ភ្នំពេញៈ មន្រ្តី ដែលតាមច្បាប់ មានកាតព្វកិច្ចមិនត្រូវចូលរួមក្នុងយុទ្ធនាការនយោបាយ បានរំលោភលើបទប្បញ្ញតិ្តស្តីពីការបោះឆ្នោត ២០០ ដង ក្នុងរយៈពេល ៤ ខែ គិតត្រឹមថ្ងៃទី ៣១ ខែមករា។ នេះបើយោងតាមអង្គការ ខុម ហ្វ្រែល បានចោទប្រកាន់ក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីម្សិលមិញ។
មន្រ្តីរាជការ នគរបាល និងកងទ័ព ត្រូវបានរកឃើញក្នុងរបាយការណ៍ថា បានរំលោភបទប្បញ្ញតិ្តជាលក្ខណៈប្រព័ន្ធ ដែលជាទូទៅ គឺដើម្បីប្រយោជន៍គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ចំណែកឯទ្រព្យសម្បតិ្តរដ្ឋ ក៏ត្រូវបានប្រើប្រាស់ដោយខុសឆ្គង ដើម្បីប្រយោជន៍នយោបាយផងដែរ។ របាយការណ៍រកឃើញទៀតថា បើទោះបីជាបទប្បញ្ញតិ្តច្បាប់ហាមឃាត់ដាច់ខាតមិនឲ្យមន្រ្តី រដ្ឋចូលរួមក្នុងសកម្មភាពនយោបាយក៏ដោយ ក៏ប៉ុន្តែ «ការអនុវត្តនេះ កំពុងគាំទ្រ និងលើកទឹកចិត្តយ៉ាងសកម្ម ដោយគណបក្សប្រជាជន ក្នុងគោលបំណងទ្រទ្រង់ និងពង្រឹងការគាំទ្រផ្នែកនយោបាយរបស់ខ្លួន។
របាយការណ៍បានរាយជាបញ្ជី និងចុះកាលបរិច្ឆេទនៃព្រឹត្តិការណ៍ ដែលមន្រ្តីជាន់ខ្ពស់ ក្នុងនោះមានអភិបាលខេត្ត និងស្រុក/ខណ្ឌ ប្រធាននាយកដ្ឋានក្នុងរដ្ឋាភិបាល មន្រ្តីតុលាការ មន្ត្រីនគរបាល និងមន្ត្រីកងទ័ព បានចូលរួមក្នុងសកម្មភាពនយោបាយដែលត្រូវបានហាមឃាត់។
លោក គល់ បញ្ញា នាយកប្រតិបតិ្តអង្គការ ខុម ហ្វ្រែល បានថ្លែងកាលពីម្សិលមិញថា លោកសង្ឃឹមថា ការរកឃើញនេះនឹងលើកកម្ពស់ការយល់ដឹងពីបញ្ញតិ្តច្បាប់ទាក់ទងនឹង សកម្មភាពនយោបាយ ដែលមន្រ្តីមានកាតព្វកិច្ចត្រូវអនុវត្តតាម។ លោកបន្តថា៖ «[ខ្ញុំចង់]បង្កើនការយល់ដឹងជាសាធារណៈពីបញ្ហានោះ និងក្នុងចំណោមមន្រ្តីរាជការ យោធា និងនគរបាល។ គេគួរយល់ដឹងថា គេកំពុងល្មើសច្បាប់ ព្រោះពេលខ្លះ គេមិនយល់ទេ»។
លោក គល់ បញ្ញា បានបន្ថែមថា មន្រ្តីទាំងនេះជាច្រើននាក់គ្រាន់តែជឿជាក់ថា វាជាកាតព្វកិច្ចរបស់ពួកគេក្នុងការធ្វើយុទ្ធនាការ តាងនាមឲ្យគណបក្សប្រជាជនកម្ពុជា ដោយមិនបានដឹងថា វាជារឿងខុសច្បាប់នោះទេ។
លោកលើកឡើងថា វាពិបាកនឹងយល់ណាស់ថា តើគណបក្សដទៃទៀត អាចទទួលបានអត្ថប្រយោជន៍ពីកម្រិតណានោះ ព្រោះអ្នកទាំងឡាយដែលគាំទ្រគណបក្សប្រជាជនជាអ្នកតែមួយគត់ ដែលរំលោភច្បាប់បោះឆ្នោតយ៉ាងច្បាស់ក្រឡែកតាមវិធីនេះ។
របាយការណ៍របស់អង្គការ ខុម ហ្វ្រែល ក៏រកឃើញផងដែរថា លទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានគ្របដណ្តប់ដោយគណបក្សប្រជាជនកម្ពុជា។
លោកឧត្តមសេនីយ៍ទោ សួន ផល្លា នាយកសាលាមធ្យមវិជ្ជាជីវៈនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងជាមន្រ្តីម្នាក់ក្នុងចំណោមមន្រ្តីជាច្រើននាក់ ដែលបានចោទប្រកាន់ក្នុងរបាយការណ៍នោះ បានបដិសេធថា ការជួបប្រជុំជាមួយនឹងសមាជិកគណបក្សប្រជាជន នៅមុនយុទ្ធនាការឃោសនាបោះឆ្នោតមិនមែនជារឿងខុសច្បាប់នោះទេ។ លោកបានលើកឡើងថា៖ «ការចោទប្រកាន់របស់[អង្គការខុម ហ្វ្រែល] មិនត្រឹមត្រូវទេ។ ម្យ៉ាងទៀត ខ្ញុំប្រើថ្ងៃចុងសប្តាហ៍របស់ខ្ញុំ ដើម្បីធ្វើយុទ្ធនាការនយោបាយ មិនមែនថ្ងៃធ្វើការ ហើយវាមិនមែនរំលោភច្បាប់នោះទេ គ្មានច្បាប់ហាមឃាត់ខ្ញុំទេ»។ លោកបន្តថា លោកមិនបានប្រើតំណែងរបស់លោកទេ នៅពេលធ្វើយុទ្ធនាការ។
យ៉ាងណាក្តី អង្គការខុម ហ្វ្រែល បានទទួលស្គាល់ ក្នុងរបាយការណ៍ថា បទប្បញ្ញតិ្តរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបទប្បញ្ញតិ្តផ្ទុយគ្នា ដែលអនុញ្ញាតឲ្យមន្រ្តីធ្វើយុទ្ធនាការនៅក្រៅម៉ោងធ្វើការ។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បានបញ្ជាក់ថា ការប្រើប្រាស់ធនធានរដ្ឋ ដែលក្នុងនោះរួមមានមន្រ្តី រាជការ ដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជារឿងខុសច្បាប់។ លោកលើកឡើងថា៖ «វារំលោភច្បាប់បោះឆ្នោត»។ លោកបានបន្ថែមថា៖ «ក្នុងករណីប្រើអគាររដ្ឋដើម្បីគោលបំណងនយោបាយ គណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់អាចព្រមានពួកគេ ឬប្រសិនបើគេមិនស្តាប់ គេនឹងត្រូវពិន័យពី ៥ ទៅ ១០ លានរៀល»៕ TK
No comments:
Post a Comment
yes