សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 19, 2012

របាយការណ៍ស្រមោលអំពីប្រទេសវៀតណាម ចំពោះសន្និបាតអង្គការ សហប្រជាជាតិស្តីពីសិទ្ធិកុមារ


វិធានការជាទួទៅនៃការអនុវត្តន៍
កុមារនិងប្រជាពលរដ្ឋនៃប្រទេសវៀតណាមបានអាស់អាងថា រដ្ឋាភិបាលបំពេញភារកិច្ចរបស់ខ្លួនមិនបាន ត្រឹមត្រូវទេ ចំពោះការគោរពសិទ្ធិ ដែលចែងដោយអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។
កុមារប្រទេសវៀតណាមមិនបានដឹង អំពីសិទ្ធិនិងសេរីភាពជាមូលដ្ឋានឡើយ។ រដ្ឋាភិបាលវៀតណាម មិនបានបោះពុម្ពចែកចាយនូវឯកសារ ឬសារអឡិកត្រូនិក ដែលមានចែងអំពីសន្និបាតស្តីពីសិទ្ធិកុមារ ចំពោះ សាធារណជនទេ។ រដ្ឋាភិបាលក៏មិនលើកទឹកចិត្ត ឬចូលរួមជាមួយសង្គមស៊ីវិល ក្នុងការងារលើកតំកើងសិទ្ធិរបស់ កុមារដែរ។ គ្មានការចែកចាយឯកសារសន្និបាតស្តីពីសិទ្ធិកុមារ តាមរយៈវិជ្ជាស្ថានអប់រំសិក្សា និងយុត្តាធិការ សហគមន៍ទេ។
ការអាស់អាងទាំងអស់ខាងលើនេះ ជាការត្រឹមត្រូវ បើប្រៀបផ្ទឹមទៅនឹងឧបករណ៍នៃសេចក្តីប្រកាស ជាសកលអំពីសិទ្ធិមនុស្ស និងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម។
ជាការប្លែកណាស់ ដែលជាតិពន្ធភាគតិចនិងជនជាតិដើមនៃប្រទេសវៀតណាម មិនមានលទ្ធភាព អាចរៀនសូត្រឱ្យដឹង អំពីសិទ្ធិរបស់កុមារតាមរយៈភាសាកំណើតរបស់ខ្លួន។ វៀតណាមគួរតែថតចម្លងចែកឱ្យ ពពួកកុមារ មាតាបិតា និងសហគមន៍ ជាភាសាដែលពួកគេនិយាយនៅក្នុងគ្រួសារ តាមភូមិនិងតាមខេត្ត។

អនុសាសន៍
រដ្ឋាភិបាលគួរតែជួយជ្រោមជ្រែងក្នុងការចែកចាយសម្ភារៈសិក្សា ដែលពន្យល់អំពីសិទ្ធិចែងដោយសន្និបាត នៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។
វៀតណាមត្រូវតែពង្រីកជាមួយនិងប្រជាពលរដ្ឋ នូវកម្មវិធីសិក្សានៃសាលាបឋមសិក្សារហូតទៅដល់មហា វិទ្យាល័យ ក្នុងការបង្រៀនអំពីសន្និបាតស្តីពីសិទ្ធិកុមារ។ វៀតណាមគួរតែផ្តល់ជំនួយ ឬយ៉ាងហោចណាស់ មិនហាមប្រាមចំពោះសង្គមស៊ីវិល ក្នុងការចែកចាយក្រដាសថតចម្លងដែលចែងពីសន្និបាតស្តីពីសិទ្ធិកុមារ និងសម្ភារៈអន្តរជាតិដ៏ទៃទៀត។
គោលការណ៍ទួទៅ
កុមារនៅក្នុងប្រទេសវៀតណាមកំពុងតែប្រឈមជាប្រចាំ នូវការប្រកាន់រើសអើងពូជសាសន៍ ប្រសិនបើពួកគេជា កុមារដែលមានកំណើតជាខ្មែរកម្ពុជាក្រោម។ វប្បធម៌នៃការអនុវត្តជាប្រពៃណីនៃនយោបាយរបស់រដ្ឋាភិបាល ពលរដ្ឋជាជនជាតិដើមនៅលើដែនដីសណ្តរនៃទន្លេមេគង្គ តែងត្រូវបាត់គេចាត់ទុកដោយឡែកជានិច្ចជាកាល មិន ឱ្យទទួលបាននូវសេវ៉ាសង្គម និងបានទទួលនូវការរំលោភបំពានយ៉ាងខ្លាំក្លា ពីចំណាត់ការរបស់អាជ្ញាធរ។
ពួកកុមារមិនត្រូវបានអនុញាតឱ្យចូលរួមក្នុងសកម្មភាពវប្បធម៌របស់ខ្លួន ព្រោះថ្ងៃបុណ្យសាសនារបស់គេមិនត្រូវ បានអនុញាតឱ្យរំលឹក ដោយច្បាប់រដ្ឋបានដាក់កំរិតហាមឃាត់មិនឱ្យមានការរៀបចំប្រតិបត្តិនូវសិទ្ធិទាំងនោះ។
