ភ្នំពេញៈ កម្មកររោងចក្រវិនស៊ីនថិច៣នាក់ បានរងរបួសកាលពីម្សិលមិញ នៅក្នុងការបង្ក្រាបកូដកម្មរបស់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដើម្បីរារាំងក្បួនកូដករជាង៩០០នាក់ ដែលដង្ហែក្បួនពីរោងចក្រនៅសង្កាត់ចោមចៅ បម្រុងទៅមុខក្រសួងការងារនិងក្រសួងសង្គមកិច្ច។
ការបង្ក្រាបក្រុមកូដករបានផ្ទុះឡើងនៅពេលដែលក្បួនកូដកម្មរបស់ កម្មករ ជាង៩០០នាក់ ដង្ហែបានប្រមាណ១គីឡូម៉ែត្រពីរោងចក្រ ហើយត្រូវសមត្ថកិច្ចប្រមាណជិត១០០នាក់ ចេញមកបង្ក្រាបនិងរារាំងក្បួនដង្ហែរបស់កម្មករ។
មន្រ្តីសហជីព C.CAWDU អះអាងថា កម្មការិនី ឈ្មោះ រី មុំ អាយុ២១ឆ្នាំ ត្រូវសមត្ថកិច្ចយកដំបងវាយដើមទ្រូង និងដាល់ត្រូវជាច្រើនដៃ ធ្វើឲ្យបែកក្តោងច្រមុះសន្លប់ភ្លាមៗពីម្សិលមិញ។ នាងត្រូវបញ្ជូនទៅរកការសង្គ្រោះនៅមន្ទីរពេទ្យឯកជនក្បែរនោះ។
រីឯកម្មករ សេង រ៉ាវី ត្រូវសមត្ថកិច្ចប្រើដំបងវាយបែកក្បាល ហើយកម្មករ អ៊ិន ហឿង ត្រូវសមត្ថកិច្ចទះកំផ្លៀង ឲ្យរងរបួសស្រាល។
លោក ម៉ែន វណ្ណា អនុប្រធានសហជីព C.CAWDU ប្រចាំរោងចក្រ វីនស៊ីងថិច បានប្រាប់ថា៖ «កម្មករគ្មានអ្វីនៅនឹងដៃទេ ក្រៅពីបដាលើកទាមទារឲ្យថៅកែចេញមកចរចារកដំណោះស្រាយ បន្ទាប់ពីបានធ្វើកូដកម្មរយៈពេល១០ថ្ងៃ ហើយគ្មានលទ្ធផល។ តែប៉ូលិសបានប្រើដំបងវាយទៅលើកម្មករដោយគ្មានប្រណីដៃ»។
លោក ម៉ម ហោ នាយប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ ថា សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានប្រើ កម្លាំងជាច្រើនទៅទប់ស្កាត់ក្បួនកូដកម្មកម្មករកាលពីម្សិលមិញ។ តែលោកមិនដឹងរឿងនេះទេ ។
លោក ប៊ន សំអាត អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បដិសេធមិនអត្ថាធិប្បាយទេកាលពីម្សិលមិញ ហើយថា កំពុងចូលរួមសន្និបាតនៅក្រសួងមហាផ្ទៃ។
កម្មកររោងចក្រ វីន ស៊ីងថិច បានធ្វើកូដកម្មតាំងពីថ្ងៃទី១៦ ខែមីនា ទាមទារលក្ខខណ្ឌការងារ១៦ចំណុច ព្រមទាំងសុំឲ្យមេដឹកនាំសហជីព៥នាក់ចូលធ្វើការវិញ បន្ទាប់ពីក្រុមហ៊ុនព្យួរការងារ។
សេចក្តីព្រាងនៃអនុញ្ញារួមមានជាង២០ប្រការ រួមមាន សុំលុយព្រីម១០ដុល្លារ លុយធ្វើដំណើរនិងស្នាក់នៅ១៥ដុល្លារ សុំបង្កើតមូលនិធិសង្គ្រោះបន្ទាន់ដល់កម្មករ។ល។ ត្រូវបានសហជីពធ្វើឡើងដើម្បីចរចាជាមួយថៅកែ តាំងពីខែកក្កដា ឆ្នាំ២០១១ តែមកដល់ខែមីនានេះ កិច្ចប្រជុំជាច្រើនដង ធ្វើឡើងដោយពុំមានវត្តមានភាគីក្រុមហ៊ុន។
