ឆាយ ច័ន្ទនីដា ( ភ្នំពេញប៉ុស្តិ៏ )
ភ្នំពេញៈ មេធាវីចូលរួមវគ្គបណ្តុះបណ្តាលប្រឆាំងអំពើពុករលួយ បានសម្តែងនូវចម្ងល់ពីឯករាជភាពនៃស្ថាប័នប្រឆាំងអំពើពុករលួយ(ACU) ចំពោះជំនួយឧបត្ថម្ភដែលអាចធ្វើឲ្យអង្គភាពមួយស្ថិតនៅក្រោមឥទ្ធិពល និងមិនអាចចាត់ការរឿងក្តីពាក់ ព័ន្ធនឹងអ្នកឧបត្ថម្ភនោះ។
លោកមេធាវី អាង ឧត្តម បានចោទសួរវាគ្មិនមកពីស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ ទៅ លើជំនួយទាំងឡាយណា ដែល អាចជះឥទ្ធិពលដល់ការសម្រេចរបស់ស្ថាប័នឯករាជ្យនេះ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
លោកថា៖ «អង្គភាពប្រឆាំងអំពើពុករលួយ ថាមិនទទួលជំនួយប៉ះពាល់ផលប្រយោជន៍ តែខ្ញុំឆ្ងល់លើជំនួយមានឥទ្ធិពល។ ឧបមាថា ខ្ញុំជាអ្នកមានលុយ ហើយចង់ឧបត្ថម្ភអង្គភាពនេះ និងមិនចង់បានអ្វីមកវិញទេ។ តែលើកក្រោយ ខ្ញុំពាក់ព័ន្ធអំពើពុករលួយ នោះការសម្រេចចិត្តរបស់ស្ថាប័ននេះនឹងមានបញ្ហា។ នេះអាចជាឥទ្ធិពល»។
លោក ជូង ជូងី មេធាវីធ្លាប់ការពាររឿងរស៊ើបនិងការពារក្តីឲ្យគណបក្សសមរង្ស៊ី លើកថា ទោះលោកជាអ្នកចេះច្បាប់ក្តី ក៏មានមាត្រាជាច្រើនក្នុងច្បាប់ថ្មីមួយនេះ មិនទាន់ធ្វើឲ្យមេធាវីដូចលោកនិងអ្នកច្បាប់ដទៃទៀតសិក្សាស្វែងយល់ឲ្យស៊ីជម្រៅ។
លោកចាប់អារម្មណ៍ទៅលើចំណុចមួយដែលចែងពីជំនួយពីរដ្ឋាភិបាល «គឺអាចស្ថិតក្រោមអំណាចរបស់រដ្ឋាភិបាល» ដែលអង្គភាពពិបាកសម្រេចចិត្តលើសំណុំរឿងពុករលួយពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។
វគ្គនេះជាផ្នែកនៃការផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយដែលទើបប្រកាសឲ្យប្រើក្នុងខែសីហា ឆ្នាំ២០១១ ជាវគ្គកន្លះថ្ងៃ ធ្វើពីថ្ងៃសុក្រសប្តាហ៍មុន រៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយសហការជាមួយក្រុមមេធាវីសំរិទ្ធ។
លោកមេធាវី លី ពីង មកពី ក្រុមមេធាវីសំរិទ្ធថ្លែងថា មាត្រាមួយចំនួនក្នុងច្បាប់នេះទាមទារឲ្យមានការបកស្រាយឲ្យច្បាស់ ដើម្បីឲ្យមានការឯកភាពគ្នា ពីព្រោះមានមាត្រាថ្មីប្រមាណ៣៨ មានការបកស្រាយផ្សេងគ្នា ឧទាហរណ៍ជាក់ស្តែងគឺ«ជំនួយឥទ្ធិពល»ដែលទាមទារឲ្យអង្គភាពធ្វើការបកស្រាយឲ្យច្បាស់។
ដើម្បីជាជំនួយស្មារតីលើច្បាប់នេះលោកថ្លែងថា អង្គភាពប្រឆាំងអំពើពុករលួយនិងក្រសួងយុត្តិធម៌និងអ្នកច្បាប់ ក៏អាចសហការគ្នារៀបចំសៀវភៅមគ្គុទ្ទេសក៍ច្បាប់ ធ្វើការបកស្រាយបញ្ជាក់នូវមាត្រានីមួយៗក្នុងច្បាប់នេះ។ លោកថា៖ «យើងទាមទារឲ្យមានសៀវភៅនេះ ដើម្បីងាយស្រួលអនុវត្ត តែវាទាមទារពេលវេលាបន្តិច»។
លោក អ៊ឹម ឧត្តម ជំនួយការលោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឆ្លើយថា អង្គភាពនេះឯករាជ្យមិនស្ថិតក្រោមឥទ្ធិពលអ្នកណាម្នាក់។ ចំពោះជំនួយវិញ បើ មានភ្ជាប់លក្ខខណ្ឌនោះអង្គភាពនឹងមិនពិចារណាទទួល ហើយប្រធានអង្គភាពជាអ្នកមានសិទ្ធិសម្រេច។ លោកថ្លែងថា៖«បើជំនួយមានភ្ជាប់លក្ខខណ្ឌទាំងឡាយណាដែលនាំឲ្យមានបញ្ហារសើបឬទំនាស់ផលប្រយោជន៍នោះអង្គភាពនឹងមិនទទួលឡើយ»។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនអាចទាក់ទងបានទេ។
លោកស្រី ម៉ម ស៊ីថា នាយកអង្គការគណៈកម្មកាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ ថ្លែងថា អង្គការសង្គមស៊ីវិលបានទាមទារមិនឲ្យថវិកាចំណុះរដ្ឋាភិបាល ដោយសារមើលឃើញអំពើពុករលួយកើតច្រើនក្នុងស្ថាប័នរដ្ឋ ដែលពិបាកទប់ស្កាត់។
អ្នកស្រីបន្តថា៖«កញ្ចប់ថវិកាបើជ្រកក្រោមរដ្ឋាភិបាលឬស្ថាប័នណាមួយ នោះពិបាកក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ»។
តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមាត្រា១៦ថ្មី ចែងថា កញ្ចប់ថវិការបស់អង្គភាពនេះ គឺស្ថិតក្នុងកញ្ចប់ថវិកាជាតិ ប៉ុន្តែ ស្ថាប័ននេះ អាចទទួលជំនួយនានា និងធនធានចាំបាច់ពីរដ្ឋាភិបាល ព្រមទាំងមានសិទ្ធិទទួលអំណោយ ឬ ជំនួយពីអង្គការជាតិ អន្តរជាតិ ដរាបណាជំនួយនោះមិនមានទំនាស់ផលប្រយោជន៍៕
No comments:
Post a Comment
yes