ជាចុងក្រោយបំផុត ការរស់រានមានជីវិតនិងបន្តទៅមុខបាន ដែលមានចែងនៅក្នុងមាត្រា៦ នឹងក្លាយជាការពិត ទៅបាន អាស្រ័យទៅតាមការទទួលស្គាល់សិទ្ធិនៃការសម្រេចវាសនាខ្លួនដោយខ្លួនឯងនៅក្នុងតំបន់។ បើមិន ដូច្នោះទេ បែបផែននៃការប្រកាន់បែងចែកដែលមានមកហើយ នឹងមានបន្តយ៉ាងឋិតថេរក្នុងបុរេនិច្ឆ័យចំពោះ ជនជាតិដើមនៅដែនដីសណ្តរនៃទន្លេមេគង្គ។
សកម្មភាពរបស់វៀតណាមរំលោភបំពានទៅលើសិទ្ធិក្នុងការរស់រានមានជីវិត និងការរីកចម្រើន តាមរយៈការ បំផ្លាញវត្តអារាម ដែលជាស្នូលរបស់វប្បធម៌ខ្មែរកម្ពុជាក្រោម និងការធ្វើទុក្ខបុកម្នេញចំពោះអ្នកដឹកនាំផ្នែកស្មារតី។ វត្តអារាមតែងតែបានត្រូវជាគោលដៅនៃការរុកគួនរំខានដ៏រាលដាល ហើយព្រះសង្ឃក៏ត្រូវបានចាប់ចង ដោយ អាជ្ញាធរ ដោយហេតុប្រឈមនឹងការចោទប្រកាន់ពីបទនយោបាយ។
ការវិវឌ្ឃន៍ដ៏សំខាន់ គឺផលប៉ះពាល់ដ៏ច្រើនប្រការ ដែលបណ្តាលមកពីការផ្លាស់ប្តូរធាតុអាកាស នៅដែនដីសណ្តរ នៃទន្លេមេគង្គ ក្នុងកាលអនាគត។ យើងបានឃើញរួចទៅហើយ នូវការរំលោភទៅលើមាត្រា៦ ហើយយើងក៏ ជឿជាក់ថា រឿងនេះនឹងត្រូវបានតាមដាននិងធ្វើការចាប់អារម្មណ៍។
មានរបាយការណ៍ចុះក្នុងសារព័ត៌មានព្រៃនគរ ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១១(The Saigon Time)អំពី ’’ប្រជា ពលរដ្ឋដែលរស់នៅលើដែនដីសណ្តរនៃទន្លេមេគង្គ កំពុងមានការអស់សង្ឃឹមចំពោះការឡើងយ៉ាងគំហុក នូវទឹកប្រៃពីក្នុងព្រែកនានា។ ឆ្នាំនេះ ជាតិប្រៃក្នុងទឹកបានឡើងកំរិតខ្ពស់ជាងការគិតទុក។ អ្នករស់នៅក្នុងតំបន់ បានសង្កេតឃើញថា មានស្រែស្រូវជាច្រើនហិកតា និងភោគផលដំណាំច្រើនរយហិកតាបានត្រូវខូចខាត ព្រមទាំងទឹកសាបសម្រាប់តម្រូវការរបស់មនុស្ស បានត្រូវរីងស្ងួតអស់។’’  នៅពេលដែលបម្លាស់ប្តូរធាតុអាកាស បន្តផលប៉ះពាល់ កុមារត្រូវប្រឈមនឹងលក្ខណៈពិបាករស់នៅ និងការរីកចម្រើននៅលើទឹកដីកម្ពុជាក្រោម។ អត្ថបទនៃសារព័ត៌មានក៏បានធ្វើការកត់សំគាល់ អំពីហេតុដែលនាំឱ្យស្រែស្រូវលើដី១.៧០០ហិកតា បានត្រូវ បំផ្លាញដោយសារទឹកប្រៃដែរ។
អនុសាសន៍
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមត្រូវតែមានលទ្ធភាពគ្រប់គ្រងយ៉ាងពេញលេញ ទៅលើការធ្វើបុណ្យទានជាប្រពៃណី របស់ខ្លួន ត្រូវតែអាចចូលរួមជាទួទៅក្នុងតំបន់ ក្នុងការរំលឹកដល់ពិធីទាំងឡាយជាទីសក្ការៈរបស់ពួកគេ ហើយឱ្យ ពួកកុមារបានត្រូវចិញ្ចឹមបីបាច់រក្សាក្នុងភាពថ្លៃថ្នូនៅក្នុងសហគមន៍។
វត្តអារាមនិងចាស់ព្រឹទ្ធាចារអ្នកដឹកនាំ ត្រូវតែបានអនុញាតឱ្យធ្វើសកម្មភាពជាស្វយ័ត ដោយគ្មានការជ្រៀតជ្រែក ពីរដ្ឋ។ មុខងារជាប្រពៃណីនៃវិជ្ជាស្ថានសាសនាត្រូវតែបានអនុញាតឱ្យធ្វើសកម្មភាព នាំឱ្យកុមារបានរៀនសូត្រ និងរស់នៅតាមបែបផែនវប្បធម៌ខ្មែរកម្ពុជាក្រោម។
