បង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ ១០៩ ទើបបោះថ្មី នៅក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម។
រូបថត ជីវ័ន
ភ្នំពេញៈ បង្គោលព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាមមួយក្នុងចំណោមបង្គោលជាង ៣០០ ដែលត្រូវបោះនឹងដែលសង្គមស៊ីវិលនិងគណបក្សប្រឆាំងមិនទទួលស្គាល់នឹងត្រូវសម្ពោធជាផ្លូវការនាចុងសប្តាហ៍នេះដោយប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ។
តាមសេចក្តីប្រកាសព័ត៌មានពីថ្ងៃព្រហស្បតិ៍របស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ដើម្បីអបអរសាទរខួប៤៥ ឆ្នាំថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា វៀតណាម( ២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០១២ និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ង្វៀន តិនយុង នាយករដ្ឋមន្ត្រីវៀតណាមនឹងចូលរួមជាអធិបតីក្នុងពិធីសម្ពោធបង្គោលព្រំដែនលេខ ៣១៤ នៅជាប់ព្រំដែនរវាងខេត្តកំពត របស់កម្ពុជា និងខេត្តកៀងយ៉ាង វៀតណាម។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះដែរថា បន្ទាប់ពីពិធីនេះនាយករដ្ឋមន្ត្រីទាំង២ ក៏នឹងចូលរួមធ្វើជាសហប្រធានសន្និសីទកម្ពុជា-វៀតណាមលើកទី៣ ស្តីពីការជំរុញការវិនិយោគដែលនឹងប្រារព្ធនៅថ្ងៃដដែលនៅក្រុង ហាទៀង ដែលជាក្រុងធំក្នុងខេត្ត កៀងយ៉ាង។
សេចក្តីប្រកាសព័ត៌មានបន្តថា៖«ក្នុងសន្និសីទកម្ពុជា-វៀតណាមលើកទី៣ ស្តីពីការជំរុញការវិនិយោគ នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើពិធីសារស្តីពីវិសោធនកម្មនៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទុន រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម»។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាបានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា មកទល់ពេលនេះបង្គោលព្រំដែនចំនួន ២៨៦ ក្នុងចំណោម៣១៤ បានបោះរួចហើយតាមបណ្តោយព្រំដែនប្រវែងជាង ១ពាន់គីឡូម៉ែត្រ និងថា រដ្ឋាភិបាលគ្រោងបញ្ចប់ការបោះបង្គោលព្រំដែនជាស្ថាពរនៅដំណាច់ឆ្នាំនេះ បើអាចទៅរួច។
លោកបន្តថា បង្គោលព្រំដែនលេខ ៣១៤ ដែលនឹងត្រូវសម្ពោធជាផ្លូវការដោយនាយករដ្ឋមន្ត្រីកម្ពុជានិងវៀតណាម ជាបង្គោលព្រំដែនដីគោកចុងក្រោយ និងថា បង្គោលនេះបោះក្រោយបង្គោល ២៨៦ ទៀត ដែលបានដាំរួច។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានថ្លែងថា បង្គោលព្រំដែនដែលបានបោះដោយគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា-វៀតណាម នេះ គណបក្សសមរង្ស៊ី និងក្រុមអង្គការសង្គមស៊ីវិលពុំទទួលស្គាល់ទេ ដោយសារថា បង្គោលទាំងនោះបោះខុសច្បាប់ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងកម្ពុជា និងវៀតណាម តាមសន្ធិសញ្ញាបំពេញបន្ថែមដែលអនុម័តដោយគណបក្សប្រជាជននាឆ្នាំ២០០៥។
លោក យឹម សុវណ្ណ មានប្រសាសន៍ថា៖ «ការបោះបង្គោលព្រំដែននៅកន្លែងណាដែលប៉ះពាល់ដល់ដីកសិករខ្មែរ យើងមិនគាំទ្រទេ។ពិសេសការបោះបង្គោលព្រំដែនដែលពុំមានតម្លាភាព មានតែរដ្ឋាភិបាល គណៈកម្មាធិការកិច្ចការព្រំដែន និងវៀតណាម ខណៈសង្គមស៊ីវិល អ្នកសង្កេតការណ៍អន្តរជាតិ និងគណបក្សប្រឆាំងពុំត្រូវបានអនុញ្ញាតឲ្យទៅពិនិត្យ។ នេះ គឺគួរឲ្យសង្ស័យ»។
លោក រ៉ុង ឈុន ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានថ្លែងថា ការសម្ពោធបង្គោលព្រំដែនរវាងលោក ហ៊ុន សែន និងលោក ង្វៀង តិនយុង គ្មានន័យសម្រាប់ពលរដ្ឋខ្មែរទេ។លោកថា៖ «វាគ្មានន័យទាល់តែសោះសម្រាប់ជាតិយើង ព្រោះយើងខាតបង់[ដី]ពីការបោះបង្គោលនេះ»៕
No comments:
Post a Comment
yes