ភ្នំពេញ ៖ ពិធីរៀបអាពាហ៍ពិពាហ៍ ដ៏អធិកអធម ដែលពុំធ្លាប់មាន សម្រាប់គូស្វាមី ភរិយាថ្មី អ៊ុក ណារីម និង ឆោម ឆពុំ ដែលជាអ្នកសិល្បៈដូចគ្នា បានធ្វើឲ្យមានការ ភ្ងាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នករស់នៅ ជាយខាងជើងរាជធានីភ្នំពេញ ពិសេសប្រជាពលរដ្ឋ ក្នុងខណ្ឌសែនសុខ ខណៈដែលអ្នកណាៗ ក៏កោតសរសើរ មិនដាច់ពីមាត់គ្រប់ៗគ្នា ព្រោះពិធីមង្គលការនេះ គេបានសង្កេតឃើញមាន វត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោកជំទាវកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ម៉ែន សំអន លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកជំទាវ និងភរិយាមន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ជាច្រើននាក់ទៀត អញ្ជើញចូលរួមយ៉ាង ច្រើនកុះករ ដែលគ្មាននរណា មិនកោតសរសើរ ចំពោះពិធីមង្គលការ របស់តារាទាំងពីរដួងនេះទេ។
តាំងពីព្រឹកព្រលឹមអុរ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ មានការភ្ញាក់ផ្អើល ខណៈ ដែលពួកគេបានឮ សូរសំឡេងភ្លេងការ និងសង្កេតឃើញមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ មានទាំងកងអង្គរក្ស មន្រ្តី អ.ហ ឈរតម្រៀបគ្នា ត្រៀបត្រា តាំងពីផ្លូវចូលរហូតដល់ រោងជ័យ ដែលធ្វើឲ្យប្រជាពលរដ្ឋ នៅទីនោះមានការ ងឿងឆ្ងល់ជាពន់ពេក ដោយពួកគេបានដក ក ចំហមាត់ អើតមើលគ្រប់ៗគ្នា។ បន្តិចក្រោយមកទើបគេដឹងថា ជាពិធីមង្គលការ របស់តារាចម្រៀង ឆោម ឆពុំ និង អ៊ុក ណារីម ដោយមានការចូលរួម ជាភ្ញៀវកិត្តិយស សុទ្ធសឹងតែជាមន្ត្រីថ្នាក់ធំ ជាពិសេសលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ទើបបានជាមាន មន្រ្តីសមត្ថកិច្ច កងអង្គរក្ស ឈរត្រៀមត្រា ការពារសុវត្ថិភាពាសពេញផ្លូវ ។
ពិធីមង្គលការតារា២ដួងនេះ ត្រូវបានគេចាត់ទុកថា ជាពិធីមង្គលការ ប្រវត្តិសាស្រ្តមួយ របស់តារាខ្មែរ បើទោះបីជាគូរស្នេហ៍ អ្នកសិល្បៈល្បីៗ ជាច្រើនរូប បានរៀបការ ផ្អើលពិភពលសិល្បៈ និងទទួលភ្ញៀវ នៅក្នុងសណ្ឋាគារ លំដាប់ផ្កាយ ៥យ៉ាងណាក៏ដោយ ក៏មើលទៅ មិនមានទំហំធំធេង ឬមិនអាចប្រដូចនឹង អាពាហ៍ពិពាហ៍របស់ អ៊ុក ណារីម និង ឆោម ឆពុំ បាននោះទេ ដោយសារតែមង្គលការនេះ គឺបានរៀបចំចាត់ចែង ទទួលខុសត្រូវផ្ទាល់ ពីសំណាក់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន តែម្តង ។
ពិធីរៀបអាពាហ៍ពិពាហ៍ដ៏កម្រ ដែលទទួលបានការយកចិត្តទុក ដាក់ពីសំណាក់ ភរិយាជាថ្នាក់ ដឹកនាំកំពូលប្រចាំ ប្រទេសនៅពេលនេះ លោកជំទាវកិត្តិព្រឹទ្ធិបណ្ឌិត បានផ្តល់ជួនដល់ គូរស្វាមីភរិយាថ្មី នូវគ្រឿងពេជ្រមួយឈុត ដែលមានតម្លៃរាប់ម៉ឺនដុលា្លរ ដើម្បីបំពាក់ឲ្យ គ្នាទៅវិញទៅមក ជាចំណងដៃដ៏ឧត្តុងឧត្តម របស់លោកជំទាវ និងសម្តេច តេជោ និងជាការលើកមុខ លើកមាត់ដល់គូស្នេហ៍ នាពេលនេះ ផងដែរ។
ក្នុងពិធីនោះ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់កិត្តិយស ឡើងកាត់សក់បង្កក់សិរីសួស្តី និងបន្តរួមចងដៃ ជូនពរជ័យឲ្យអ្នកទាំងពីរ ស្រលាញ់គ្នាដល់ចាស់កោងខ្នង បន្ទាប់ពីឯកឧត្តមនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀងនិង លោកជំទាវ ដែលតំណាងមេបាខាងស្រី បានចូលរួមកាត់សក់ និងចងដៃរួចរាល់ ។
សូមរំឮកថា លោក អ៊ុក ណារីម ជាតារាចម្រៀង និងជាពិធីករ ដ៏មានប្រជាប្រិយភាព និងបានចាប់ដៃគ្នា សាងស្នេហ៍អស់ រយៈពេល៧ឆ្នាំមកហើយ ជាមួយ ឆោម ឆពុំ ។ អ៊ុក ណារីមកើតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៨១ នៅក្នុងទីក្រុងភ្នំពេញ។ ចំណែកឯ ឆោម ឆពុំ ដែលមានឈ្មោះពិតថា ឆោម សុជាតា ក៏ជាតារាចម្រៀង និងជាពិធិការិនី ទទួលបានការគាំទ្រ ខ្លាំងដូចលោក អ៊ុក ណារីម ដែរ ។ ឆោម ឆពុំ កើតនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ១៩៨២ នៅឃុំកូប ស្រុកសេរីសោភ័ណ្ឌ ខេត្តបាត់ដំបង បច្ចុប្បន្នស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ខណៈដែលក្នុងពិធីមង្គលការនេះ មានវត្តមានអញ្ជើញចូលរួម សុទ្ធសឹងតែឥស្សរជនជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលហើយនោះ ភ្ញៀវកិត្តិយស ទាំងអស់បានបង្ហាញភាពភ្ញាក់ផ្អើល នៅពេលពួកគាត់ មិនបាន ឃើញវត្តមានរបស់អ្នកស្រី ឆោម ឆវិន ជាម្តាយ ហើយសូម្បីតែ ឆោម និមល និងឆោម ប៊ុនយ៉ុង ដែលជាម្ដាយមីង និង ឪពុកមា ក៏មិនឃើញមានវត្តមានចូលរួមដែរ ៕
No comments:
Post a Comment
yes