ត្រូវតែមានការបកស្រាយពន្យល់ដ៏ត្រឹមត្រូវជាគម្រូ ការសម្របសម្រួលនិងបន្ធូរបន្ថយ ចំពោះបម្រែបម្រួលធាតុ អាកាស ចំពោះខ្មែរកម្ពុជាក្រោមដែលរស់នៅលើដែនដីសណ្តរនៃទន្លេមេគង្គ ជាមួយដៃគូគឺភ្នាក់ងារជំនាញនៃ អង្គការសហប្រជាជាតិ កម្មវិធី និងមូលនិធិ។
រដ្ឋាភិបាលត្រូវតែតាមដានយ៉ាងជាប់លាប់ នូវការប្រែប្រួលធាតុអាកាស ក្នុងសហប្រតិបត្តិការជាមួយអង្គការ អន្តរជាតិនិងដៃគូ ហើយពន្យល់ដល់សហគមន៍ជាចាំបាច់ ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងឡាយ ចំពោះ ពួកកុមារនិងមនុស្សជំនាន់ក្រោយ។
សិទ្ធិជនស៊ីវិល និងសេរីភាព
ដោយអកុសល វិស័យសិទ្ធិជនស៊ីវិលនិងសេរីភាព មានសភាពដុនដាបយ៉ាងខ្លាំងក្លាចំពោះសិទ្ធិកុមារ ហើយបន្ត កាន់តែស្រុតចុះនៅពេលកុមារឈានចូលពេញវ័យ។
ក្នុងមាត្រាទី៧ កុមារខ្មែរកម្ពុជាក្រោមបានត្រូវដាក់ឈ្មោះឱ្យជាឈ្មោះវៀតណាម ដែលមិនអាចឱ្យស្គាល់បាន អំពី ឈ្មោះពីប្រពៃណីដើមកំណើត។ ក្នុងភូមិខ្មែរកម្ពុជាក្រោមនានាទាំងមូល ត្រូវបានបង្ខំឱ្យទទួលយកឈ្មោះតែមួយ ដូចៗគ្នា ដូចជាឈ្មោះ’’ថាច់’’ជាដើម។
ក្នុងមាត្រាទី៨ អត្តសញ្ញាណរបស់ខ្មែរកម្ពុជាក្រោម ត្រូវនៅក្រោមការគម្រាមថាត្រូវបាត់បង់ផុតរលត់។ ខ្មែរកម្ពុជា ក្រោមមិនទាំងបានអនុញាតឱ្យហៅខ្លូនឯង ថាជាខ្មែរកម្ពុជាក្រោមផងទេ។ ពាក្យថា’’ខ្មែរ’’ គឺមិនស្របច្បាប់ ហើយ មិនត្រូវឱ្យបានឱ្យនិយាយចេញឱ្យឮឡើយ។
មានរហូតទៅដល់ទាំងប្រព័ន្ធរៀបចំ ឱ្យមានការរើសអើងបែងចែកចំពោះខ្មែរកម្ពុជាក្រោម តាំងពីសាលាបឋម សិក្សា រហូតទៅដល់វិទ្យាល័យ។ មានយុវជនខ្មែរក្រោមយ៉ាងតិចតួចបំផុត ដែលអាចទទួលអាហាររូបករណ៍ ដើម្បីបន្តការសិក្សាទៅកំរិតសកលវិទ្យាល័យ។
មានការខ្វះសិទ្ធិជាប្រពៃណី ក្នុងការបញ្ចេញមតិទាំងស្រុងនៅប្រទេសវៀតណាម ក៏ដូចជាសិទ្ធិក្នុងការប្រើ បច្ចេកវិជ្ជាទំនើប ដូចជាអិនតឺណេតដែរ។ កុមារខ្មែរកម្ពុជាក្រោមមិនអាចមានលទ្ធភាព ក្នុងការបញ្ចេញមតិ តាមទសនាវដ្ដីនិងសៀវភៅ ក៏ដូចជាតាមអិនតឺណេត។
សេរីភាពសាសនាក្នុងមាត្រាទី១៤ បានឆ្លុះបញ្ចាំអំពីការរំលោភបំពានជាប្រព័ន្ធរៀបចំទុក ចំពោះការច្រានចោល នូវសិទ្ធិជាមូលដ្ឋាន។ វត្តអារាមកាន់តែច្រើនឡើងឋិតក្នុងភាពទ្រុឌទ្រោមមិនអាចជួសជុលបាន ហើយកុមារ មិនអាចរៀនសូត្របាន អំពីការអប់រំប្រៀនប្រដៅនៃព្រះពុទ្ធសាសនាថេរវាទ។ កុមារដែលចង់រៀនសូត្រក្នុងរឿង នេះ ត្រូវតែសុំច្បាប់អនុញាតពីរដ្ឋាភិបាល។ នេះគឺជាការរំលោភបំពានសិទ្ធិសេរីភាពមួយដ៏ជាក់ស្តែង។ ក្នុងករណី នេះដែរ ប្រសិនបើកុមារណាម្នាក់បានត្រូវអនុញាតឱ្យសាងផ្នួសដើម្បីបានរៀនសូត្រធម៌វិន័យ  ក៏មានគម្រូនៃការ ធ្វើទុក្ខបុកម្នេញនិងការចាប់ឃុំខ្លួនថ្មីៗ ចំពោះព្រះសង្ឃខ្មែរដែលប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទនៅប្រទេស វៀតណាម ហើយតាមចាប់រហូតដល់ប្រទេសកម្ពុជា មានព្រះតេជព្រះគុណ ទិម សាខន ជាឧទាហរណ៍ស្រាប់។
