សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 29, 2012

អ្នក​ភូមិ​បឹងកក់​គំរាម​ប្តឹង​លោក​កែប ជុតិមា

ឃុត សុ​ភ​ច​រិ​យា ភ្នំពេញប៉ុស្តិ៏

ភ្នំពេញៈ ក្រុម​ស្ត្រី​អ្នក​ភូមិ​បឹងកក់ ដែល​ទើប​តែ​ត្រូវ​បាន​ដោះ​លែង ​ចេញ​ពី​ពន្ធនាគារ មិន​ត្រឹម​តែ​មិន​បាក់​ស្បាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គំរាម​ប្តឹង លោក កែប ជុតិមា អភិបាល​រាជធានី​ថែម​ទៀត ប្រសិន​នៅ​តែ​មិន​ព្រម​បែង​ចែក​ដី ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ផ្តល់​ឲ្យ​ពួក​គាត់​ជាង ១២ ហិកតា ឲ្យ​បាន​គ្រប់ៗ​គ្នា​ទេ​នោះ​។
អ្នក​ស្រី​តុល ស្រីពៅ អតីត​អ្នក​ទោស​ក្នុង​ជម្លោះ ដី​ធ្លី ដែល​ទើប​តែ​ត្រូវ​បាន​ដោះ​លែង​ ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស កាល​ពី​យប់​ថ្ងៃ​ពុធ ជាមួយ​និង​ស្ត្រី​អ្នក​ភូមិ ១២ នាក់​ផ្សេង​ទៀត បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា អ្នក​ស្រី​នៅ​តែ​មិន​អស់​ចិត្ត ចំពោះ​ទង្វើរ​បស់​អាជ្ញាធរ ដែល​បាន​ចាប់​អ្នក​ស្រី និង​ស្រ្តី​អ្នក​ភូមិ​បឹង​កក់​ជាង​ ១០ នាក់​ទៀត យក​ទៅ​ដាក់​គុក​ទាំង «គ្មាន​កំហុស»​។ អ្នក​ស្រី​បាន​បន្ត​ថា ពល​រដ្ឋ​ក្នុង​សហគមន៍​បឹង​កក់​ទាំង​អស់ ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​សេរីភាព​ ដោយ​គ្រាន់​តែ​ទៅ​មើល អ្នក​ភូមិ​ក្នុង​សហគមន៍​ជាមួយ​គ្នា​សង់​ផ្ទះ​សោះ ត្រូវ​បាន​អាជ្ញាធរ​ចាប់​យក​ទៅ​ដាក់​គុក អស់​រយៈ​ពេល​មួយ​ខែ​បីថ្ងៃ​។ អ្នក​ស្រី​ថ្លែង​ថា​៖​«យើង​មិន​សុខ​ចិត្ត​ទេ យើង​នឹង​ប្ដឹង​ប្រឆាំង​នឹង​លោក​ កែប ជុតិមា ប្រសិន​បើ​គាត់​មិន​ដោះស្រាយ បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី ១២,៤៤​ ហិកតា ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​យើង​ខ្ញុំ ជា​ប្រជា​ពលរដ្ឋ​តំបន់​បឹងកក់ ឲ្យ​បាន​ច្បាស់​លាស់​ទេ​នោះ ហើយ​បើ​សិន​ជា​គាត់​នៅ​តែ​កាត់​គ្រួសារ​ប្រជា​ពលរដ្ឋ​ណា​មួយ​ចេញ​ពី​គម្រោង ដែល​ត្រូវ​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​ពី​ចំណែក​ដី​នេះ​»។

ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣ ​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២២​ ខែ​ឧសភា ហើយ​ពីរ​ថ្ងៃ​ក្រោយ​មក​សាលា​ដំបូង​រាជធានី បាន​សម្រេច​ផ្ដន្ទាទោស​ពួក​គាត់​ឲ្យ​ជាប់​ពន្ធនាគារ រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ ក្រោយ​ពី​បើក​សវនាការ​ទាំង​តក់​ក្រហល់ រយៈ​ ៣ ម៉ោង​ ពីបទ​ប្រឆាំង​មន្ត្រី​រាជ​ការ​សាធារណៈ និង​ទន្ទ្រាន​កាន់​កាប់​អចលនវត្ថុ​របស់​នីតិ​បុគ្គល​សាធារណៈ។ ការ​កាត់​ទោស​ស្ត្រី​ទាំង​នេះ បាន​ធ្វើ​ឲ្យ​កូន​ៗ​របស់​ពួក​គាត់ និង​អ្នក​ភូមិ​ដទៃ​ទៀត​ងើប​ឡើង​តវ៉ា​យ៉ាង​ខ្លាំង​ក្លា ស្ទើរ​រៀង​រាល់​ថ្ងៃ ទៅ​យំ​ស្រែក​នៅ​ខាង​មុខ​ស្ថាប័ន​ជាតិ​សំខាន់ៗ និង​តំណាង​ប្រទេស​ផ្តល់​ជំនួយ​មួយ​ចំនួន ទាមទារ​ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​ស្ត្រី​ទាំង​ នេះ​វិញ ជា​អ្វី​ដែល​ត្រូវ​បាន​គេ​អធិប្បាយ​ថា«​ជា​ការ​ចាប់​ម្ចាស់​ដី​​ដាក់​គុក​ ចោរ​ប្លន់​ដី​រួច​ខ្លួន​»។ ការ​តវ៉ា​ដែល​មាន​ក្មេងៗ​ស្រែក​យំ​រក​ម្តាយ​ជា​រៀង​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​នេះ ក៏​បាន​ទាក់ទាញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ពី​សហគមន៍​អន្តរ​ជាតិ​ផង​ដែរ ជា​ពិសេស​សហរដ្ឋ​អាមេរិក​ ដោយ​បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​ស្ត្រី​ទាំង​នេះ​វិញ។
នៅ​ទីបំផុត​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះ​លែង​ស្ត្រី​ទាំង​នេះ​វិញ កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែ​បាន​តម្រឹម​ទោស​ ឲ្យ​ស្ត្រី​ទាំង​នេះ​ ជាប់​ពន្ធនាគារ រយៈ​ពេល ១ ខែ​ ៣ ថ្ងៃ ដែល​ពួក​គេ​ បាន​ទទួល​ទោស​រួច​ហើយ​។
អ្នក​ស្រី ហេង មុំ អាយុ ៤២ ឆ្នាំ ដែល​ទើប​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ដែរ បាន​និយាយ​ថា សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ​មិន​បាន​ផ្ដល់​ភាព​ស្អាតស្អំ​ឲ្យ​ពួក​គាត់​វិញ​នោះ​ទេ​។ អ្នក​ស្រី​ថ្លែង​ថា៖«ថ្វី​ដ្បិត​តែ​សេចក្ដី​សម្រេច​នេះ បាន​កាត់​បន្ថយ​ទោស​ក្នុង​កម្រិត​អតិបរមា​ក្តី​ប៉ុន្តែ​មិន​បាន​ផ្ដល់​ភាព​ស្អាត​ស្អំ​ឲ្យ​ពួក​យើង​ខ្ញុំ​វិញ​នោះ​ទេ»។
