាន​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ បាន​បញ្ឈប់​គ្រឿងចក្រ​ហើ​យ​។ 
​ចំណែក​ក្រុម​ប្រជាពលរដ្ឋ​ទាំងអស់ បាន​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​អស់ហើយ​។ ប៉ុន្តែ​រឿងរ៉ាវ​នេះ នៅតែ​តានតឹង មិនទាន់មាន​ដំណោះស្រាយ​បែបណា​ទេ​៕



CEN

No comments:

Post a Comment

yes