ភ្លាមៗក្រោយពីការបាញ់ប្រហារទៅលើក្រុមអ្នកការពារបរិស្ថាន និងមានអ្នកកាសែតឌឺឃែមបូឌាដេលី២នាក់ត្រូវគេរាយការណ៍ថា បាត់ខ្លួននៅក្នុងហេតុការណ៍នោះ ក្លឹបអ្នកកាសែតកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយនៅរសៀលនេះដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពអ្នកកាសែត។ តាមព័ត៌មានដែល ក.អ.ក ទទួលបាន ហេតុការណ៍បាញ់ប្រហារនោះកើតឡើងនៅវេលា ម៉ោង ១២ ថ្ងៃត្រង់ទី ២៦ ខែ មេសា ឆ្នាំ ២០១២ នៅក្នុងព្រៃចំណុចឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្ត កោះកុង ក្នុងពេលដែលអ្នកកាសែតឌីឃែមបូឌាដេលីនិងមន្ត្រីបរិស្ថានចុះបេសកកម្មយកព័ត៌មានអំពី ការកាប់បំផ្លាញព្រៃឈើនៅចំណុចកើតហេតុ ។
ក្លឹបអ្នកកាសែតកម្ពុជា មានក្តីរន្ធត់យ៉ាងខ្លាំងដោយបានទទួលដំណឹងអំពីឃាតកម្មដ៏សោកសង្រេងនិង ការបាត់ខ្លួនអ្នកកាសែតទាំងពីររូបនេះ ។ ក.អ.ក សូមសម្តែងការសោក ស្តាយនិងចូលរួមមរណៈ ទុក្ខចំពោះមរណភាពរបស់ជនរងគ្រោះ និងសម្តែងការព្រួយបារម្ភចំពោះ សុវត្ថិភាពអ្នកកាសែត ទាំងពីររូបដែលបាត់ខ្លួននិងមិនទាន់ទទួលដំណឹងរហូតមកដល់ពេលនេះ ។ ក្លឹបអ្នកកាសែតកម្ពុជា ក៏បានថ្កោលទោស ចំពោះអំពើឃាតកម្មខាង លើនេះ និងទាមទារ ឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតនិង ស្វែងរកចាប់ខ្លួនឃាតករនិង អ្នកជាប់ពាក់ព័ន្ធបញ្ជូន ទៅតុលាការ ដើម្បីផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន បើទោះជាឃាតកម្មនោះបណ្តាលមកពី មូលហេតុអ្វីក៏ដោយ ។
សូមបញ្ជាក់ថា អ្នកកាសែតទាំងពីរនាក់ដែលនៅក្នុងហេតុការណ៍នោះគឺទី១ឈ្មោះ ផន បុប្ជា ជនជាតិខ្មែរ និងទី២ ឈ្មោះ Olesia PloKhii ជនជាតិអាមេរិកកាំង៕
No comments:
Post a Comment
yes