តារា​កំប្លែង​ដែល​ធ្លាប់​មានឈ្មោះបោះសម្លេង​តាំង​តែ​ទសវត្សរ៍​ទី៩០លោក នួ សារុំ ហៅ​នាយ​ក្រៀវ បាន​រៀបរាប់​ប្រាប់ Sabay ថា បើ​ទោះបីជា​លោក​គឺ​ជា​តារា​កំប្លែង​ធ្លាប់​មាន ឈ្មោះ បោះ សម្លេង នៅ​លើ​វិស័យ​សិល្បៈ ជាង២០ឆ្នាំ ហើយ​បច្ចុប្បន្ន​​លោក​គឺជា​មន្ត្រី​នគរបាល​ដែល​មាន​ឋានន្តរសក្ដិ រហូត​ដល់​ទៅ សក្តិ៣ ក៏​ពិតមែន ប៉ុន្តែ​ជា​រៀងរាល់​ថ្ងៃ​លោក​​នៅ​តែ​ឆ្លៀត​រត់​ម៉ូតូ​ឌុប ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​​ជីវភាព ព្រោះ​ចំណូល​ដែល​បាន​មក​ពី​សិល្បៈ​របស់​លោក​មិន​គ្រប់គ្រាន់​ទៅ​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ នោះ​ទេ។
ឈ្មោះ
ថ្ងៃ ខែ ឆ្នាំ កំណើតទីកន្លែង​កំណើត
ចំនួន​បង​ប្អូន
កម្ពស់/ទម្ងន់
នួ សារុំ
ហៅ​នាយ​ក្រៀវ
០៥ ឧសភា ឆ្នាំ ១៩៦២ភូមិ ច្បារអំពៅ ឃុំ ច្បារអំពៅ ស្រុក កៀនស្វាយ ខេត្ត កណ្ដាល១០ នាក់ ប្រុស៣ ស្រី៧
កម្ពស់ ១៦៥.សម
ទម្ងន់ ៦៥គម
ស្ថានភាពគ្រួសារ
នាយ​ក្រៀវ​មាន​ឈ្មោះ​ដើម នួ សារុំ កើត​នៅ​ថ្ងៃ​ទី០៥ ឧសភា ឆ្នាំ ១៩៦២ ស្ថិត​ក្នុង​ភូមិ ច្បារ​អំពៅ ឃុំ​ច្បារ​អំពៅ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល។ បច្ចុប្បន្ន ទីកន្លែង​ដែល​លោក​កើត​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​បញ្ចូល​ទៅ​ជា​ភូមិ ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។ លោក​គឺ​ជា​កូន​ទី៧ ក្រុង​ចំណោម​បង​ប្អូន​១០​នាក់ ប្រុស ៣ ស្រី៧  តែ​បច្ចុប្បន្ន​នៅ​សល់​តែ​ចំនួន៥ ប៉ុណ្ណោះ ព្រោះ​ស្លាប់​អស់​៥​នាក់​ហើយ។ ឪពុក​របស់​លោក​​ឈ្មោះ នួ ឯម ប្រកប​របរ​ឡើង​ត្នោត ស្លាប់ ចំណែក​ម្ដាយ​របស់​លោក​​ឈ្មោះ នួន មិ ជាអតី​ត​អ្នក​លក់​បន្លែ​បន្តិច​បន្តួច​នៅ​ផ្សារ​ច្បារអំពៅ តែ​បាន​មរណកាល​ដែរ​ហើយ ។
