ភ្នំពេញៈ លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីបានអំពាវនាវដល់តុលាការឲ្យរកចៅ ក្រមដ៏យុតិ្តធម៌ដែលគោរពវិជ្ជាជីវៈ ហើយស្បថមុននឹងជំនុំជម្រះរូបលោក ក្នុងបំណងស្វែងរកឲ្យឃើញការពិតនិងយុតិ្តធម៌។
លោក ហេង ពៅ អាយុ៥៥ឆ្នាំ ក៏ជាអតីតអនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ បានថ្លែងថា រាល់ការចោទប្រកាន់ប្រឆាំងរូបលោកពុំពិតទេ។ ការចោទទាំងនោះគ្រាន់តែបំផ្លើសពីមនុស្សដែលស្អប់លោក ហើយរៀបចំផែនការចោទប្រកាន់និងចាប់ខ្លួនលោក ប៉ុណ្ណោះ។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ៖ «ខ្ញុំគិតថា រាល់ការចោទទាំងអស់លើរូបខ្ញុំគឺមិនពិតទេ ហើយខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ»។
លោកថា៖ «ដើម្បីស្វែងរកយុតិ្តធម៌ និងការពិតសម្រាប់ខ្ញុំ ខ្ញុំសូមអំពាវនាវដល់តុលាការរកចៅក្រមដ៏យុតិ្តធម៌ ហើយស្បថមុនធ្វើការជំនុំជម្រះរូបខ្ញុំ ហើយសូមកុំជឿថា ខ្ញុំជាមនុស្សល្អ ប៉ុន្តែ ត្រូវជឿលើភស្តុតាង»។
លោក ហេង ពៅ បានប្រាប់ដែរថា ការចោទប្រកាន់និងការចាប់ខ្លួនលោក មានមនុស្ស៥នាក់បានរៀបចំឡើង ក្នុងនោះមានលោកឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ សុខ សាអែម មន្រ្តីយោធាជាន់ខ្ពស់ លោកឧត្តមសេនីយ៍ ម៉ុល រឿប អតីតប្រធាននាយកដ្ឋានស៊ើបអង្កេត និងចារកម្មនៃក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងលោក គ្រី សុខអ៊ី អតីតព្រះរាជអាជ្ញារងអមសាលាដំបូងភ្នំពេញ។
លោក ហេង ពៅ បានបន្តថា៖ «ខ្ញុំជឿលើព្រះ ហើយខ្ញុំមិនខឹងអ្នកទាំងនោះ ដែលបានប្រឌិតការចោទប្រកាន់មកលើរូបខ្ញុំទេ។ ៤នាក់ក្នុងចំណោម ៥នាក់ ដែលប្រឌិតរឿងនិងទម្លាក់កំហុសមកលើខ្ញុំ ឥឡូវនេះ បានស្លាប់អស់ហើយដោយអំពើបាបរបស់ខ្លួន។ ឥឡូវនេះ គឺនៅសល់តែមនុស្សម្នាក់ប៉ុណ្ណោះដែលនៅរស់»។
លោក ហេង ពៅ ត្រូវអនុរក្សពន្ធនាគារព្រៃសនាំខ្លួនកាលពីរសៀលម្សិលមិញ ដើម្បីចូលរួមសវនាការឧទ្ធរណ៍របស់គាត់ ចំពោះករណីចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតលើលោក ថុង អ៊ុយប៉ាង ចាងហ្វាយកាសែតកោះសន្តិភាព នៅឆ្នាំ១៩៩៨។
ក៏ប៉ុន្តែ ដោយសារអវត្តមានជនត្រូវចោទម្នាក់និងមេធាវីការពារក្តី សាលាឧទ្ធរណ៍បានលើកពេលសវនាការទៅថ្ងៃក្រោយ ដោយពុំបានកំណត់កាលបរិច្ឆេទថ្មីទេ។
ទាក់ទងនឹងការចោទប្រកាន់នេះ លោក ហេង ពៅ បានថ្លែងថា លោកពុំបានពាក់ព័ន្ធឬប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ លោកគ្រាន់តែទទួលរងការចោទពីអ្នកដែលស្អប់លោកប៉ុណ្ណោះ។
លោកបន្ថែមថា ជនល្មើសពិតប្រាកដដែលពាក់ព័ន្ធនឹងការបាញ់លោក ថុង អ៊ុយបាង ឲ្យរងរបួស កាលពីឆ្នាំ ១៩៩៨ នោះ គឺជាមនុស្សរបស់លោក ហុង ឡង់ឌី ប៉ុន្តែ ពួកគេមិនត្រូវបានស៊ើបអង្កេត និងចាប់ខ្លួនឡើយ។
លោក កៅ ស៊ូផា មេធាវីការពារក្តីលោក ហេង ពៅ ថ្លែងថា កូនក្តីលោក ជាជនរងគ្រោះនៃការចោទប្រកាន់របស់លោកថុងអ៊ុយប៉ាង។
លោកបន្តថា ចំពោះការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតលោក ថុង អ៊ុយបាង នេះ សាលាដំបូងរាជធានី កាលពីឆ្នាំ ២០០៩ បានផ្តន្ទាទោសលោក ហេង ពៅ ឲ្យជាប់គុក ១៨ ឆ្នាំ។
លោកថ្លែងបន្តថា៖ «ខ្ញុំគិតថា កូនក្តីរបស់ខ្ញុំបានទទួលរងនូវការចោទប្រកាន់យ៉ាងអយុតិ្តធម៌ជាទីបំផុត ប៉ុន្តែ តាមពិត គាត់គ្រាន់តែជាជនរងគ្រោះនៅក្នុងករណីនេះតែប៉ុណ្ណោះ ហើយគាត់ក៏មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ដែរ។ ដើម្បីស្វែងរកការពិតនិងយុតិ្តធម៌សម្រាប់គាត់ ខ្ញុំសូមស្នើឲ្យតុលាការមេត្តាស្រាវជ្រាវនិងស៊ើបអង្កេតឲ្យបានដិតដល់»។
លោកមេធាវីរូបនេះបញ្ជាក់ថា រហូតមកដល់ពេលនេះ លោក ហេង ពៅ បានប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌសរុប ចំនួន១៦ ករណី ក្នុងនោះមាន ៨ ករណីត្រូវបានជំនុំជម្រះរួចហើយ ហើយគិតត្រឹមនេះ លោក ហេង ពៅ កំពុងជាប់ពន្ធនាគារ សម្រាប់ទោសជាង ១០០ ឆ្នាំ។
លោក ថុង អ៊ុយបាង និងមេធាវី ការពារក្តី លោកពុធ ធាវី មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីម្សិលមិញ៕ TK
No comments:
Post a Comment
yes