ប៉ុន្តែក្រោយពីមានអំពើហិង្សាម្សិលមិញ ភាគីខាងរោងចក្រនិងមន្រ្តីសហជីព C.CAWDU បានចរចាគ្នាតាំងពីម៉ោង១០ ព្រឹករហូតដល់ម៉ោង៣រសៀល ដើម្បីរកការសម្របសម្រួលគ្នា។
លោក សាន សុផា មន្រ្តីដោះស្រាយវិវាទមកពីC.CAWDU បានឲ្យដឹងថា សហជីពនិងភាគីរោងចក្រស្រុះស្រួលគ្នាលើច្រើនចំណុច។ ដោយក្រុមហ៊ុនព្រមផ្តល់ប្រាក់ធ្វើដំណើរការនិងថ្លៃឈ្នួលផ្ទះចំនួន ៧ដុល្លារ ថៅកែសន្យានឹងធ្វើការព្រមាន និងអប់រំប្រធានរដ្ឋបាលមិនឲ្យរើសអើងសហជីពនិងមើលងាយកម្មករ ក្រុមហ៊ុនយល់ព្រមទទួលថ្នាក់ដឹកនាំសហជីព៥នាក់ឲ្យចូលធ្វើកា រវិញ ជាពិសេសថៅកែរោងចក្រយល់ព្រមចេញមកចរចាជាមួយសហជីពលើអនុសញ្ញា រួមទៀតផង។
លោក សាន សុផា បញ្ជាក់ថា៖«មានប្រការជាង ២០ នៅក្នុងអនុសញ្ញារួមដែលនឹងត្រូវចរចាគ្នាក្រោយពីចូលឆ្នាំខែ្មរ រួច រវាងសហជីពនិងថៅកែរោងចក្រ»។
លោកអះអាងថា បានត្រៀមឯកសារដើម្បីដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងទៅសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលប្រើហិង្សាមកលើកម្មករ។ លោកថា៖ «យើងមានរូបថតដែលមានសកម្មភាពសមត្ថកិច្ចវាយទៅលើកម្មករ ហើយវាជាភស្តុតាងប្តឹងទៅតុលាការ»។
លោក ឈិន តៅ ប្រធានរដ្ឋបាលរោងចក្រ វីនស៊ីងថិច បានឲ្យដឹងថា កម្មករបានសន្យាថានឹងចូលធ្វើការវិញនៅថ្ងៃពុធ បន្ទាប់ពីសំណើពួកគេត្រូវបានក្រុមហ៊ុនឯកភាពទទួលយក។
លោកបញ្ជាក់ថា៖ «ក្រុមហ៊ុននិងមន្រ្តីរដ្ឋបាលមិនខុសទេ តែដើម្បីផ្សះផ្សានិងដើម្បីមុខមាត់ ប្រទេស ក្រុមហ៊ុនព្រមទទួលយកសំណើកម្មករ និងព្រមចេញលិខិតព្រមានមន្រ្តីរដ្ឋបាល៣នាក់ ដើម្បីបញ្ចប់វិវាទ»។
លោក មឿន តុលា ប្រធានផ្នែកកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់ សហគមន៍បានឲ្យដឹងថា៖ «ការប្រើហិង្សាមកលើកម្មករ សមត្ថកិច្ចបានបំពានលើក្រមព្រហ្មទណ្ឌ និងរំលោភសិទ្ធិមនុស្ស។ សំណើ១៦ចំណុច របស់កម្មករមានខ្លះនៅក្នុងច្បាប់ ខ្លះទៀតពុំមានចែងក្នុងច្បាប់ទេ ដូចជាការសុំឲ្យដកប្រធានរដ្ឋបាលជាដើម តែសំណើទាំងនោះគឺសុទ្ធតែអាចជជែកគ្នាបាន»៕
No comments:
Post a Comment
yes