នៅ​ក្នុង​របប​ប៉ុលពត ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​បាន ខ្មែរក្រហម​ជម្លៀស​ទៅ​នៅ​ក្នុង​​ភូមិ គោកព្រីង ឃុំ​គោកព្រីង ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដែល​ជា​ស្រុក​កំណើត​ខាង​ឪពុក​របស់​លោក ។ កាល​នោះ​លោក​មាន​អាយុ១៣ឆ្នាំ ត្រូវ​រស់​នៅ​បែក​ពី​ឪពុក ម្ដាយ និង​បង​ប្អូន ។ លោក​បាន​រស់​នៅ ជា​មួយ​ក្រុម​កុមារ​អង្គភាព ហើយ​ត្រូវ​បាន​ខ្មែរ​ក្រហម​បញ្ជា ឲ្យ​ដើរ​រើស​លាមក​សត្វ ច្រូត​កន្ទ្រាងខែត​យក​មក​ធ្វើ​ជា​ជី បោច​ស្មៅ​ក្នុង​ស្រែ លើក​ភ្លឺស្រែ ជីក​ប្រឡាយ ជា​ដើម។ ក្រោយ​ថ្ងៃ រំដោះ ០៧ មករា ១៩៧៩ ក្រុម​គ្រួសារ​របស់​លោក​បាន ត្រឡប់​មក​ស្រុក​កំណើត​វិញ ហើយ​ក៏​បន្ត​រស់នៅ​រហូត​មក​ដល់​បច្ចុប្បន្ន។ 
លោក​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ១៩៨៤ ជា​មួយ​អ្នក​ស្រី សួន ចន្ថា មាន​មុខ​របរ​ជា​អ្នក​លក់​បបរ​បន្តិចបន្តួច បច្ចុប្បន្ន​មាន​កូន៤នាក់ ប្រុស១ ស្រី៣ ។ ក្នុង​ចំណោម​កូន​ទាំង​៤នាក់​របស់​លោក មាន​ម្នាក់​បាន​​ក្លាយ​ជា​អ្នក​សិល្បៈ ប៉ុន្តែ​មិន​ទាន់​មានឈ្មោះ​បោះ​សម្លេង​នៅ​ឡើយ គ្រាន់​តែ​ជា​អ្នក​លេង​ភ្លេង​នៅ​តាម​រោង​ការ​តែ​ប៉ុណ្ណោះ។
ផ្ទះ​របស់​លោក​បច្ចុប្បន្ន ស្ថិត​ក្នុង​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។
ប្រវត្តិ​ការសិក្សា
លោក​បាន​ប្រាប់​ថា កាល​ពី​បឋម​សិក្សា​លោក​រៀន​នៅ សាលាបឋមសិក្សា “ច្បារអំពៅ” បន្ទាប់​ពី​បញ្ចប់​ថ្នាក់​បឋមសិក្សា​លោក​បាន​បន្ត​​ទៅ​រៀន​នៅ​អនុវិទ្យាល័យ “បឹង​ត្របែក”។ តែ​លោក​រៀន​បាន​ត្រឹម​ថ្នាក់​ឌីប្លូម​ប៉ុណ្ណោះ​ក៏​ឈប់​ទៅ ដោយ​សារ​ជីវភាព​ជួប​ការ​លំបាក​ពេក។
ប្រវត្តិ​តស៊ូ និង​ដើមចម​ក្លាយ​ជា​អ្នក​សិល្បៈ
លោក​បាន​ប្រាប់​ថា កាល​លោក​នៅ​រៀន ដោយ​សារ​តែ​ជីវភាព​គ្រួសារ​ជួប​ការ​លំបាក​ពេក លោក​ត្រូវ​ឆ្លៀត​ពេល ដើរ​រើស​អេតចាយ រត់​កង់​ឌុប និង​អូស​ការ៉េម​លក់ ដើម្បី​ទិញ​សៀវភៅ​និង​ខោអាវ​សម្រាប់​ទៅ​រៀន។ បន្ទាប់​ពី​ឈប់​រៀន លោក​នៅ​បន្ត​រត់​កង់​ឌុប នៅ​ផ្សារ​ច្បារ​អំពៅ និង អូស​ការ៉េម​លក់។
នៅ​ឆ្នាំ១៩៨២ លោក​បាន​ប្រកប​របរ​ជា​អ្នក​ដើរ​ចាក់​មីក្រូ​នៅ​ក្នុង​ភូមិ ហើយ​ក្រោយ​មក​សន្សំ​ប្រាក់​បាន​ខ្លះ ​ក៏​ទិញ​បាន​ម៉ូតូ​កញ្ចាស់​មួយ​ដើម្បី​រត់​ឌុប។ នៅ​ឆ្នាំ១៩៨៤ លោក​បាន​ចូល​ធ្វើ​ជា​ប៉ូលិស ក្នុង​ក្រសួង​មហាផ្ទៃ។ កាល​ណោះ​លោក ធ្វើ​ប៉ូលិស​ផង ឆ្លៀត​ពេល​ទំនេរ ចាក់​មីក្រូ​ផង និង​ម៉ូតូ​ឌុប​ផង។
