សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 22, 2012

បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​៧​នាក់​ត្រូវ​ដោះលែង​អោយ​មាន​សេរីភាព


តំណាង​អយ្យកា​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ដោះលែង​បុគ្គលិក​អង្គការ​ប្រឆាំង​បទ​ល្មើស​សង្គម​កម្ពុជា​ចំនួន ៧​នាក់ ឲ្យ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​ឡើង​វិញ ក្រោយ​ពី​បាន​ពិនិត្យ​ទៅ​រក​ឃើញ​ថា បុគ្គលិក​អង្គការ​នេះ ពុំ​បាន​ប្រព្រឹត្តិ​បទ​ល្មើស ហើយ​អង្គការ​នេះ​មាន​លក្ខន្តិកៈ មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០១២ ថា បុគ្គលិក​អង្គការ​ប្រឆាំង​បទ​ល្មើស​សង្គម​នៅ​កម្ពុជា​ទាំង ៧​នាក់​នោះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ កាល​ពី​យប់​ថ្ងៃ​ទី​២១ ខែ​មិថុនា បន្ទាប់​ពី​មន្ត្រី​កង​រាជ​អាវុធហត្ថ បាន​ចាប់​ឃាត់​ខ្លួន​ខណៈ​ដែល​ពួក​គេ​ស្លៀក​ពាក់​ឯក​សណ្ឋាន​ឈុត​ខ្មៅ ធ្វើ​សកម្មភាព​នៅ​ក្នុង​ព្រៃ​នៃ​តំបន់​ជម្រក​សត្វ​ព្រៃ​រនាម​ដូន​សំ ក្នុង​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។
លោក ផាន់ វណ្ណរ័ត្ន៖ «ដល់​ពេល​យើង​ស៊ើប​សួរ​ទៅ ខោ​អាវ​គេ ជា​ឡូហ្គោ​របស់​អង្គការ​គេ មាន​លក្ខន្តិកៈ​របស់​គេ​គ្រប់​គ្រាន់ ត្រឹម​ត្រូវ​ជា​អង្គការ​ប្រឆាំង​បទ​ល្មើស​សង្គម មាន​លក្ខន្តិកៈ​របស់​គេ​ត្រឹមត្រូវ។ អញ្ចឹង​ទៅ វា​ប៉ះពាល់​សិទ្ធិ​របស់​គេ។ អញ្ចឹង ខ្ញុំ​សម្រេច​យប់​មិញ​ឲ្យ​ទៅ​វិញ​ទាំង​យប់ ឲ្យ​គាត់​មាន​សេរីភាព​វិញ។ អា​ហ្នឹង ក្នុង​ដំណាក់​កាល​ឃាត់​ខ្លួន យើង​នៅ​ប្រមូល​ភស្តុតាង​អី​ផ្សេងៗ​ទៀត ប្រសិន​បើ​ថា អត់​មាន​ទេ យើង​តម្កល់​រឿង​ហ្នឹង​ចោល​ទៅ បើ​ថា​មាន យើង​បើក​រឿង​ហ្នឹង​ចោទ​ប្រកាន់​តាម​នីតិវិធី​អញ្ចឹង»

