ដោយ សុខ សេរី៖ អាស៊ីសេរី
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ មិថុនា បានឲ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវបានចោទប្រកាន់ថា ជាអ្នកដឹកនាំបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ ៣នាក់ បានចូលសារភាពហើយ គឺនៅសល់តែមនុស្ស២នាក់ទៀតប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ មិនបានប្រាប់ឲ្យដឹងឈ្មោះ ឬអត្តសញ្ញាណនៃអ្នកបានចូលសារភាពនោះទេ។ កន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសស្វែងរកចាប់ខ្លួនអ្នកទទួលខុសត្រូវសមាគមន៍អ្នកប្រជាធិបតេយ្យដែរ ដែលគេស្គាល់ថា អ្នកនោះគឺលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ អេហ្វអឹម១០៥ (FM 105) ដោយចោទថា មានការពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍នោះ។ តំបន់អបគមន៍ គឺស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានអធ្យាស្រ័យដល់អ្នកដែលបានចូលសារភាពកន្លងមកនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ បានមានប្រសាសន៍នៅឯមជ្ឈមណ្ឌលកោះពេជ្រថា លោកសុំឲ្យតុលាការបើកការកាត់ទោសកំបាំងមុខចំពោះជនណាដែលមិនចូលសារភាព ហើយរដ្ឋាភិបាលនឹងស្នើសុំធ្វើបត្យាប័នពីប្រទេសដែលអ្នកនោះកំពុងតែលាក់ខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «អ៊ីចឹង សុំចេញមក ស្តាប់ឮថ្ងៃនេះចេញមក អត់មានអ្នកណាយកទោសពៃទេ យើងអាចដកដីកាតាមចាប់ខ្លួននេះ បង្វែរឲ្យលោកទៅជាសាក្សី ព្រោះអស់លោកក៏ចាញ់បោកគេដែរ។ ហើយឥឡូវនេះ មនុស្សនេះ កំពុងតែនៅជាមួយ អា សួន សេរីរដ្ឋា ដែលយើងកំពុងតែតាមចាប់ខ្លួនដែរ។ សុំឲ្យពួកអង្គការក្រៅរដ្ឋាភិបាល ដែលកាន់ជើងអាពួកនេះ រកមេធាវីមក មកតទល់គ្នា លើផ្លូវច្បាប់»។
ប្រធានក្រុមអ្នកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អ៊ំ សំអាត បានមានប្រសាសន៍ថា អង្គការសង្គមស៊ីវិល រាប់ទាំងអង្គការ លីកាដូ ដែរ នឹងពិចារណាផ្តល់មេធាវី បើសិនក្រុមគ្រួសារនៃជនជាប់ចោទទាំងនោះ ស្នើមកអង្គការនេះ ដើម្បីការពារក្តី៖ «នៅក្នុងទាំងអស់ហ្នឹង យើងអត់ទាន់មានការស្នើសុំណាមួយនៅឡើយទេ»។
នៅមុនការចូលមកសារភាពនោះ ក្រសួងមហាផ្ទៃបានប្រកាសកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះថា ក្រសួងមហាផ្ទៃស្វែងរកចាប់ខ្លួនប្រជាពលរដ្ឋចំនួន ៥នាក់ ដែលរងការចោទប្រកាន់ថា ដឹកនាំប្រជាពលរដ្ឋបង្កើតតំបន់អបគមន៍។ អ្នកទាំងនោះ មានឈ្មោះដូចតទៅ ទី១ ប៊ុន រដ្ឋា អាយុ ៣២ឆ្នាំ ទី២ ប៊ុន ឆន អាយុ ៥៥ឆ្នាំ ទី៣ សុង តុន អាយុ ៦១ឆ្នាំ ទី៤ ម៉ា ឆាង អាយុ ៤៧ឆ្នាំ និងទី៥ ខាត់ សារឿន អាយុ ៤២ឆ្នាំ។
អ្នកទាំងនោះត្រូវបានក្រសួងមហាផ្ទៃ បានចោទប្រកាន់ចំនួន ៦បទល្មើស ហើយហៅសកម្មភាពចាប់ដីនោះថាបង្កើតតំបន់អបគមន៍។
នៅក្នុងការបង្ក្រាបប្រជាពលរដ្ឋចាប់ដីអនាធិបតេយ្យ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កន្លងមកនេះ ទាហានរដ្ឋាភិបាលបានប្រើអាវុធបាញ់ បណ្ដាលឲ្យស្លាប់ក្មេងស្រីម្នាក់ឈ្មោះ ហេង ចាន់ថា អាយុ ១៤ឆ្នាំ៕
No comments:
Post a Comment
yes