នៅ​ឆ្នាំ ១៩៨៥ លោក​ត្រូវ​បាន​ម្ចាស់​រោងកុន ច្បារ​អំពៅ ជួល​មីក្រូ និង​ឧបករណ៍​ភ្លើង របស់​លោក​យក​មក​ចាក់​ក្នុង​រោង​កុន។ កាល​ណោះ​មាន​ក្រុម​ល្ខោន​បាសាក់​របស់ ក្រុម​នាយ​កុយ មក​លេង​ក្នុង​រោង​កុន ច្បារអំពៅ។ នៅ​ពេល​នោះ នាយ​កុយ​​បាន​យក​ម៉ូតូ​មក​ផ្ញើ​នៅ​កន្លែង​​ចាក់​មីក្រូ​របស់​លោក។ បន្ទាប់​ពី​សម្ដែង​រួច​ខាង​​ម្ចាស់​រោង​កុន បាន​ចែក​លុយ​ថ្លៃ​ឈ្នួល​ឲ្យ​តួ​សម្ដែង ថ្លៃ​មីក្រូ និង​ឧបករណ៍​ភ្លើង​របស់​លោក ។ តម្លៃ​ខ្លួន​នៅ​ពេល​នោះ​​នាយ​កុយ បាន​តម្លៃ​ខ្លួន​២០រៀល ចំណែក​លោក​បាន​តែ ១៨រៀល។ ដោយ​ឃើញ​នាយ​កុយ​មក​សម្ដែង​មិន​ដល់​មួយ​ម៉ោង​ផង បាន​តម្លៃ​ខ្លួន​រហូត​ដល់​ទៅ​២០រៀល ចំណែក​រូប​លោក​មាន​ទាំង​មីក្រូ និង​ឧបករណ៍​ភ្លើង​ផង​ ហើយ​ត្រូវ​ងងុយដេក​មួយ​យប់​ទល់​ភ្លឺ​ទៀត បាន​តែ​១៨​រៀល លោក​ក៏​មាន​គំនួច​ចិត្ត​មួយ​តូច​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​ដូច​នាយ​កុយ។

លោក បាន​ចិញ្ចឹម​ចិត្ត​នេះ​រហូត​ដល់​ឆ្នាំ​បន្ទាប់ គឺ​១៩៨៦ លោក​បាន​ស្គាល់​នាយ​ស្មាញ ដូច្នេះ ជាមួយ​ចិត្ត​ចង់​ក្លាយ​ជា​តារា​ល្បី​ដូច​នាយ​កុយ លោក​ក៏​បាន​សុំ​នាយ​ស្មាញ​ដើរ​លេង​​សិល្បៈ​ជា​​មួយ ហើយ​ក៏​ត្រូវ​បាន​នាយ ស្មាញ អនុញ្ញាត​ឲ្យ​ដើរ​លេង​ជាមួយ​ទៅ ដោយ​នៅ​ថ្ងៃ​មួយ នាយ ស្មាញ បាន​អនុញ្ញាត​ឲ្យ​លោក​សាក​ល្បង​លេង​អាយ៉ៃ​រឿង ក្នុង​កម្មវិធី​បុណ្យ​មួយ នាង​ក្រុង​តាខ្មៅ ជា​មួយ តារា​កំប្លែង​ចាស់​ដូច​ជា តា​មឿក គាត់(នាយ​ស្មាញ) នាយ​ត្រដក់ ស្រី​ទូច នាយ​សារ៉ែន​ជា​ដើម ។ ក្រោយ​មក​លោក​ក៏​បាន​ស្គាល់​អ្នក​កំប្លែង​ជើង​ចាស់​ជា​ច្រើន ហើយ​ត្រូវ​អ្នក​សិល្បៈ​ជើង​ចាស់​ទាង​នោះ ហៅ​លោក​ចូល​លេង​ជា​មួយ​បន្ត​បន្ទាប់​មក។
ដើម​ចម​​ឈ្មោះ​នាយ​ក្រៀវ 
