ស្រ្តីអ្នកបឹងកក់ដែលត្រូវតុលាការក្រុងភ្នំពេញសម្រេចឲ្យមានទោសជាប់ពន្ធនាគារ២ឆ្នាំកន្លះបានគំរាមថា ពួកគេនឹងសម្លាប់ខ្លួន ប្រសិនបើសាលាឧទ្ធរណ៍ដែលគ្រោងបើកសវនាការលើសំណុំរឿងពួកគេនៅថ្ងៃពុធស្អែក នៅតែសម្រេចឲ្យពួកគេមានទោសដដែលនោះ។
លោកស្រី ពង់ ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្សលីកាដូបាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកថា កាលពីពេលថ្មីៗនេះលោកស្រីបានទៅសួរសុខទុក្ខស្រ្តីភូមិបឹងកក់ទាំង១៣នាក់ដែលកំពុងជាប់ឃុំ ហើយពួកគេមួយចំនួនក្នុងចំណោមនោះបានប្រាប់លោកស្រីថា គេនឹងសម្លាប់ខ្លួន ប្រសិនបើសាលាឧទ្ធរណ៍សម្រេចក្តីឲ្យពួកគេជាប់ឃុំដដែលនោះ។
គួររំលឹកថា ស្រ្តីអ្នកបឹងកក់ទាំង១៣នាក់ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី២២ ខែឧសភា ក្នុងពេលដែលពួកគេព្យាយាមបោះបង្គោលកំណត់ព្រំដីផ្ទះចាស់របស់ខ្លួន ដែលក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់ឧកញ៉ា ឡាវ ម៉េងឃីន បានបូមខ្សាច់ពន្លិចនោះ។ បន្ទាប់មកនៅថ្ងៃទី២៤ ខែឧសភា ពួកគេត្រូវបានសម្រេចភ្លាមៗដោយតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ៣០ខែ ចំពោះបទរំលោភយកដីរបស់បុគ្គលឯកជន និងប្រមាថមន្រ្តីសាធារណៈ៕
No comments:
Post a Comment
yes