អ្នក​ស្រី​នៅ​តែ​បញ្ជាក់​ពី​ជំហរ​រឹង​មាំ ដូច​កាល​ពី​ពេល​មុន​ដែរ​ថា ពួក​គាត់​នឹង​មិន​ចុះញ៉ម ឬរាថយ ក្នុង​ការ​តវ៉ា​ទាមទារ​ដំណោះស្រាយ បោះ​បង្គោល​កំណត់​ព្រំប្រទល់​ដី​ ១២,៤៤​ ហិកតា និង​ប័ណ្ណកម្ម​សិទ្ធិ​ដី​ធ្លី ពី​អាជ្ញាធរ​នោះ​ទេ បើ​ទោះ​ជា​ពួក​គាត់​ ធ្លាប់​រង​នូវ​ការ​ចាប់​ខ្លួន និង​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​តុលាការ​ក្ដី។ អ្នក​ស្រី​បន្ថែម​ថា​៖ «រហូត​មក​ទល់​ពេល​នេះ គ្រួសារ​ខ្ញុំ និង​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត ​ក្នុង​ភូមិ ​២២ និង​ភូមិ ១ នៅ​មិន​ទាន់​ទទួល​បាន​ប័ណ្ណកម្ម​សិទ្ធិ​អចលនវត្ថុ ពី​សាលា​រាជធានី​នៅ​ឡើយ​។ យើង​ខ្ញុំ​នឹង​បន្ត​ការ​តវ៉ា ​រហូត​ដល់​មាន​ដំណោះស្រាយ​ប្រកប​ដោយ​តម្លាភាព»​។
អតីត​អ្នក​ទោស​ដី​ធ្លី​ ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ អ្នក​ស្រី ង៉ែត ឃុន អាយុ ៧២​ ឆ្នាំ ​បាន​ឲ្យ​ដឹង​ពី​ការ​រស់នៅ ក្នុង​ពន្ធនា​គារ​ព្រៃ​ស ជាទី​ដែល​អ្នក​ស្រី​ត្រូវ​បាន​គេ​ឃុំ​ខ្លួន រយៈពេល​មួយ​ខែ បី​ថ្ងៃ​ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ថា គាត់​ត្រូវ​បាន​គេ​ឃុំ​ក្នុង​អគារ​តូច​មួយ ជា​មួយ​អ្នក​ទោស​ជាង ​៦០ ​ដែល​ខ្លះ​ត្រូវ​បាន​ចោទ​ពី​បទ​មនុស្ស​ឃាត ជួញ​ដូរ​គ្រឿង​ញៀន ជួញ​ដូរ​មនុស្ស និង​បទ​ប្លន់។ អ្នក​ស្រី​បន្ត​ថា​៖«ទីធ្លា ១,២ ម៉ែត្រ​ការ៉េ ត្រូវ​បាន​គេ​កំណត់ សម្រាប់​មនុស្ស​៤នាក់​ដេក ហើយ​ខ្ញុំ​មិន​ទម្លាប់​ដេក​បែប​នេះ​ទេ​»។
អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា ​គាត់​មិន​ត្រូវ​បាន​ផ្ដល់​នូវ​ទឹក​ស្អាត​សម្រាប់​ងូត​នោះ​ទេ ដោយ​ឲ្យ​មុជ​ទឹក​ដែល​បូម​ចេញ​ពី​ស្រះ​។ ដោយ​ទ្រាំ​មិន​បាន​គាត់​បាន​ចំណាយ​ថវិការ​ក្នុង​មួយ​ថ្ងៃ ១៥០​០ ​​រៀល សម្រាប់​ទិញ​ទឹក​ស្អាត​ងូត​ ក្នុង​មួយ​ធុង ​៥០០​ រៀល​។
ចំណែក​ឯ​អ្នក​ស្រី ទេព វន្នី វិញ ក៏​មិន​ខុស​ពី​ស្ត្រី​ ១២ នាក់​ផ្សេង​ទៀត​ដែរ។ គាត់​ក៏បាន​សម្ដែង​ក្ដី​មិន​ពេញ​ចិត្ត ចំពោះ​ការ​សម្រេច​សេចក្ដី របស់​តុលាការ​សាលា​ឧទ្ធរណ៍ ដែល​បាន​កាត់​ឲ្យ​ពួក​គាត់​មាន​ទោស។ អ្នក​ស្រី​បន្ត​ថា​៖«ថ្វី​ដ្បិត​តែ​ពេល​នេះ យើង​មាន​សេរីភាព ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​ថា​ជា​អ្នក​ទោស​ មិន​ត្រូវ​បាន​លុប​លាង​នោះ​ទេ​»។ អ្នក​ស្រី​បន្ថែម​ថា ពួក​គាត់​ដឹង​ច្បាស់​ណាស់​ថា​គេ​ចាប់​ហើយ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ពួក​គាត់​ទាំង​«បំពាន» បែប​នេះ គឺ​ក្នុង​គោល​បំណង​បំបាក់​ស្មារតី កុំ​ឲ្យ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ទាមទារ​ដំណោះស្រាយ​ដី​ធ្លី​ តទៅ​ទៀត​។ អ្នក​ស្រី​បាន​ថ្លែង​ថា​៖ «យើង​ខ្ញុំ​មិន​ខ្លាច និង​មិន​ចុះ​ញ៉ម​នោះ​ទេ។ យើង​នឹង​នៅ​តែ​បន្ត​ការ​ទាមទារ​រហូត​ដល់​មាន​ដំណោះស្រាយ​» ។