ការរំលោភបំពានមួយដ៏ធ្ងន់ធ្ងរក្នុងចំណោមការរំលោភបំពានដ៏ច្រើន គឺសិទ្ធិក្នុងការរួមប្រជុំក្នុងចំណោមកុមារ និងយុវជនខ្មែរក្រោម។ គ្មានសមាគម ឬក្លឹបចំពោះខ្មែរក្រោមទេ ទោះជាក្នុងសភាពជាក្រុមកីឡាក៏ដោយ។  យុវជនខ្មែរក្រោមត្រូវតែអាចប្រស្រ័យទាក់ទង និងបញ្ចេញនូវអត្តសញ្ញាណវប្បធ៌ដាច់ដោយឡែករបស់ពួកគេ ជាមួយគ្នាទៅវិញទៅមក។
មានមាត្រាចំនួនបីជាគោល ដែលមានសារសំខាន់ចំពោះកុមារខ្មែរកម្ពុជាក្រោម។ មាត្រា១៧ ជាមាត្រាដំបូង បំផុតដែលត្រូវតែបានគោរពលើកដំកើងនិងការពារ។ សព្វថ្ងៃនេះ គ្មានសេរីភាពក្នុងការទទួលព័ត៌មាន ចំពោះ ភាពចម្រុះនៃវប្បធម៌ និងប្រភពនានាពីអន្តរជាតិ និងភាសាដែលត្រូវការជាចាំបាច់នោះឡើយ។
ដោយអកុសល មានតែឯកសារដែលនិយាយពីការធ្វើទារុណកម្ម ការដកហូតនូវសិទ្ធិសេរីភាពចំពោះខ្មែរ កម្ពុជាក្រោម នៅក្នុងឆ្នាំដែលកន្លងទៅថ្មីៗនេះ។
អនុសាសន៍
ការប្រើនាមជាកម្ពុជាក្រោមត្រូវតែបានអនុញាត ដើម្បីឱ្យរីកសាយភាយតាមរយៈការធានារ៉ាប់រងចំពោះមាតាបិតា និងវិជ្ជាស្ថានវប្បធម៌ ក្នុងការចូលរួមជាសកម្ម។
ខ្មែរក្រោមត្រូវតែបានអនុញាតឱ្យរៀនសូត្រនូវប្រវត្តិនៃមនុស្សជាតិរបស់ខ្លួន តាមរយៈគ្រិះស្ថានសិក្សាសាធារណៈ និងរៀនសូត្ឬក្រោយកម្មវិធីក្នុងថ្នាក់។  ចំណាត់ទុកជាពលរដ្ឋថ្នាក់ទីពីរត្រូវតែបានជំនួសវិញ ជាសហប្រតិបត្តិការ ដើម្បីឱ្យមានភាពស្មើគ្នាចំពោះកុមារទាំងអស់ នៅក្នុងប្រទេសវៀតណាម។
ត្រូវតែមានសេរីភាពក្នុងការបញ្ចេញមតិដោយគ្រប់រូបភាព ពីសំណាក់កុមារខ្មែរកម្ពុជាក្រោម។
កិច្ចប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ ត្រូវតែបានអនុញាតឱ្យមានដោយសេរី ដោយគ្មានអន្តរាគមន៍ពីសំណាក់ រដ្ឋាភិបាល។ កុមារណាក៏ដោយដែលមានឧប្បនិស្ស័យក្នុងការសាងផ្នួសជាសង្ឃ ត្រូវតែមានសេរីភាពយ៉ាងពេញ លេញ ក្នុងសកម្មភាពនៃព្រះពុទ្ធសាសនាថេរវាទ។
កុមារនិងយុវជនខ្មែរកម្ពុជាក្រោម ត្រូវតែមានសិទ្ធិក្នុងការរួមគ្នាជាក្រុមឬក្លឹប ជាសមាគម ឬជាអង្គការដែលអាចឱ្យ ពួកគេបានប្រតិបត្តិនូវទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ខ្លួន។
ប្រទេសវៀតណាមគួរតែចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រជុំពិភាក្សាជាអចិន្ត្រៃយ៍ អំពីបញ្ហាជនជាតិដើម ដែលរៀបចំ ដោយអង្គការសហប្រជាជាតិ ដើម្បីបានប្រើប្រាស់នូវយន្តការនៃអង្គការនេះ សម្រាប់រកដំណោះស្រាយចំពោះ បញ្ហារំលោភបំពានសិទ្ធិសេរីភាព ដែលកើតមាននាពេលបច្ចុប្បន្ន។ នេះជាបរិបទដ៏មានសារសំខាន់មួយ ដើម្បី ផ្លាស់ប្តូរនូវស្ថានភាព ដែលទាក់ទងនឹងមាត្រា១៧។
ប្រទេសវៀតណាមត្រូវតែធ្វើសហការជាមួយនិងភ្នាក់ងារពិសេសនៃអង្គការសហប្រជាជាតិ កម្មវិធីនិងមូលនិធិ នៃអង្គការនេះ ដើម្បីសម្រេចបាននូវខ្លឹមសារនៃមាត្រា១៧ ដូចជាមូលនិធិនៃអង្គការសហប្រជាជាតិដើម្បីកុមារ UNICEF (United Nations for Infants and Children Fund ) និងអង្គការសហប្រជាជាតិដើម្បីសិក្សាអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌UNESCO (United Nations Education Scientific and Cultural)។
