ដោយ ទីន ហ្សាការីយ៉ា
ការប្រព្រឹត្តិអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការនៅតែបន្តកើតមាន ទោះបីជារដ្ឋាភិបាលបានបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយ ដើម្បីបង្ក្រាបបទល្មើសពុករលួយក្ដី។
ស្ត្រីជាភរិយារបស់បុរសពិការចំនួនបីនាក់ បានអំពាវនាវឲ្យស្ថាប័នតុលាការជួយរកយុត្តិធម៌ជូនស្វាមីរបស់ពួកគាត់ ដែលជាជនពិការមានមុខរបរដើរស៊ីឈ្នួលគេ ប៉ុន្តែត្រូវបានតុលាការចាប់ខ្លួនស្វាមីរបស់ពួកគាត់ដាក់ពន្ធនាគារទៅវិញ។
បុរសពិការទាំងបីនាក់នោះ មានអ្នកខ្លះពិការដៃ អ្នកខ្លះពិការជើងនោះ រួមមានឈ្មោះ សេង សំ ឈ្មោះ បេង ពឿន និងឈ្មោះ វូង ហន អ្នកទាំងបីរស់នៅភូមិកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពួកគេត្រូវបានមន្ត្រីបរិស្ថានស្រុកសណ្ដាន់ ចាប់បញ្ជូនខ្លួនទៅតុលាការខេត្តកាលពីខែមករា ឆ្នាំ២០១២ នៅខណៈពួកគេទៅស៊ីឈ្នួលគេកាប់ព្រៃ។
អ្នកទាំងបីនាក់ត្រូវសាលាដំបូងខេត្តកំពង់ធំ បានចោទប្រកាន់ដូចគ្នា ពីបទកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធព្រៃ តាមមាត្រា៩៦ នៃច្បាប់ស្ដីពីព្រៃឈើ។
ស្ត្រីឈ្មោះ លីន ស៊ីម ជាភរិយារបស់ជនជាប់ចោទឈ្មោះ សេង សំ រៀបរាប់ទាំងស្ទើរស្រក់ទឹកភ្នែកថា ដោយសារគ្រួសារអ្នកស្រីក្រីក្រ អ្នកស្រីសុខចិត្តឲ្យស្វាមីពិការទៅស៊ីឈ្នួលគេ ដកដំឡូងមីនៅឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ប៉ុន្តែពេលទៅដល់ក៏មិនទាន់មានដំឡូងមីដកនៅឡើយ ស្រាប់តែបុរសឈ្មោះ វេច គាម មកជួលឲ្យទៅកាប់ឆ្ការព្រៃនៅលើដីរបស់គេ ប៉ុន្តែពេលចូលទៅកាប់ព្រៃ ស្រាប់តែមន្ត្រីបរិស្ថានចាប់ខ្លួនស្វាមីរបស់គាត់កាលពីថ្ងៃទី១៤ មករា។
ការចាប់ខ្លួនបុរសទាំងបីនាក់នេះ អង្គការសិទ្ធិមនុស្ស និងអង្គការការពារបរិស្ថាន ប្រចាំខេត្តកំពង់ធំ បានបញ្ចេញប្រតិកម្មចំពោះការចាប់ខ្លួននេះ ពីព្រោះថា អ្នកទាំងបីនេះ ជាអ្នកស៊ីឈ្នួលគេ មិនដឹងថា ដីនៅតំបន់អូរឡ ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ នោះ ជាដីរបស់រដ្ឋនោះទេ រីឯអ្នកដែលជួលអ្នកទាំងបី ដែលអះអាងថា ជាម្ចាស់ដីឈ្មោះ វេច គាម នៅក្រៅសំណាញ់ច្បាប់ទៅវិញ។
