នយោបាយបោកប្រាស់របស់លោក ហ៊ុន សែន នៅមុនពេលបោះឆ្នោត ព្រោះដឹងខ្លួនឯងថា បដិវត្តន៏ដីធ្លីនិងកើតមាន អាចនិងធ្វើឲ្យគណបក្សប្រជាជនចាញ់ឆ្នោតផ្កាប់មុខយ៉ាងអាម៉ាស់
ដោយ: គ្រីទិច ( CEN )
ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន នឹងមិនបង្អង់ដៃឡើយ នៅក្នុងយុទ្ធនាការរបស់សម្តេច ដើម្បីដោះស្រាយជម្លោះដីធ្លី ដែលចាប់ផ្តើមផ្ទុះ នៅពេលដែលកម្ពុជាមានការរីកចម្រើនសេដ្ឋកិច្ចដ៏គួរអោយភ្ញាក់ផ្អើល។ នេះបើយោងតាមប្រភពមួយដែលទម្លាយដោយដឹង។
ប្រភពនិយាយថា សម្តេចនាយករដ្ឋមន្ត្រី បានដឹងថា គណបក្សកាន់អំណាច ជាជនរងគ្រោះជាមួយប្រជាជន នៅក្នុងជម្លោះដីធ្លីដ៏រីករាលដាល ខណៈដែលប្រជាជននឹងគ្មានទីជម្រក ឬក៏មិនមានដី សម្រាប់ធ្វើកសិកម្ម។ គណបក្សប្រជាជនកម្ពុជា ក៏បាត់បង់សំឡេងឆ្នោត ដោយសារបញ្ហាដីធ្លី។ ដូច្នេះសម្តេចត្រូវតែបញ្ចប់ជម្លោះនេះ អោយបានមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅឆ្នាំ២០១៣ ខាងមុខនេះ។
បញ្ហាទាំងលើគោក និងក្នុងទឹក ត្រូវបានគេគិតថា សុទ្ធតែនៅក្នុងយុទ្ធសាស្ត្ររបស់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីទូងស្គរដល់អ្នកក្រីក្រកម្ពុជាថា សម្តេចនឹងមិនបណ្តោយអោយប្រជាជន ក្លាយជាជនរងគ្រោះនៃការអភិវឌ្ឍន៍តទៅទៀតឡើយ។
យុទ្ធនាការ ដែលច្បាស់លាស់បំផុត គឺការចែកដីជូនប្រពលរដ្ឋក្រីក្រ និងការរៀបចំអោយមានយុវជន និងយុវតីស្ម័គ្រចិត្ត ដើម្បីធានាដល់ការចែកដីនោះ មានប្រសិទ្ធភាព។
ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវចាត់វិធានការបង្ក្រាប មិនបន្ធូរដៃរាល់ការចាប់ដីខុសច្បាប់ នៅក្នុងទ្រង់ទ្រាយធំ ដែលធ្វើអោយប៉ះពាល់ដល់ប្រជាជន និងមុខមាត់របស់រដ្ឋាភិបាលផងដែរ។
ប្រភពច្បាស់ការមួយ និយាយថា រដ្ឋាភិបាលនឹងធ្វើការបង្ក្រាបទ្រង់ទ្រាយធំមួយ ចំពោះការកាន់កាប់ដីខុសច្បាស់ នៅក្នុងខេត្តកំពង់ធំ បន្ទាប់ពីការបង្ក្រាបនៅកំពង់ដំរី នៅខេត្តក្រចេះ។
សម្តេចនាយករដ្ឋមន្ត្រី នឹងចាត់វិធានព្រមគ្នា ទាំងការផ្តល់ដីជូនប្រជាពលរដ្ឋ និងការបង្ក្រាបដល់ជនខិលខូច ដែលចាប់យកដីដោយខុសច្បាប់។
ជាមួយនឹងចំណាត់ការដ៏រឹងដូចដែកថែបបែបនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងពង្រឹងប្រជាប្រិយភាពរបស់សម្តេចយ៉ាងរឹងមាំ មុនការបោះឆ្នោតថ្នាក់ជាតិ ចូលមកដល់នៅក្នុងឆ្នាំក្រោយ។ ការចាត់វិធានការដីធ្លីយ៉ាងមានប្រសិទ្ធភាព នឹងមានន័យថា ជាការទប់ស្កាត់ការវាយប្រហាររបស់គណបក្សប្រឆាំង នៅមុនពេលការបោះឆ្នោត មកដល់។
ជាលទ្ធផល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានត្រៀមជាស្រេចនឹងមិនទុកចន្លោះប្រហោង អោយគណបក្សប្រឆាំង ដើម្បីពង្រឹងប្រជាប្រិយភាព តាមរយៈការវាយប្រហារ មកលើគណបក្សកាន់អំណាច តាមរយ:វិបត្តិដីធ្លីនៅកម្ពុជាឡើយ។
ទោះបីតិចឬច្រើន ជម្លោះដីធ្លី បានជួយដល់គណបក្សប្រឆាំង នៅលើទិដ្ឋភាពនយោបាយ។ វាបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់កន្លងមក ដែលគេឃើញថា គណបក្សប្រជាជនកម្ពុជា បានបាត់បង់សំឡេងមួយចំនួន នៅក្នុងខេត្ត ដែលមានបញ្ហាដីធ្លីធ្ងន់ធ្ងរ។
ដូច្នេះសម្តេចហ៊ុនសែន បានត្រៀមមុនយ៉ាងល្អ ចំពោះការបោះឆ្នោត នៅឆ្នាំ២០១៣។ ការត្រៀមខ្លួនជាមុនបែបនេះ នឹងធ្វើអោយគណបក្សប្រឆាំង កាន់តែពិបាកនៅក្នុងការតទល់ជាមួយគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោតឆ្នាំក្រោយនេះ។
សម្តេចហ៊ុនសែន កំពុងតែថែរក្សាកេរឈ្មោះបុរសខ្លាំង អោយកាន់តែខ្លាំងនៅកម្ពុជា៕
No comments:
Post a Comment
yes