ប្រទេសវៀតណាមត្រូវតែធ្វើសច្ចាប័ន លើអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីការប្រឆំាងនឹងទារុណកម្ម និង ជម្រើសពិធីការនៃកតិកាសញ្ញាប្រឆាំងនឹងទារុណកម្ម និងអំពើឃោរឃៅឬបំបាក់មុខ ឬទណ្ឌកម្ម(CAT) ដោយចូល រួមយ៉ាងសកម្មក្នុងគណកម្មាការនៃអង្គការសហប្រជាជាតិផ្នែកប្រឆំាងទារុណកម្ម និងអនុគណកម្មការផ្នែកការពារ កុំឱ្យមានការប្រព្រឹត្តទារុណកម្ម។
បរិស្ថានគ្រួសារ និងការយកចិត្តទុកដាក់
ខ្មែរកម្ពុជាក្រោមមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទង្វើរបស់រដ្ឋាភិបាលក្នុងកិច្ចអាណាព្យបាល ដែលមិន ផ្តល់លទ្ធភាពចំពោះសមត្ថភាពកុមារ ដោយច្រានចោលនូវតម្លៃជាមូលដ្ឋាន និងអត្តសញ្ញាណរបស់កុមារ។
អនុសាសន៍
រដ្ឋាភិបាលគួរតែផ្តល់នូវកិច្ចការពារដែលប្រសើជាងនេះ ដើម្បីឱ្យមានការលើកកំពស់ស្មារតីកុមារកម្ពុជាក្រោម តាមរយៈមាតាបិតា និងសហគមន៍។
រដ្ឋាភិបាលនៃប្រទេសវៀតណាមគួរតែទទួលស្គាល់សិទ្ធិនៃកុមារពិការ ដែលមានចែងនៅក្នុងអនុសញ្ញានៃអង្គការ សហប្រជាជាតិ ស្តីពីកុមារពិការ។
មានសហគមន៍មួយចំនួន ដែលសេវ៉ាសុខភាពកំពុងធ្លាក់ធ្ងន់ធ្ងរ។ កុមារខ្មែរក្រោមកំពុងតែរស់នៅក្នុងភាពក្រីក្រ ត្រដាបត្រដួស បើប្រៀបប្រដូចទៅនឹងស្ថានភាពជាទួទៅ នៃប្រទេសវៀតណាម។
កសិករខ្មែរកម្ពុជាក្រោមជាអ្នកតស៊ូធន់ទ្រាំនឹងការងារ។ ទោះជាយ៉ាងនេះក៏ដោយ ខ្មែរកម្ពុជាក្រោមនៅតែជា ប្រជាពលរដ្ឋដែលក្រីក្របំផុត នៅលើដែនដីសណ្តរនៃទន្លេមេគង្គ។ ពួកកុមារតែងតែបោះបង់ចោលការរៀនសូត្រ ដើម្បីជួយគ្រួសារបស់ពួកគេ ក្នុងការងារចាំបាច់ដើម្បីចិញ្ចឹមជីវិត។
ការងារធ្វើស្រែជារឿងមួយដ៏សំខាន់ណាស់ ដោយប្រទេសវៀតណាមកំពុងតែឈរលើថ្នាក់ដ៏ខ្ពស់ ក្នុងនាមជា ប្រទេសដែលនាំអង្ករចេញលើពិភពលោក។ មួយភាគធំនៃភោគផលស្រូវទាំងនោះ គឺត្រូវបានផលិតចេញ ពីដែនដីខ្មែរកម្ពុជាក្រោម។  ទោះជាយ៉ាងនេះក៏ដោយ ក៏នៅតែមានឯកសារដែលបានលាតត្រដាង អំពីគ្រួសារ ខ្មែរក្រោម ដែលគ្មានអាហារគ្រប់គ្រាន់ដើម្បីបរិភោគ។
ក៏មានសកម្មភាពរស់រវើកក្នុងការបូមយកប្រេងពីក្នុងដី និងការអភិវឌ្ឍន៍ផ្នែកនេះដែរ។ នៅពេលដែលប្រទេសបាន ទទួលនូវចំណូលថវិកាពីសេដ្ឋកិច្ចថ្មីនេះ សហគមន៍ក្នុងទីកន្លែង ក៏ត្រូវតែបានទទួលផលកម្រៃដែរ។
ក្នុងវិស័យមួយទៀត គឺមានការខ្វះចន្លោះ នូវជំនួយរបស់បរទេស ដែលផ្តល់ចំពោះខ្មែរកម្ពុជាក្រោម។ ប្រទេស វៀតណាមក៏បានឈាននូវជំហ៊ានយ៉ាងសំខាន់ ក្នុងជំនួបជាមួយគោលដៅការអភិវឌ្ឍន៍នៃសហសវត្សរ៍ របស់ អង្គការសហប្រជាជាតិ។ ប៉ុន្តែដោយអកុសល សហគមន៍នៃខ្មែរកម្ពុជាក្រោម នៅក្នុងរង្វង់នៃភាពក្រីក្រ និងការ ទាត់ចោល។
