ក្រុមអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ីបានឲ្យដឹងថា ពួកគេបានការអនុញ្ញាតិពីប្រធានពន្ធនាគាររួចហើយ ដើម្បីទៅសាកសួរ សុខទុក្ខ ស្រ្តីតំណាង អ្នកភូមិបឹងកក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស នាថ្ងៃទី ៤ ខែ មិថុនា ក្រោយនេះ ។
លោក ស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តខេត្តកំពត របស់គណបក្សប្រឆាំង បានថ្លែងប្រាប់ទស្សនាវដ្ដីសារព័ត៌មានសេរី នាថ្ងៃអង្គារនេះថា ” យើងបានការអនុញ្ញាតិរួចហើយ ពីខាងពន្ធនាគារ ។ ហើយនៅថ្ងៃទី៤ មិថុនា អ្នកតំណាងរាស្រ្ត របស់គណបក្សសម រង្ស៊ី នឹង ទៅសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលត្រូវបានតុលាការ កាត់ទោស យ៉ាងអយុត្តិធម៌ នៅពន្ធនាគារព្រៃស..” ។
កាលពីថ្ងៃទី ២២ ខែ ឧសភា កងកម្លាំងប្រដាបអាវុធ របស់អាជ្ញាធរក្រុងភ្នំពេញជាច្រើនរយនាក់ បានចាប់ខ្លួនស្រ្តីតំណាងអ្នកភូមិបឹងកក់ ១៣ នាក់ ដែលបានប្រឆាំងតវ៉ា ចំពោះការរារាំង មិនឲ្យក្រុមអ្នកភូមិ ធ្វើការជួសជុលផ្ទះ ដែលត្រូវបានបូមដីចាក់ពន្លិច ដោយក្រុមហ៊ុន ស៊ូកាគូអ៊ីន នៃ ព្រឹទ្ធសមាជិកពីបក្សប្រជាជនឈ្មោះ ឡាវ ម៉េងឃីន ដែលទទួលបានសិទ្ធិវិនិយោគ៩៩ឆ្នាំពីរដ្ឋាភិបាល លើតំបន់បឹងកក់ដែលមានទំហំជាង ១៣០ ហិកតា។
រំលងពីរថ្ងៃនៃការចាប់នោះ គឺ នៅថ្ងៃទី ២៥ ឧសភា តុលាការក្រុងភ្នំពេញ បានសម្រេចកាត់ទោស យ៉ាងប្រញាប់ប្រញាលទៅលើស្រ្តីតំណាងអ្នកភូមិទាំងនោះ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ២ឆ្នាំ កន្លះក្រោម បទបះបោរ និង កាន់កាប់ដីខុសច្បាប់ ។ ក្នុងថ្ងៃនោះ ស្រ្តីអ្នកភូមិ ២ នាក់ទៀត ដែលបានទាមទារឲ្យមានការដោះលែងអ្នកតំណាងរបស់ពួកគេ ក៏ត្រូវបានចាប់ខ្លួន ដោយកម្លាំងអាជ្ញាធរផងដែរ ។ ដែលធ្វើឲ្យស្រ្តីអ្នកភូមិបឹងកក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារ ពេលនេះ កើនដល់១៥នាក់ហើយ ។
លោកស្រី មួរ សុខហួរ បានមានប្រសាសន៏ហៅការកាត់ទោស ដោយតុលាការក្រុងភ្នំពេញ ទៅលើតំណាងអ្នកអ្នកភូមិទាំង១៣ នាក់នោះថា ជាការកាត់ទោសដោយបំពានច្បាប់ , និងមានសភាពអាក្រក់ ឃោរឃៅ ដូចទិដ្ឋភាព ដែលគេធ្លាប់បានឃើញ ក្នុងរបបខ្មែរក្រហម ។
លោកស្រីបានថ្លែងលើកឡើងដូច្នេះថា ” ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះករណីនេះ ។ តុលាការកាត់ទោសប្រជាពលរដ្ឋ ខុសនីតិវិធី ។ នេះ ជាការបង្ហាញឲ្យឃើញថា នៅខាងក្រោយខ្នង របស់ពួកគេ គឺ អ្នកមានអំណាចបច្ចុប្បន្ន ។ កាត់ទោសមនុស្សទាំងជុង ដោយគ្មានការស៊ើបអង្កេត ត្រឹមត្រូវ ..នេះមិនខុសពីពួកខ្មែរក្រហមឡើយ ..” ៕
No comments:
Post a Comment
yes