សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 22, 2012

ក្មួយ​ប្រុស​លោក ហ៊ុន សែន ត្រៀម​ប្ដឹង​កាសែត The Age របស់​អូស្ត្រាលី


ក្មួយ​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ឧកញ៉ា ហ៊ុន តូ បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ក្រោយ​ពី​បាន​ទៅ​ទស្សនកិច្ច​ឯកជន​រយៈពេល​ជាង​ពីរ​សប្ដាហ៍ នៅ​ប្រទេស​អូស្ត្រាលី (Australia) ជា​ទី​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​នគរបាល​អូស្ត្រាលី​បាន​ស្វែង​រក​ចាប់​ខ្លួន​លោក​កន្លង​មក។
RFA/Sok Serey
លោក​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិល​ត្រឡប់​ពី​ប្រទេស​អូស្ត្រាលី ក្នុង​សន្និសីទ​កាសែត នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១២។
លោក​ឧកញ៉ា ហ៊ុន តូ បាន​ជួល​មេធាវី​ចំនួន​ពីរ​នាក់ ដើម្បី​រៀប​ចំ​ពាក្យ​បណ្ដឹង ប្ដឹង​កាសែត​អូស្ត្រាលី​មួយ​ឈ្មោះ The Age ក្រោម​បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្រោយ​ពី​កាសែត​នេះ​បាន​ចេញ​ផ្សាយ​ចោទ​ប្រកាន់​កាល​ពី​ខែ​មីនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​ថា នគរបាល​អូស្ត្រាលី​បាន​ស្វែង​រក​ចាប់​ខ្លួន​លោក​ឧកញ៉ា ហ៊ុន តូ ក្រោម​បទ​ជួញ​ដូរ​គ្រឿង​ញៀន និង​លាង​លុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី កន្លង​មក។
ការ​មក​ដល់​របស់​លោក​ឧកញ៉ា ហ៊ុន តូ នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១២ ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​អ្នក​នាំ​ពាក្យ នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។
លោក​ឧកញ៉ា ហ៊ុន តូ មិន​បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​អ្វី​ទេ ចំពោះ​សំនួរ​របស់​អ្នក​កាសែត ប៉ុន្តែ​លោក​ធ្លាប់​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ តាម​ទូរស័ព្ទ ពី​ប្រទេស​អូស្ត្រាលី​មក​ថា លោក​បាន​ផ្តល់​សិទ្ធិ​នានា ឲ្យ​មេធាវី​ចាត់​ការ​ប្ដឹង​កាសែត​នោះ​ហើយ។

លោក​ឧកញ៉ា ហ៊ុន តូ៖ «គិត​មើល​ថា បើ​សិន​ខ្ញុំ​ពាក់​ព័ន្ធ​ជាមួយ​គ្រឿង​ញៀន ខ្ញុំ​ចូល​ដល់​ដី​អូស្ត្រាលី​ហ្នឹង គេ​ចាប់​ខ្ញុំ​បាត់​ទៅ​ហើយ។ អីចឹង មាន​ន័យ​ថា ពួក​កាសែត​ហ្នឹង វា​ដើរ​ចោទ​គេ តែ​ផ្ដេសផ្ដាស​អីចឹង វា​អត់​ល្អ​ប៉ុន្មាន​ទេ ប៉ះពាល់​ដល់​កិត្តិយស​ក្រុម​គ្រួសារ​របស់​ខ្ញុំ ហើយ​ប៉ះពាល់​ដល់​ការងារ​រក​ស៊ី​របស់​ខ្ញុំ​ទៀត។ មេធាវី​ខ្ញុំ គឺ​ស្ថានទូត​របស់​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​ស្រុក​ខ្មែរ គេ​អ្នក​ឲ្យ​មក។ ចុះ​ឥឡូវ លោក​ត្រូវ​ដឹង​ហើយ គេ​ចោទ​យើង​របៀប​ម៉េច យើង​ត្រូវ​ប្ដឹង​វា​របៀប​ហ្នឹង​វិញ​ហើយ។ យើង​អត់​មាន​ខុស​អ្វី​ផង អ្នក​ឯង​ចេះ​តែ​ចោទ​ថា រដ្ឋាភិបាល​អូស្ត្រាលី​មក​ចង់​ចាប់​ខ្ញុំ​ស្អី។ ឥឡូវ​ខ្ញុំ​មក ខ្ញុំ​ដើរ​លេង ខ្ញុំ​នាំ​កូន​ខ្ញុំ​មក Queen Land។ ឥឡូវ ខ្ញុំ​នៅ Melbourne។ ខ្ញុំ​មិន​ដែល​រក​ស៊ី​អ្វី​ខុស​ច្បាប់​ផង អ្នក​ឯង​ចេះ​តែ​ចោទ​ខ្ញុំ​ផ្ដេសផ្ដាស វា​អត់​ល្អ​សម្រាប់​ខ្លួន​ខ្ញុំ​ហើយ»
ទាក់​ទង​រឿង​នេះ​ដែរ អ្នក​តំណាង​ឲ្យ​លោក​ឧកញ៉ា ហ៊ុន តូ លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១២ ថា ការ​ប្ដឹង​កាសែត​ឈ្មោះ The Age និង​វត្តមាន​របស់​លោក​ឧកញ៉ា ហ៊ុន តូ នៅ​ប្រទេស​អូស្ត្រាលី​កន្លង​មក​នេះ គឺ​ជា​ការ​ជម្រះ​ការ​សង្ស័យ​នានា​កន្លង​មក។
លោក ផៃ ស៊ីផាន៖ «វា​មិន​ត្រឹម​ត្រូវ គ្រាន់​តែ​ជា​ទិស​ដៅ​មួយ នៃ​ការ​វាយ​ប្រហារ​ដល់​កិត្តិយស​របស់​អ្នក​ឧកញ៉ា ជា​សាមី​ខ្លួន​ផ្ទាល់ ក៏​ដូច​ជា​កិត្តិយស​របស់​អគ្គសេនាបតី​តេជោ ហ៊ុន សែន ក៏​ដូច​ជា​កិត្តិយស​របស់​រាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ឆាក​អន្តរជាតិ។ នេះ​ជា ប៉ាសស្ព័រ (Passport) របស់​អ្នក​ឧកញ៉ា ដែល​លោក​បាន​អញ្ជើញ​មក​វិញ។ ប៉ាសស្ព័រ​នេះ ដែល​គេ​បាន​ចោទ​ប្រកាន់ ប៉ុន្តែ​ការ​ពិត​នោះ លោក​បាន​ទទួល​ទិដ្ឋាការ​រួច​ស្រេច​ទៅ​ហើយ ក្នុង​រយៈពេល​មួយ​ឆ្នាំ ក្នុង​ការ​ធ្វើ​ដំណើរ​ចុះ​ឡើង»
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី លោក បុប ខា (Bob Carr) ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​ជុំវិញ​រឿង​នេះ៕

No comments:

Post a Comment

yes