លោក​បាន​ប្រាប់​ថា នៅ​ថ្ងៃ​មួយ​​លោក​ត្រូវ​បាន នាយ​ក្ដឹប​បាន​ហៅ​​​ទៅ​លេង​​ជា​មួយ ក្នុង​កម្មវិធី​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ខេត្ត​បាត់ដំបង  ព្រោះ​តែ​កាល​នោះ នាយ​ក្រឹម​ដែល​ធ្លាប់​តែ​ដើរ​លេង​ជា​មួយ​ក្រុម​នាយ​ក្ដឹប អវត្តមាន។ ដោយ​សារ​មិន​ចង់​ឲ្យ​អ្នក​ទស្សនា​ខក​ចិត្ត នាយ​ក្ដឹប​ដែល​ជា​អ្នក​ហៅ លោក​ទៅ​សម្ដែង​ជាមួយ បាន​ប្រកាស​ប្រាប់​អ្នក​ដែល​មក​ទស្សនា​​ថា នាយ​ក្រឹម​មិន​បាន​​មក​សម្ដែង​ទេ ហើយ​ត្រូវ​បង​ប្អូន​ជីដូន​មួយ​នាយ​ក្រឹម​មក​ជំនួស ដែល​គេ​នោះ មាន​ឈ្មោះ​ថា នាយ​ក្រៀវ គឺ​សំដៅ​មក​រូប​លោក។ ដូច្នេះ ចាប់តាំង​ពី​ពេល​នោះ​មក លោក​ក៏​បាន​ជាប់​ឈ្មោះ​នាយ​ក្រៀវ​រហូត​មក​ដល់​បច្ចុប្បន្ន។
ទស្សនិកជន​ចាប់​ផ្ដើម​ស្គាល់ និង​ស្នាដៃ 
លោក​បាន​ប្រាប់​ថា ទស្សនិកជន​ចាប់​ផ្ដើម​ស្គាល់​លោក​កាន់​តែ​ច្បាស់ នៅ​ខ្ទង់​ឆ្នាំ ១៩៩៨ តាម​រយៈ​ប៉ុស្តិ៍លេខ៥ ក្នុង​កម្មវិធី”ទីនេះ​ប៉ុស្តិ៍​លេខ៥”និង​កម្មវិធី​ “មីស្ទីន​មក​ដល់​ហើយ​ចាស៎ “។
ក្រោយ​មក​ទៀត​នៅ​ឆ្នាំ​២០០១ លោក​បាន​មក​ធ្វើ​ជា​ពិធី​ករ ក្នុង​កម្មវិធី “ដៃគូ​រីក​រាយ” របស់​ទូរទស្សន៍​អប្សរា។ នៅ​ឆ្នាំ ២០០៣ លោក​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ការ​សម្ដែង​កំប្លែង ក្នុង​កម្មវិធី “មើល​មុខ​មើល​ក្រោយ” របស់​ទូរទស្សន៍​ប៉ុស្តិ៍លេខ៣។
បន្ទាប់​​មក​ទៀត លោក​ក៏​បាន​ចូល​រួម​សម្ដែង កម្មវិធី “ខ្ញុំ​និង​អ្នក” របស់​ទូរទស្សន៍​ជាតិ ព្រម​ទាំង​កម្មវិធី​​វេទិកា​តុ​កាហ្វេ របស់​ទូរទស្សន៍​បាយ័ន ទៀត។
ជា​មួយ​គ្នា​នោះ​​ដែរ លោក​ក៏​​ធ្លាប់​បាន​ថត រឿង​កំប្លែង​ជា​ច្រើន​ជា​មួយ​តារា​កំប្លែង​ល្បីៗ​ជា​ច្រើន សម្រាប់​លក់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ផង​ដែរ ។
ចំពោះ​ខ្សែភាពយន្ត​វិញ លោក បាន​ថត​រឿង​ច្រើន​គួរសម ដូច​ជា រឿង​ម៉ាក់ថឺង,បក្សី​ចាំ​ក្រុង,ជញ្ជាំង​វណ្ណៈ,ខ្មោច​នាងតី,រសជាតិ​ជីវិត ព្រមទាំង​ស្ប៉ត​អប់រំ​ជា​ច្រើន​ទៀត ។
ការងារ និង​ជីវភាព​រស់​នៅ​បច្ចុប្បន្ន 
ចំពោះ​ការងារ​សិល្បៈ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ហាក់​ដូច​ជា​មិន​សូវ​ឃើញ​មុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុន្មាន​ទេ គឺ​ស្ទើរតែ​បាត់​មុខ​ទាំង​ស្រុង​តែ​ម្ដង។ លោក​បាន​បញ្ជាក់​ថា