Sunday, 24 June 2012 16:37 ដោយ ៖អេង គឹមជាង-Posted:ID068
ភ្នំពេញ៖ បន្ទាប់ពីមានការ ប្រកាសលទ្ធផល នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា នេះ គណបក្សសិទ្ធិមនុស្ស បានចេញសេចក្តីប្រកាស ព័ត៌មានមួយ ដោយបានលើកឡើងថា លទ្ធផលនេះមិនមានភាពប្រក្រតី។
យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់គណបក្ស សិទ្ធិមនុស្សបានឲ្យដឹងថា ដំណើរនៃការបោះឆ្នោតនេះ មិនមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ ដោយមានភាព មិនប្រក្រតីជាច្រើនករណី ដូចមាននៅក្នុងរបាយការណ៍ របស់គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែលជាដើម។
លិខិតនោះបន្តថា ទោះបីមានភាពមិនប្រក្រតី ដែលធ្វើឲ្យបាត់សំឡេងគាំទ្រ ជាច្រើនក៏ដោយ ក៏លទ្ធផលផ្លូវការ នៃការបោះឆ្នោត ដែលគណបក្សសិទ្ធិមនុស្ស ទទួលបាននោះ គណបក្សសិទ្ធិមនុស្ស សូមទទួលយកលទ្ធផលនេះ។
ជាធម្មតាគេតែងតែសង្កេតឃើញថា គណបក្សប្រឆាំង មិនដែលទទួលយកនូវលទ្ធផលនេះ តាំងពីថ្ងៃបោះឆ្នោតមកម្ល៉េះ ដោយយកលេសថា មានការទិញទឹកចិត្ត របស់ប្រជាពលរដ្ឋ និងទិញសន្លឹកឆ្នោត ពីប្រជាពលរដ្ឋជាដើម ពីគណបក្សកាន់អំណាច ប៉ុន្តែការលើកឡើងទាំងនោះ ជាការមួលបង្កាច់បង្ខូច របស់ពួកគេតែប៉ុណ្ណោះ ដោយគណបក្សប្រឆាំងទាំងនោះ មិនដែលទទួលស្គាល់ ការពិតម្តងណានោះឡើយ។
នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដោយបង្ហាញក្នុងនោះ គណបក្សដែលទទួលបានសំឡេងច្រើនជាងគេ គឺគណបក្សប្រជាជនកម្ពុជា បានទទួល ៨,២៩២ អាសនៈ៕
No comments:
Post a Comment
yes