អនុសញ្ញាស្តីពីសិទ្ធិជនពិការ គួរតែត្រូវបានផ្តល់សច្ចាប័នជាបន្ទាន់ ដោយប្រទេសវៀតណាម។ រដ្ឋាភិបាលគួរតែ ចូលរួមជាដៃគូ ជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដែលមានជំនាញផ្នែកសិទ្ធិជនពិការ។
អង្គការសុខភាពពិភពលោក(WHO) ដែលគួរតែត្រូវបានអនុញាតឱ្យជួយដល់ខ្មែរកម្ពុជាក្រោម ដើម្បីឱ្យរៀបចំ បានជាកម្មវិធីសុខភាពសហគមន៍ ដើម្បីធានាដល់តម្រូវការជាមូលដ្ឋាន។ ក៏គួរតែមានការគិតផ្តោត ទៅលើភាព ពិការភ្នែកក្នុងសហគមន៍ ដែលគ្មានការយកចិត្តទុកដាក់ធ្វើឱ្យបានជាសះស្បើយ ឬបានមើលឃើញវិញនោះ។ ជាពិសេសទៅទៀត មូលហេតុដែលនាំឱ្យងងិតភ្នែក ត្រូវតែបានរកឱ្យឃើញ។
រដ្ឋាភិបាលគួរតែអនុញាតឱ្យមានកំណែក្នុងតំបន់ ចំពោះសហគ្រាសឆ្នៃប្រឌិត ដោយរាប់ទាំងការផ្តល់ប្រាក់កម្ចី តូចៗ(microfinance) ក្នុងចំណោមជនជាតិដើម ដើម្បីលើកកំពស់សេដ្ឋកិច្ចក្នុងសហគមន៍ខ្មែរកម្ពុជាក្រោម។ ភាពជាដៃគូនេះ ត្រូវតែប្រព្រឹត្តទៅស្របជាមួយនឹងគោលការណ៍នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីជនជាតិដើម ក្នុងលក្ខណៈជាសេរី ជាអាទិភាព និងដោយយល់ព្រមព្រៀងជាមុន។
ផលនៃការបូមយកប្រេងពីតំបន់អូរកាប់ អាចត្រូវប្រើប្រាស់ឱ្យបានជាថវិការមានប្រយោជន៍ ក្នុងការជួយទ្រទ្រង់ ជាអាហាររូបករណ៍ និងជាជំនួយដល់កុមារខ្មែរក្រោម។
ជំនួយបរទេសត្រូវតែទទួលបាន និងជាជំនួយដល់ខ្មែរកម្ពុជាក្រោម ដើម្បីឱ្យសម្រេចបាននូវសិទ្ធិរបស់ពួកគេជា មូលដ្ឋាន ហើយនឹងបានទៅដល់កំរិតនៃគោលដៅការអភិវឌ្ឍន៍ក្នុងសហសវត្សរ៍ របស់អង្គការសហប្រជាជាតិ។ ជំនួយបរទេសបានទៅដល់សហគមន៍ខ្មែរកម្ពុជាក្រោមដោយកម្រ ធ្វើឱ្យភាពក្រីក្រនៅឋិតថេរគ្មានទីបញ្ចប់។
ការសិក្សាអប់រំ ការលំហែ និងសកម្មភាពវប្បធម៌
វិស័យនេះ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ គឺជាស្នូលនៃការធ្វើឱ្យសម្រេចបាន ចំពោះសិទ្ធិ នៃកុមារនៅប្រទេសវៀតណាម ជាពិសេស ចំពោះខ្មែរកម្ពុជាក្រោម។
សិទ្ធិក្នុងការចូលរៀនសូត្រ មាត្រា២៨ ជាការចាំបាច់សម្រាប់ការរីកចំរើនរបស់កុមារ ឆ្ពោះទៅរកការធំពេញវ័យ ដែលប្រកបដោយផាសុកភាព។ ការបង្រៀនអំពីសិទ្ធិមនុស្ស និងអំពីបរិស្ថានធម្មជាតិ ក៏ជាការចាំបាច់ ដើម្បី បង្កើនឋាមពលរបស់កុមារឱ្យបានពេញសក្តានុភាពរបស់គេ។ ប៉ុន្តែជាអកុសល គ្មានសម្ភារៈពីការិយាល័យនៃ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ត្រូវបានអនុញាតឱ្យបង្រៀនអំពីសិទ្ធិមនុស្សជាមូលដ្ឋាន ពីសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលជាស្នូលនៃសម្ភារៈដែលមានលក្ខណៈជាអន្តរជាតិ អំពីសិទ្ធិ មនុស្ស។ យើងក៏មានជំនឿថា ការរៀនសូត្រពីការប្រែប្រួលធាតុអាកាស ក៏អាចមាននៅក្នុងមាត្រានេះដែរ។