ការ​មិន​សូវ​ឃើញ​លោក​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ដូច​មុន មិនមែន​មាន​ន័យ​ថា លោក​បោះ​បង់​សិល្បៈ​នោះ​ទេ មូល​ហេតុ​ដែល​សំខាន់ គឺ​មក​ពី​មិន​​សូវ​មាន​គេ​ហៅ​ទៅ​សម្ដែង។ លោក​បាន​ប្រាប់​ថា បច្ចុប្បន្ន​លោក​នៅ​តែ​ទៅ​ច្រៀង និង​ធ្វើ​ជា​ពិធី​ករ​នៅ​តាម​​រោងការ ជា​បន្ត​បន្ទាប់​ដដែល។
ចំពោះ​ការងារ​ជា​មន្ត្រី​នគរបាល​វិញ លោក​បាន​ប្រាប់​ថា លោក​គឺ​ជា​អនុប្រធាន​ផ្នែក នៃ​នាយកដ្ឋាន​នគរបាល​ស្ថិតិ លិខិត​ឆ្លងដែន ដែល​មាន​ឋានន្តរសក្ដិ អនុសេនីយ៍ឯក “សក្តិ៣ “។ ប៉ុន្តែ​បើ​ទោះ​ជា​លោក ជា​មន្ត្រី​នគរបាល​ដែល​មាន​ឋានន្តរសក្ដិ រហូត​ដល់​ទៅ​ អនុសេនីយ៍ឯក សគ្គិ៣ បែប​នេះ​ក្ដី ប៉ុន្តែ​លោក​បាន​ប្រាប់​ថា បច្ចុប្បន្ន​​លោក​​នៅ​តែ​ឆ្លៀត​រត់​ម៉ូតូ​ឌុប ជា​រៀងរាល់​ថ្ងៃ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​​ជីវភាព​ប្រចាំ​ថ្ងៃ។
គោលបំណង​ទៅ​ថ្ងៃ​អនាគត 
លោក​បាន​ប្រាប់​ថា បន្ទាប់​ពី​លោក​បាន​ក្លាយ​ជា​អ្នក​សិល្បៈ លោក​មិន​ធ្លាប់​បើក​របបរ​រក​ស៊ី​អ្វី​នោះ​ទេ ពោល​គឺ​មាន​តែ​សិល្បៈ និង​ក្រោយ​ពេល​ទំនេរ​ឆ្លៀត​រត់​ម៉ូតូ​ឌុប ខ្លះៗ​ប៉ុណ្ណោះ។ មូលហេតុ​ដែល​នាំ​ឲ្យ​លោក​មិន​ទាន់​មាន​មុខរបរ​រកស៊ី មិន​មែន​​មាន​ន័យ​ថា លោក​មិន​ចង់​បើក​នោះ​ទេ ព្រោះ​មក​ពី​ចំណូល​ដែល​បាន​មក​ពី​សិល្បៈ​របស់​លោក បាន​ត្រឹម​តែ​ដោះស្រោយ​ជីវភាព​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​មិន​ទាន់​សល់​ជា​ដំកំភួន​​ដែល​អាច​បង្កើត​មុខ​របរ​ណា​មួយ​បាន​នៅ​ឡើយ​ទេ ។ បើ​ទោះ​បីជា​ចំណូល​ដែល​បាន​មក​ពី​សិល្បៈ​បាន​ត្រឹម​តែ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ស្ទើរ​មិន​គ្រប់​ក៏​ពិត​មែន ប៉ុន្តែ​លោក​បាន​ប្រាប់​ថា លោក និង​នៅ​តែ​បន្ត​ជា​រៀង​រហូត​​​សំខាន់​បំផុត ឲ្យ​តែ​មាន​ទស្សនិកជន​ត្រូវ​​ការ​រូប​លោក។ ទោះ​យ៉ាង​ណា លោក ក្រៀវ បញ្ជាក់​ថា ទៅ​ថ្ងៃ​ខាង​មុខ ប្រសិន​បើ​លោក​មាន​ប្រាក់កាស​សល់​ខ្លះ​លោក​មាន​បំណង ចង់​ទិញ​​​ដី​តូច​ល្មមមួយ​កន្លែង ដើម្បី​ធ្វើ​ចម្ការ​ទុក​សម្រាប់​ដល់​ពេល​លោក​ចាស់​ទៅ ផ្ញើ​វាសនា​នឹង​របរ​នេះ៕