សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 30, 2012

បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ចង់​ឃើញ​ប្រសិទ្ធភាព​នៃ​សកម្មភាព​បែងចែក​ដី


មេ​ដឹកនាំ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន​កំពុង​ចាំ​មើល​សកម្មភាព នៃ​ក្រុម​យុវជន​ស្ម័គ្រចិត្ត ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានិត ត្រូវ​ជា​កូន​ប្រុស​បង្កើត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​មាន​ប្រសិទ្ធភាព​ត្រឹម​កំរិត​ណា។
កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ក្រុម​យុវជន​ស្ម័គ្រចិត្ត​មាន​គ្នា​ជាង ៧០០​នាក់ មាន​ឯកសណ្ឋាន​ទាហាន​ប៉ារ៉ា និង​មួក​មាន​សញ្ញា​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​យោធា ចេញ​ពី​ទីក្រុង​ភ្នំពេញ ទៅ​ខេត្ត​ចំនួន​៧ ក្នុង​គោល​ដៅ​វាស់​ដី​ជូន​ពលរដ្ឋ​ខ្វះ​ដីធ្លី​ប្រើប្រាស់។
យុទ្ធនាការ​បែងចែក​ដី​ជូន​ពលរដ្ឋ​ក្រីក្រ​ខ្វះ​ដី​ប្រើប្រាស់​នេះ អនុវត្ត​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល មាន​ផ្ទៃដី​សរុប​ប្រមាណ ៣សែន​៥ម៉ឺន​ហិកតារ។
លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម លោក​មិន​ទាន់​មាន​ទំនុក​ចិត្ត​ជុំវិញ​យុទ្ធនាការ​ចុះ​ចែក​ដី​របស់​លោក ហ៊ុន សែន អាច​បាន​ដល់​ដៃ​កសិករ​ខ្វះ​ដីធ្លី​ពិត​ប្រាកដ​ទេ។ លោក​បន្ត​ថា តាម​ការ​សង្កេត បទបញ្ជា​របស់​លោក ហ៊ុន សែន កន្លង​មក មន្ត្រី​ក្រោម​ឱវាទ​លោក​អនុវត្ត​មិន​មាន​ប្រសិទ្ធិ ឬ​មាន​មន្ត្រី​ខ្លះ​មិន​បាន​អនុវត្ត​តាម​ក៏​មាន។