ប្រជាពលរដ្ឋខ្មែរក្រោមមិនត្រូវបានអនុញាតឱ្យធ្វើពិធីរំលឹកទិវាវប្បធម៌របស់ខ្លួនឡើយ។ ខ្មែរក្រោមត្រូវតែសុំច្បាប់ ដើម្បីបានការអនុញាតឱ្យរៀបចំធ្វើពិធីបុណ្យទាន។ ជានិច្ចជាកាល របៀបនេះតែងនាំមកនូវអ្វីដែលពួកគេមិនចង់ បាន  និងការដាក់កំហិតដ៏តឹងតែង ចំពោះជីវិតប្រចាំថ្ងៃ។ ក្នុងពេលថ្មីៗនេះដែរ ខ្មែរក្រោមដែលបានចូលរួមក្នុងពិធី ដែលមានច្បាប់អនុញាតហើយ ក៏នៅតែត្រូវបានហាមប្រាមថា ពិធីនោះត្រូវធ្វើតែក្នុងរយៈពេលដ៏ខ្លី ដែលរឿងនេះ ជាការបំផ្លាញដល់ទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេ។
អនុសាសន៍
គួរតែមានមធ្យោបាយដើម្បីអាចទទួលបាន នូវព័ត៌មាន ឬប្រព័ន្ធសិក្សាអប់រំ ដើម្បីជាជំនួយដល់ខ្មែរកម្ពុជាក្រោម។ ទីកន្លែងរស់នៅជាទួទៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម គឺជាតំបន់ដាច់ស្រយាលនៃប្រទេសវៀតណាម ដែលមានទំនាក់ទំនងយ៉ាងតិចតួច ជាមួយនឹងការទទួលបាននូវព័ត៌មានផ្សេងៗ។ ដោយប្រការនេះ រដ្ឋាភិបាល វៀតណាមគួរតែផ្តល់នូវបណ្ណាល័យ និងមជ្ឈមណ្ឌលសម្រាប់សិក្សារៀនសូត្រ ដែលមានសម្ភារៈសិក្សា ជាភាសា ខ្មែរ។
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ត្រូវតែបានអនុញាតឱ្យប្រារព្ធពិធីបុណ្យនានា តាមវប្បធម៌ប្រពៃណីរបស់ពួកគេ។ មានកាលបរិច្ឆេតដ៏ច្រើន ដែលកំណត់នូវពិធីការជាប្រពៃណី ជាវប្បធម៌របស់គេ។ កិច្ចប្រតិបត្តិវប្បធម៌និមួយៗ ត្រូវតែរួចផុតពីការគាបសង្កត់ ហើយការសុំច្បាប់អនុញាត ត្រូវតែលប់បំបាត់ចោល ដើម្បីជាការគោរពចំពោះអ្វីៗ ដែលមានចែង នៅក្នុងមាត្រាទី៣១។
ភាសាខ្មែរត្រូវតែបានគោរព ឱ្យដូចជាភាសាផ្លូវការមួយ ជាទួទៅ និងនៅគ្រប់ស្ថាប័ន។ ការសិក្សារបស់ខ្មែរក្រោម ត្រូវតែបញ្ចូលទៅក្នុងគម្រោងកម្មវិធីសិក្សា និងនៅក្នុងការបង្រៀនប្រចាំថ្ងៃ ក្នុងគ្រឹះស្ថានសិក្សា ចំពោះខ្មែរ កម្ពុជាក្រោម។
វិធីសាស្ត្រការពារពិសេស
មាត្រាផ្សេងទៀត ដែលមានសារសំខាន់ជាអាយុជីវិត គឺមាត្រាទី៣០ ដែលបូកបញ្ចូលការរីកចំរើនទាំងអស់ ក្នុងវិស័យនៃសិទ្ធិមនុស្សរបស់ជនជាតិដើម ដោយរាប់បញ្ចូលទាំងការបរិយាយជាទួទៅ នៃអនុសញ្ញា ស្តីពី សិទ្ធិកុមារ។ សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ត្រូវតែធ្វើឱ្យបានទៅជាការពិត នៅពេលដែលប្រទេសវៀតណាមព្រមទទួលយកយន្តការនេះ នៅឆ្នាំ២០០៧ នៅក្នុងមហាសន្និបាតនៃអង្គការ សហប្រជាជាតិ។
ចំពោះមាត្រាទី៣២ មានឧទាហរណ៍ជាច្រើន បង្ហាញជាក់ស្តែងអំពីភាពក្រីក្រ ក្នុងការផ្លាស់ប្តូរពីជីវិតរស់នៅជា មូលដ្ឋាន ពីភាពសមរម្យថ្លៃថ្នូទៅជាការអស់សង្ឃឹម។ ខ្មែរក្រោមបានត្រូវបង្ខំឱ្យចាកចេញពីដីកេរមត៌កប្រពៃណី របស់គេ ទៅកាន់ទីក្រុងធំៗ ដែលនៅទីនោះពួកគេបានក្លាយខ្លួនជាជនរងគ្រោះ។
ដោយគេបានត្រូវបង្ខំឱ្យជួយដល់គ្រួសារដើម្បីការរស់រានមានជីវិត ទីបំផុតពួកគេក៏បង្ខំចិត្តត្រូវតែធ្វើការងារ ដែល មានប្រាក់កម្រៃយ៉ាងទាប ក្នុងនាទីជាអ្នកបំរើបោសជ្រះ។ វិស័យដែលគួរយកចិត្តទុកដាក់មួយទៀត គឺអ្នកធ្វើការ ខ្មែរក្រោមក្មេងៗ ជាពិសេស ស្ត្រីនៅក្នុងរោងចក្រ ដូចជារោងចក្រគ្រាប់ស្វាយចន្ទីជាឧទាហរណ៍។ ស្ត្រីបានត្រូវ បង្ខំឱ្យធ្វើការពេលម៉ោងដ៏វែង ក្នុងបរិស្ថានមិនល្អ ដែលនាំឱ្យសុខភាពពួកគេ កាន់តែទ្រុឌទ្រោមទៅ។
