លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ជាប់សង្ស័យថាបានបាញ់កម្មកររបួស
©rfi
សហព័ន្ធសហជីពអន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជានាំខ្លួនជនល្មើសលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតដែលបានបាញ់កម្មការិនីរោងចក្រកាត់ដេរ៣នាក់ឲ្យរបួសធ្ងន់កាលពីខែកុម្ភៈយកមកកាត់ទោស។ តាមសហជីពកម្មករអន្តរជាតិគ្មានអំពើហិង្សាណាមួយ ត្រូវយកមកប្រើនៅក្នុងវិស័យទំនាក់ទំនងឧស្សាហកម្មកាត់ដេរឡើយ។ មួយវិញទៀត សកម្មភាពប្រឆាំងនឹងកម្មករយ៉ាងនេះវាមិនគ្រាន់តែជាទង្វើឧក្រិដ្ឋកម្មដ៏គួរភ័យខ្លាចប៉ុណ្ណោះទេតែវាក៏ជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញានៃអង្គការពលកម្មអន្តរជាតិផងដែរ។
សហព័ន្ធសហជីពអន្តរជាតិ ( International Trade Union Confederation ) ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសសឹង្ហបុរី បានជំរុញអោយរដ្ឋាភិបាលកម្ពុជា នាំខ្លួនជនល្មើស ជាអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលបានបាញ់ស្ត្រីកម្មកររោងចក្រកាត់ដេរ ឲ្យរបួស ស្ទែរតែស្លាប់ មកកាត់ទោស។
ការជំរុញដូច្នេះ បានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ ដាក់ទៅកាន់លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃ២៣មេសា។
ប្រធានសហព័ន្ធសហជីពអន្តរជាតិលោក Sanjeeva Reedy បានសរសេរនៅក្នុងលិខិតថា “គ្មានអំពើហិង្សាណាមួយ ត្រូវយកមកប្រើនៅក្នុងវិស័យទំនាក់ទំនងឧស្សាហកម្មឡើយបើទោះជាក្រោមហេតុផលអ្វីក៏ដោយ។ ម្យ៉ាងទៀត សកម្មភាពប្រឆាំងនឹងកម្មករយ៉ាងនេះវាមិនគ្រាន់តែជាទង្វើឧក្រិដ្ឋកម្មដ៏គួរភ័យខ្លាចប៉ុណ្ណោះទេ តែវាក៏ជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញានៃអង្គការពលកម្មអន្តរជាតិ ត្រង់ចំនុចនិយាយអំពីសិទ្ធិសេរីភាពក្នុងការជួបជុំ”។
លោក Sanjeeva Reedy បានសរសេរប្រាប់លោករដ្ឋមន្ត្រីវងសូតបន្ថែមថា “សហព័ន្ធសហជីពអន្តរជាតិ ប្រចាំអាស៊ីប៉ាស៊ីហ្វិក សូមជំរុញអោយលោក ពន្លឿនការស៊ើបអង្កេត អោយម៉ត់ចត់ ដើម្បីនាំយកជនល្មើសមកផ្តន្ទាទោស។ បើធ្វើយ៉ាងដូច្នេះបាននេះ គឺជាសញ្ញាយ៉ាងច្បាស់សម្រាប់បញ្ជាក់ដៃគូថា រដ្ឋាភិបាលកម្ពុជា មានគោលនយោបាយច្បាស់លាស់ ក្នុងការធានា និងលើកតម្កើងសន្តិភាពឧស្សាហកម្ម”។
សហព័ន្ធសហជីពអន្តរជាតិ គឺជាបណ្តុំនៃសហជីពចំនួន៥១ មកពីប្រទេសចំនួន២៩ នៅអាស៊ី និងអាស៊ីប៉ាស៊ីហ្វិក ហើយមានសមាជិកជាកម្មករសរុប ៣៣លាននាក់។ នៅក្នុងពិភពលោក សហព័ន្ធសហជីពអន្តរជាតិ តំណាងអោយកម្មករ ១៧៥ លាននាក់ មកពី ១៥១ ប្រទេស បូករួមទាំងប្រទេសកម្ពុជាផង។
មិនទាន់មានការឆ្លើយតបបែបណាពីលោក វង សូតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅឡើយទេ។
លោក រ៉ុង ឈុនប្រធានសហភាពសហជីពកម្ពុជា បានសរសេរលិខិតបញ្ជូនទៅប្រធានអង្គការពលកម្មអន្តរជាតិ ILO និងប្រធានសហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ ITUC ដើម្បីជូនដំណឹងពីករណីអតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត។ អតីតអភិបាលក្រុងបាវិត ដែលជាសែស្រឡាយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មិនត្រូវបានចាប់ខ្លួន យកទៅកាន់ទោសទេ បែរជាតុលាការសម្រាលបទចោទប្រកាន់ មកនៅត្រឹមបទល្មើសមជ្ឈឹម គឺបទបង្ករបួសស្នាម ដោយអចេតនា។
មកដល់ពេលនេះតុលាការខេត្តស្វាយរៀងកំពុងដំណើរការសំណុំរឿងក្តីប្រឆាំងអតីតអភិបាលក្រុងបាវិតដោយអនុញ្ញាតឲ្យជនជាប់ចោទលោក ឈូក បណ្ឌិត នៅក្រៅមន្ទីរឃុំឃាំងបើទោះបីជាសកម្មជនអង្គការសិទ្ធិមនុស្ស ក្រុមស្ត្រីជនរងគ្រោះនិងមេដឹកនាំសហជីពកម្មករ រិះគន់ និងប្រឆាំងតវ៉ាចំពោះការសម្រាលបទចោទប្រកាន់ យ៉ាងណាក៏ដោយ៕
No comments:
Post a Comment
yes