អ្នក​ស្រី​បាន​រៀប​រាប់​ឲ្យ​ដឹង​ទៀត​ពី​មូលហេតុ ដែល​គាត់​និង​មិត្ត​ភក្ដិ​រួម​សហគមន៍​ជាមួយ​គ្នា​បាន​ធ្វើ​កូដកម្ម​បង្អត់ ​អាហារ​ជាច្រើន​ថ្ងៃ​ ខណៈ​ពួក​គាត់​ ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ ក្នុង​ពន្ធនាគារ​ព្រៃស​ថា ពួក​គាត់​ឈឺ​ចាប់​នឹង​ខ្លោច​ផ្សា​ចិត្ត ខ្លាំង​ពេក ហើយ​មាន​បំណង​ចង់​ធ្វើ​អត្តឃាត​ខ្លួន ដើម្បី​ឲ្យ​ពិភព​លោក បាន​ដឹងពី​ភាព​អយុត្តិធម៌ ក្នុង​សង្គម​នៅ​កម្ពុជា។ អ្នក​ស្រី​បន្ត​ថា​៖​«គ្មាន​ស្ត្រី​ណា​ម្នាក់ ​ចង់​ដើរ​តវ៉ា​ហាល​ខ្យល់​ហាល​ថ្ងៃ និង​ភ្លៀង​ដែល​នាំ​ឲ្យ​ខូច​សម្រស់​នោះ​ទេ​ បើ​សិន​ជា​អាជ្ញាធរ ផ្ដល់​ដំណោះស្រាយ​ប្រកប​ដោយ​តម្លាភាព និង​សម​រម្យ​នោះ»។
ដី ១២,៤៤​ ហិកតា ​គឺជា​ការ​ផ្ដល់​ប្រទាន​កម្ម របស់​ប្រមុខ​រាជ​រដ្ឋាភិបាល សម្រាប់​ពលរដ្ឋ ក្នុង​តំបន់​បឹងកក់​ដែល​នៅ​សេស​សល់​ និង​ទាមទារ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ដែល​មាន​ចំនួន​ប្រមាណ​ជិត ៧០០ គ្រួសារ និង​សម្រាប់​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ ជូន​ប្រជាជន​ក្នុង​តំបន់​នេះ​។ ការ​ផ្ដល់​ជា​ប្រទានកម្ម​នេះ ត្រូវ​បាន​អ្នក​ភូមិ​និយាយ​ថា​ ជា​ឆន្ទៈ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ក្នុង​ការ​បញ្ចប់​បញ្ហា​វិវាទ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ ដើម្បី​ការ​អភិវឌ្ឍ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​នេះ​។
ជាមួយ​គ្នា​នេះ ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​ឈ្មោះ​បូវ ស្រី​ស្រស់ ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ចម្រុះ​ វាយ​បង្រ្កាប​ដោយ​ហិង្សា​រហូត​ដល់​រលូត​កូន​ពីរ​ខែ​ក្នុង​ផ្ទៃ​នាង​នោះ គ្រោង​ដាក់​ពាក្យ​បណ្ដឹង ​ទៅ​តុលាការ​រាជ​ធានី​ ដើម្បី​ទាមទារ​ឲ្យ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដូនពេញ ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ​ផង​ដែរ។​
លោក​អភិបាល​រាជធានី​ភ្នំពេញ​ កែប​ ជុតិមា និង​លោកទូច ណារ៉ុថ ស្នង​ការ​ ព្រម​ទាំង​លោក ហ៊ុន សុធី អធិការ​នគរបាល​ខណ្ឌ​ដូន​ពេញ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​ផ្ដល់​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិល​មិញ៕

No comments:

Post a Comment

yes