លោក កឹម សុខា បាន​ចាត់​ទុក​សកម្មភាព​ចុះ​វាស់​វែង​ដី​ជូន​ពលរដ្ឋ​តាម​បញ្ជា លោក ហ៊ុន សែន ពេល​នេះ​ថា ជា​ការ​បិទ​បាំង​ទង្វើ​អាក្រក់​របស់​រដ្ឋាភិបាល ឬ​គ្រាន់​ជា​ការ​កេង​ចំណេញ​នយោបាយ​របស់​បក្ស​កាន់​អំណាច មុន​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ ចូល​មក​ដល់។
មិន​ខុស​គ្នា​នឹង​ការ​អះអាង​របស់​មេ​ដឹកនាំ​គណបក្ស សិទ្ធិ​មនុស្ស ទេ សម្រាប់​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) វិញ គឺ​មាន​ជំនឿ​តិចតួច​ចំពោះ​ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​ចុះ​ចែក​ដី អាច​បាន​ដល់​ដៃ​ពលរដ្ឋ​ខ្វះខាត​ពិត​ប្រាកដ​នោះ។
លោក អ៊ំ សំអាត ជា​មន្ត្រី​ស៊ើប​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក​មាន​ប្រសាសន៍​ថា មិន​ទាន់​មាន​ទំនុក​ចិត្ត ១០០%​ទេ ចំពោះ​បេសកកម្ម​ចែក​ដីធ្លី​ជូន​ពលរដ្ឋ​ក្រីក្រ ដឹកនាំ​ផ្ទាល់​ដោយ ហ៊ុន ម៉ានិត កូន​ប្រុស​ប្រមុខ​ដឹកនាំ​ពេល​នេះ។ ប៉ុន្តែ​លោក​យល់​ថា ការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​កូន​ប្រុស​លោក​ចុះ​បែង​ចែក​ដី​ជូន​ពលរដ្ឋ​ក្រីក្រ​ផ្ទាល់ អាច​ជា​សញ្ញា​វិជ្ជមាន​ប្រសើរ​ជាង​លោក ហ៊ុន សែន បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ជា​អ្នក​អនុវត្ត ព្រោះ​កន្លង​មក​មន្ត្រី​តាម​ក្រសួង ឬ​ស្ថាប័ន​ភាគ​ច្រើន តែង​ធ្វើ​របាយការណ៍​ភូត​កុហក។
ទោះ​យ៉ាង​ណា មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ចង់​ឃើញ​ប្រសិទ្ធភាព​នៃ​ការ​ចុះ​វាស់វែង​ដី​ជូន​ពលរដ្ឋ​របស់​រដ្ឋាភិបាល បាន​ដល់​ដៃ​ពលរដ្ឋ​ខ្វះ​ដី​សង់​លំនៅឋាន និង​បង្ក​បង្កើន​ផល​ពិត​ប្រាកដ។
ចំណែក​លោក សុន ឆ័យ ជា​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក​បាន​ចាត់​ទុក​ការ​ចេញ​បញ្ជា​របស់​លោក ហ៊ុន សែន ឲ្យ​កូន​ប្រុស​បង្កើត ចុះ​វាស់​ដី​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ តាម​ខេត្ត​ចំនួន​៧ ក្នុង​ប្រទេស​កម្ពុជា​ពេល​នេះ អាច​ជា​សញ្ញា​វិជ្ជមាន​មួយ។ ព្រោះ​​កន្លង​មក ការ​ប្រើប្រាស់​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន មន្ត្រី​លោក​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​ទេ ដូច​ជា​បទ​បញ្ជា​ឲ្យ​លុប​បំបាត់​បទ​ល្មើស​ព្រៃឈើ បទ​ល្មើស​នេសាទ ឬ​កុងត្រូល​ជជុះ​ជាដើម។
លោក សុន ឆ័យ បាន​លើក​ទឹក​ចិត្ត​ដល់​ក្រុម​យុវជន​ស្ម័គ្រចិត្ត ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានិត ចុះ​បំពេញ​បេសកកម្ម​បែង​ចែក​ដី​ជូន​ពលរដ្ឋ ពិត​ជា​បាន​ដល់​ដៃ​កសិករ​ខ្វះខាត​ដី​ពិត​ប្រាកដ។ ព្រោះ​តាម​ការ​សង្កេត​របស់​លោក​កន្លង​មក មន្ត្រី​រដ្ឋាភិបាល​អនុវត្ត ឬ​ក៏​បែង​ចែក​ដី មិន​បាន​ត្រឹម​ត្រូវ​ទេ គឺ​ពួក​គេ​បាន​កេង​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន។
ទោះ​ជា​បែប​នេះ​ក្តី លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ថា ជំហាន​ដំបូង​នៃ​ការ​ចុះ​វាស់វែង​ដី​ផ្តល់​កម្មសិទ្ធិ​ស្រប​ច្បាប់ ជូន​ពលរដ្ឋ​ក្រីក្រ តាម​ខេត្ត​ចំនួន​៧ ពេល​នេះ មាន​គ្រួសារ​កសិករ​ក្រីក្រ​ជាង ១សែន​គ្រួសារ ឬ​ស្មើ​ផ្ទៃដី​សរុប​ចំនួន ៣សែន​៥ម៉ឺន​ហិកតារ។ ហើយ​ថា ខេត្ត​ចំនួន​៧ ដែល​រាជរដ្ឋាភិបាល បាន​លើក​យក​មក​អនុវត្ត​ជំហាន​ដំបូង មាន​ខេត្ត​មណ្ឌលគិរី រតនគិរី បន្ទាយមានជ័យ បាត់ដំបង ក្រចេះ កំពង់ចាម និង​កំពត៕

No comments:

Post a Comment

yes