ដោយ មណ្ឌល កែវ ៖ អាស៊ីសេរី
អាជ្ញាធរដែនដីឃុំឆ្នុកទ្រូ និងនាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្នុងឃុំកំពុងមានទំនាស់គ្នា ដោយសារការប្រើប្រាស់ទ្រព្យសម្បត្តិរួមរបស់សាលា។
ក្រុមប្រឹក្សាឃុំឆ្នុកទ្រូ ទាំង៧រូប បានប្រជុំគ្នា និងសម្រេចជាឯកច្ឆន្ទស្នើឲ្យក្រសួងអប់រំដកនាយកសាលាបឋមសិក្សាឃុំនេះ ចេញពីសាលាដោយបានចោទប្រកាន់ថា លោកនាយកសាលារូបនេះយកទ្រព្យសម្បត្តិរបស់សាលាទៅប្រើប្រាស់ជាផលប្រយោជន៍គ្រួសារ និងគ្រប់គ្រងសាលាមិនដិតដល់ ធ្វើឲ្យលោកគ្រូអ្នកគ្រូមើលបំណាំមកបង្រៀនមិនទៀងទាត់ សិស្សពុំបានចូលរៀនឲ្យត្រឹមត្រូវតាមពេលវេលា។
ជំទប់ទី១ ឃុំឆ្នុកទ្រូ គឺលោក សុខ សៀម បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ មិថុនា ថា ដោយអាជ្ញាធរឃុំពិនិត្យឃើញថា លោក យង់ គឹមសេង ជានាយកសាលាចេះតែដើរចោលសាលាទៅធ្វើការងារក្រៅ បណ្ដោយឲ្យលោកគ្រូអ្នកគ្រូមិនបានមកបង្រៀនឲ្យបានជាប់លាប់ និងទៀងទាត់ពេលវេលា កូនចៅអ្នកភូមិអត់មានគ្រូបង្រៀន បណ្ដាលឲ្យអត្រាសិស្សបោះបង់ការសិក្សាមានការកើនឡើង។
លោក សុខ សៀម៖ «គាត់មិនសូវយកចិត្តទុកដាក់ក្នុងការងារបង្រៀនសិស្សទេ គាត់ច្រើនតែដើរចោលសាលា។ ដល់ទៅអញ្ចឹង គ្រូៗក៏មើលបំណាំតាម ចោលសិស្សឲ្យគ្មានគ្រូបង្រៀន។ ដល់យូរៗទៅ កូនសិស្សអត់មកសាលា។ ហើយកាណូតអាតូចមួយ ដែលសម្រាប់ដឹកសិស្ស គាត់យកទៅប្រើផ្ដាច់មុខតែម្នាក់គាត់ ធ្វើឲ្យលោកគ្រូដែលត្រូវទៅបង្រៀននៅសាខាសាលាកំពង់ព្រះ អត់បានទៅបង្រៀនសិស្ស»។
កាលពីថ្ងៃទី២៦ មិថុនា សមាជិកក្រុមប្រឹក្សាឃុំឆ្នុកទ្រូ ទាំង៧រូប ដែលទើបតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៣ មិថុនា កន្លងទៅ បានប្រជុំគ្នាសម្រេចជាឯកច្ឆន្ទធ្វើរបាយការណ៍មួយទៅលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំឲ្យដកលោក យង់ គីមសេង នាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យ ឆ្នុកទ្រូ ចេញពីសាលា និងផ្លាស់ប្ដូរនាយកថ្មីមកជំនួសវិញ។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ លោក យង់ គីមសេង នាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យ ឆ្នុកទ្រូ មានប្រសាសន៍ថា លោកពុំដែលបានប្រព្រឹត្តដូចការចោទប្រកាន់របស់អាជ្ញាធរឃុំនោះទេ។ លោកថា នេះជារបាយការណ៍ប្ដឹងលោកលើកទី៣ហើយ របស់អាជ្ញាធរឃុំ ប៉ុន្តែមន្ទីរក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់យុត្តិធម៌ដល់លោក ដោយពុំមានអើពើចំពោះបណ្ដឹងរបស់អាជ្ញាធរឃុំឆ្នុកទ្រូឡើយ។
លោក យង់ គីមសេង៖ «បើតាមផ្លូវច្បាប់ គាត់ធ្វើនេះគឺបរិហារកេរ្តិ៍ខ្ញុំហើយ។ បើសិនជាខ្ញុំមានកំហុសនោះ បីលើកដែលគាត់ប្ដឹងនោះ ការិយាល័យមន្ទីរ និងក្រសួង មិនទុកឲ្យខ្ញុំនៅទេ បើគ្មានការរីកចម្រើនក្នុងសាលានោះ។ លោក សុខ សៀម គាត់ច្រណែននិន្ទាជាមួយខ្ញុំ គាត់យកក្រុមប្រឹក្សាឃុំធ្វើជាខែល ជំរុញឲ្យគេអនុម័តប្ដឹងខ្ញុំជាពីរបីសារនេះ។ ឥឡូវខ្ញុំត្រូវតែការពារខ្លួនហើយលើកនេះ ខ្ញុំនឹងដាក់បណ្ដឹងទៅតុលាការឲ្យរកយុត្តិធម៌ឲ្យខ្ញុំ»។
ទាក់ទិនចំពោះបញ្ហានេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង លោក ពេជ្រ សំបូរ សុំមិនធ្វើការអត្ថាធិប្បាយនោះទេ លោកគ្រាន់បញ្ជាក់ថា លោកបានចាត់ការបញ្ហានេះរួចរាល់ហើយ៖ «ខ្ញុំបានធ្វើរបាយការណ៍បំភ្លឺបញ្ហានេះ ទៅក្រសួង និងទៅលោកអភិបាលខេត្តរួចហើយ»។
យ៉ាងនេះក្ដី ប្រធានសាខាសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តកំពង់ឆ្នាំង លោក កែវ ថៃ មានប្រសាសន៍ថា បញ្ហានេះមិនមែនកើតមានតែនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ឆ្នុកទ្រូ នោះទេ។
លោកថា បញ្ហាដូចគ្នានេះបានកើតមានស្ទើរតែគ្រប់សាលាក្នុងខេត្តកំពង់ឆ្នាំង ដែលក្រសួងអប់រំគួរតែមានវិធានការលុបបំបាត់បាតុភាពអសកម្មនេះជាបន្ទាន់ ដើម្បីរក្សាគុណភាពនៃវិស័យអប់រំ៕
No comments:
Post a Comment
yes