លោក​ឧត្ដម​សេនីយ៍​ទោ រ័ត្ន ស៊្រាង មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ទេ។ ប៉ុន្តែ​នៅ​ក្នុង​របាយការណ៍​ឃាត់​ខ្លួន ដែល​រៀប​ចំ​ឡើង​ដោយ​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដាក់​ជូន​ទៅ​លោក សៅ សុខា អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់​ថា បុគ្គលិក​អង្គការ​ទាំង ៧​នាក់​នេះ បាន​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​មក​ពី​កន្លែង​ផ្សេង ទៅ​កាប់​ទន្ទ្រាន​ដី​លើ​ទីតាំង ៥០០​ហិកតារ ក្នុង​ផ្ទៃ​ដី​ទំហំ ១.៥០០​ហិកតារ ដែល​បាន​គ្រោង​ទុក​បែង​ចែក​របស់​អាជ្ញាធរ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។
មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ លោក អុក កែវរតនៈ បាន​មាន​ប្រសាសន៍​ថា បុគ្គលិក​អង្គការ​ប្រឆាំង​បទ​ល្មើស​នៅ​សង្គម​កម្ពុជា​នេះ បាន​បង្ក​ការ​អុក​ឡុក រំខាន​ដល់​ក្រុម​ការងារ​របស់​អាជ្ញាធរ​ខេត្ត៖ «ព្រោះ​វា​ទាក់​ទិន​ទៅ​បញ្ហា​ទៅ​ទន្ទ្រាន​លើ​ដី ដែល​មាន​អនុក្រឹត្យ ត្រូវ​បែង​ចែក​ជូន​ ប្រជាពលរដ្ឋ វា​បង្ក​អនាធិបតេយ្យ ហើយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល គេ​កាត់​ជូន​ប្រជាពលរដ្ឋ​មាន​ស្ថិតិ​ច្បាស់​លាស់ ហើយ​ដល់​ទៅ​ទន្ទ្រាន​អញ្ចឹង អង្គការ​ទៅ​ធ្វើ​អី​ការងារ​អី​វា​ដែរ បាន​ជា​បង្ក​បញ្ហា​ឲ្យ​គេ​ចាប់​ខ្លួន»
របាយការណ៍​បញ្ជាក់​ថា ជន​ទាំង ៧​នាក់ បាន​បង្ហាញ​ឯកសារ​ក្នុង​នោះ​មាន​លិខិត​អនុស្សរណៈ នៃ​ការ​យោគ​យល់​គ្នា (MOU) រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​សង្គម​ស៊ីវិល សម្រាប់​កិច្ច​សហប្រតិបត្តិការ​ផ្សព្វផ្សាយ​អប់រំ បង្ការ និង​ទប់​ស្កាត់​ការ​យក​កម្រៃ មិន​ស្រប​ច្បាប់​លើ​សេវា​សាធារណៈ នៅ​តាម​ឃុំ​សង្កាត់។
ប្រធាន​សម្រប​សម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុម ចន្ទគា បាន​ថ្លែង​ថា សមាគម អាដហុក មិន​អាច​ធ្វើ​ការ​សន្និដ្ឋាន​បែប​ណា​ទេ ជុំវិញ​ករណី​នេះ រង់​ចាំ​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​មុន​សិន៖ «បើ​សិន​ជា​មាន​លទ្ធផល​ដែល​ការ គេ​ហៅ​ថា ផ្ដល់​នូវ​ប្រឹក្សា​យោបល់ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ជា​បទ​ល្មើស​វិញ គឺ​ជា​ការ​ប្រព្រឹត្ត​ខុស​ហើយ»
លោក អែម សុខា អភិបាល​ស្រុក​ម៉ាឡៃ​ស្ដី​ទី លោក ញ៉ែម សារុន មេ​បញ្ជា​ការ​ផ្នែក​សឹក​រង​ស្រុក​ម៉ាឡៃ លោក ភុំ សារុន នាយក​រង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូន​សំ និង​លោក ឆុន ឡែន ប្រធាន​ទី​ស្នាក់​ការ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូន​សំ បាន​ឲ្យ​ដឹង​ថា ឈ្មោះ គយ លន់ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ឈ្មោះ ស៊ឹម យ៉ុង ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ និង​ឈ្មោះ នី ធឿន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជន​ទាំង​បី​នាក់ បាន​ធ្វើ​សកម្មភាព​បង្កើត​ភូមិ​ថ្មី ក្នុង​តំបន់​ហាម​ឃាត់​រនាម​ដូន​សំ ស្ថិត​នៅ​ចំណុច​សត្វ​ព្រៃ​ឆ្លង​កាត់ អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​ហើយ ដែល​សកម្មភាព​នេះ​ត្រូវ​បាន​អាជ្ញាធរ​មូល​ដ្ឋាន ក៏​ដូច​ជា​មន្ត្រី​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូន​សំ មិន​ឯកភាព​ឲ្យ​ធ្វើ ព្រោះ​ភូមិ​ថ្មី​នេះ អាជ្ញាធរ​ខេត្ត​មិន​ទទួល​ស្គាល់​ឡើយ៕

No comments:

Post a Comment

yes