ភ្នំពេញ៖ កម្មករ ចំនួន៣នាក់ ជាតំណាងឲ្យ សហជីព សេរីកម្មករ បានបាត់ខ្លួន ដោយគ្មានមូលហេតុ បន្ទាប់ពីពួកគេបានចប់កុងត្រា ជាមួយរោងចក្រឃ្វៃយ៉ាង (Kwei Yang Cambodia) Co,Ltd រយៈពេលបីខែជាមួយរោងចក្រ ប៉ុន្តែប្រធានសហជីពបានអះអាងថា ការបាត់ខ្លួននេះ ដោយសារភាគីរោងចក្រ បានទិញទឹកចិត្តរបស់ពួកគេក្នុងម្នាក់ចំនួន៤០០ដុល្លារ។
ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ថា សហជីពរបស់លោកចំនួន៣នាក់ បម្រើការងារនៅក្នុងរោងចក្រអស់រយៈពេលជាង៣ឆ្នាំមកហើយ ប៉ុន្តែទើបតែ កាលពីថ្ងៃទី២៨ ឧសភាម្សិលមិញនេះ ភាគីរោងចក្របានទៅជួបនិយាយជាមួយពួកគេ ដោយតម្រូវឲ្យម្នាក់ចំនួន៤០០ដុល្លារ ដោយត្រូវ បញ្ឈប់សកម្មភាពតវ៉ាទាំងអស់នៅក្នុងក្រុមហ៊ុន ហើយបន្ទាប់ពីនោះមក នៅថ្ងៃអង្គារ៍នេះ ស្រាប់តែលោកបានទាក់ទងទៅពួកគេ ប៉ុន្តែទូរស័ព្ទមិនអាចទាក់ទងបាន ហើយក៏មិនបានដឹងថាពួកគេទៅទីណានោះទេ។
លោកបញ្ជាក់ថា «ត្រូវបានរោងចក្រទិញមេដឹកនាំសហជីព៣នាក់ គេ (រោងចក្រ) ទិញពួកគាត់មិនឲ្យធ្វើដំណាង ដោយបញ្ឈប់ពីការងារ មិនឲ្យធ្វើជាមេដឹកនាំសហជីពបន្តទៀត។ ល្ងាចមិញនេះ ពួកគាត់ទៅយកលុយពីគេ ដោយគេបង្ខំឲ្យទទួលយកលុយ បើមិនយកទេ គេប្រាប់ឲ្យពួកគាត់ប្រយ័ត្នខ្លួន»។
លោកបន្តថា អ្នកទាំងបីដែលត្រូវបានរោងចក្រទិញនោះ ទី១ ឈ្មោះ អៀន កុសល. ទី២ ប៉ិច ចាន់នី និងទី៣ ឈ្មោះ សេង ម៉ៅ ភេទស្រី បើតាមផ្លូវច្បាប់មិនត្រូវទិញជួញដូរមនុស្សបែបនេះទេ ព្រោះវាខុសទៅនឹងផ្លូវច្បាប់ ហើយលោកក៏បានដាក់ពាក្យប្តឹង ទៅរដ្ឋមន្រ្តីក្រសួងការងារ ឲ្យជួយអន្តរាគមន៍ក្នុងករណីនេះផងដែរ។
ប្រធានផ្នែករដ្ឋបាលរោងចក្រ ឃ្វៃយ៉ាង បានឲ្យដឹងថា ការពិតអ្នកទាំងបីនោះ មិនមែនជាសហជីពសេរីកម្មករទេ ពួកគេជាកម្មករ ហើយក៏បញ្ចប់កុងត្រាជាមួយក្រុមហ៊ុន ដែលមានត្រឹមតែរយៈពេល៣ខែតែប៉ុណ្ណោះ ដោយពួកគេក៏បានបើកប្រាក់ពី ក្រុមហ៊ុន យ៉ាងត្រឹមត្រូវ។ គឺគ្មានការទិញដូរអ្វី ដូចជាការលើកឡើងរបស់មតិមួយចំនួននោះទេ ពួកគាត់បានមកបើកប្រាក់ខែ និងប្រាក់បំណាច់ផ្សេងៗ ហើយនេះក៏មិនមែនជាការបញ្ឈប់នោះឡើយ គឺជាការលាលែងដោយខ្លួនឯង។
លោកបន្តថា «ពួកគាត់បានលាឈប់ពីការងារ ហើយខ្ញុំក៏មានឯកសារត្រឹមត្រូវ ក្នុងឯកសារលាឈប់នោះបានដាក់ថា ជាប់រវល់នឹងការងារផ្សេង មានធុរៈនៅផ្ទះ និងមិនចង់ធ្វើការ ដោយមានការផ្តិតមេដៃត្រឹមត្រូវ ហើយវាមិនអាចនោះទេ ថាយើងទៅទិញមនុស្សអីនោះ ព្រោះមនុស្សចាស់ហើយ មិនមានការទិញដូរកូនក្មេងទេ» ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា រោងចក្រឃ្វៃយ៉ាង ស្ថិតនៅខេត្តកំពង់ស្ពឺ ដែលជាសមាជិករបស់សមាគមកាត់ដេរកម្ពុជា GMAC បានទិញថ្នាក់ដឹកនាំរបស់សហជីពសេរីកម្មករ ដោយរោងចក្រនេះបានល្មើសនឹងបទដ្ឋានជាតិ និងអន្តរជាតិ របស់អង្គការពលកម្មអន្តរជាតិ ILO ដែលបានចែង។ ថ្នាក់ដឹកនាំសហជីព៣រូបនេះ កំពុងតែបាត់ខ្លួនគ្មានដំណឹង ហើយសហជីពកំពុងតែស្វែងរកអ្នកទាំងបីនោះ៕
No comments:
Post a Comment
yes