អ្នកជំនួញជាច្រើនបានមកប្រទេសវៀតណាម ដើម្បីរកកូនក្រមុំវ័យក្មេងៗ។ ស្ត្រីជាច្រើនគ្នាផ្សេងទៀត បានត្រូវធ្វើ ការជួញដូរ និងបង្ខំឱ្យក្លាយខ្លួនជាស្រីផ្កាមាស និងជាបាវបម្រើតាមផ្ទះ។ ស្ត្រីក្មេងៗបានត្រូវក្លាយជាគោលដៅ ទាំងនេះ ដោយសារស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួនជាជនក្រតោកយ៉ាក ជាអ្នកមិនបានទទួលការអប់រំសិក្សា នៅតំបន់ដែនដីសណ្តរនៃទន្លេមេគង្គ។
ប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលវៀតណាមនាពេលបច្ចុប្បន្ន គឺតែងធ្វើទុក្ខទារុណចំពោះខ្មែរក្រោមលើដែនដីសណ្តរ នៃទន្លេមេគង្គ។ ជានិច្ចជាកាល ព្រះសង្ឃវ័យក្មេង បានត្រូវដកហូតនូវសេរីភាពតាមបណ្តាញតុលាការ ដែលមិន យល់ដឹង ពីច្បាប់ជនស៊ីវិលជាមូលដ្ឋាន។
អនុសាសន៍
រដ្ឋាភិបាលនៃប្រទេសវៀតណាមត្រូវតែរៀបចំនយោបាយនៅលើដែនដីសណ្តរនៃទន្លេមេគង្គ ដោយយោងទៅលើ គោលការណ៍អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ និងការអនុវត្តដោយផ្តោតទៅលើកុមារជាជនជាតិ ដើម ដោយសម្របជាមួយនឹងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម។
ស្ត្រីគួរតែបានទទួលការការពារ ដោយកម្មវិធីដែលផ្តល់ការសិក្សាអប់រំ ក៏ដូចជាការការពារចំពោះកម្លាំងពលករ ដែលគោរពសិទ្ធិជាមូលដ្ឋាន ក្នុងវិស័យសុខភាព និងកម្រិតជីវភាពនៃការរស់នៅ។
ដើម្បីឱ្យសម្រេចបាន នូវស្មារតីនៃមាត្រាទី៣៤និងទី៣៥ រដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល ត្រូវតែផ្តួចផ្តើមធ្វើ យុទ្ធនាការឃោសនាជាសាធារណៈ ព្រមានចំពោះការងារកំពុងប្រព្រឹត្តទៅ ដែលនាំឆ្ពោះទៅរកការជួញដូរ មនុស្ស។ អង្គការក្រៅរដ្ឋាភិបាលត្រូវតែបានអនុញាត ក្នុងការផ្តល់នូវកម្មវិធីជាភាសាខ្មែរ ដើម្បីដាស់សតិស្មារតី ក្មេងស្រី និងស្ត្រីពេញវ័យ អំពីសកម្មភាពដែលនាំមកនូវគ្រោះថ្នាក់។
ត្រូវតែមានប្រព័ន្ធយុត្តិធម៌និងតុលាការដែលយុត្តិធម៌ ដើម្បីការពារចំពោះសិទ្ធិជាមូលដ្ឋាន នៃជនដែលត្រូវចោទ ប្រកាន់ពីបទឧក្រិដ។ ម្តងទៀត ការផ្តល់សច្ចាប័នពីសំណាក់រដ្ឋាភិបាលចំពោះអនុសញ្ញាប្រឆាំងទារុណកម្ម និងជម្រើសនៃពិធីសារ ត្រូវតែបានបំពេញជាបន្ទាន់ ដើម្បីការពារចំពោះការដែលយកលេសបះបោរប្រឆាំងកិច្ច ប្រតិបត្តិរបស់រដ្ឋាភិបាល។
ប្រទេសវៀតណាមក៏គួរតែធ្វើសច្ចាប័ន ចំពោះអនុសញ្ញាអង្គការការងារអន្តរជាតិ១៦៩ ក្នុងកាលអនាគតជាបន្ទាន់ ដើម្បីជាមគ្គុទ្ទេសក៍នយោបាយនិងកិច្ចប្រតិបត្តិរបស់ខ្លួន ក្នុងការប្រឆាំងនិងភាពក្រីក្រ និងការការពារកុមារ ជនជាតិដើម នៅប្រទេសវៀតណាម៕
ប្រែសម្រួលដោយ៖ សឺង សម្រច/VOKK

No comments:

Post a Comment

yes