ស្ត្រីឈ្មោះ លិន សាន ជាភរិយារបស់ជនជាប់ចោទឈ្មោះ បេង ពឿន និយាយថា តាំងពីស្វាមីរបស់គាត់ជាប់គុកមក គាត់បានលក់ដីស្រែ និងគោ ដើម្បីយកលុយមកឲ្យតុលាការ ដើម្បីសុំឲ្យតុលាការជួយដោះលែងប្ដីរបស់គាត់វិញ។ អ្នកស្រីបញ្ជាក់ថា ក្រឡាបញ្ជីឈ្មោះ តាន់ សុខុន បានប្រាប់ថាពួកគាត់ថា បើចង់ឲ្យសំណុំរឿងនេះតុលាការយកទៅជម្រះលឿន ទាល់តែឲ្យលុយគាត់ខ្លះ។ ដូច្នេះ ពួកគាត់ឲ្យលុយចំនួន ៥០ម៉ឺនក្នុងម្នាក់ លើកទី១ឲ្យអ្នកស្រីក្រឡាបញ្ជីចំនួន ១០ម៉ឺនរៀល កាលពីខែកុម្ភៈ និងលើកទី២ ខែកុម្ភៈ ដដែលពួកគាត់ឲ្យថែមចំនួន ៤០ម៉ឺនរៀលទៀត។
ឆ្លើយតបទៅនឹងបញ្ហានេះ ក្រឡាបញ្ជីនៃសាលាដំបូងខេត្តកំពង់ធំ អ្នកស្រី តាន់ សុខុន បានពន្យល់ថា លុយទាំងនោះ គាត់មិនបានទារពីស្ត្រីជាភរិយាជនជាប់ចោទនោះទេ គឺពួកគាត់ឲ្យអ្នកស្រីជាថ្លៃសេវាទេ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា អ្នកស្រីមិនបានយកលុយនោះទៅវិញ។
ទោះបីជាមានការបដិសេធយ៉ាងនេះក្ដី ក្រុមស្ត្រីជាភរិយាជនជាប់ចោទ បានអះអាងថា ពួកគាត់បានយកលុយទៅឲ្យអ្នកស្រី តាន់ សុខុន នៅផ្ទះរបស់អ្នកស្រីនៅទីរួមខេត្តកំពង់ធំ ពីព្រោះអ្នកស្រីក្រឡាបញ្ជីសន្យាថា គាត់នឹងជួយរៀបចំពន្លឿនសំណុំរឿងនេះ ឲ្យបានឆាប់ជំនុំជម្រះក្ដី។
ប្រធានសាលាដំបូងខេត្តកំពង់ធំ និងជាប្រធានក្រុមជំនុំជម្រះក្ដីលើសំណុំរឿងនេះ បានឲ្យដឹងថា ការយកលុយណាមួយនោះ លោកមិនបានដឹងនោះទេ ប៉ុន្តែលោកបញ្ជាក់ថា នៅតុលាការរបស់លោកពុំអនុញ្ញាតិឲ្យយកលុយសេវានោះទេ។ លោកបញ្ជាក់ថា ការធ្វើដូច្នេះ ជារឿងខុសច្បាប់។
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកំពង់ធំ បានពន្យល់ថា ករណីនេះជារឿងប្រព្រឹត្តិអំពើពុករលួយរបស់តុលាការ។
ក្រៅពីពួកស្ត្រីជាភរិយាជនជាប់ចោទបានយកលុយឲ្យមន្ត្រីតុលាការនោះ ពួកគាត់ប្រឈមនឹងការជម្រិតទារលុយពីមន្ត្រីពន្ធនាគារខេត្តកំពង់ធំ ទៀត។
អ្នកស្រី ឈិត ឈាន់ បានឲ្យដឹងថា នៅពេលគាត់ទៅសួរសុខទុក្ខស្វាមីនៅពន្ធនាគារខេត្តម្ដងៗ មន្ត្រីពន្ធនាគារបានទារលុយពីគាត់ពី ៥ពាន់រៀល ទៅ ៣ម៉ឺន៥ពាន់រៀល។ អ្នកស្រីបញ្ជាក់ថា បើសិនជាគាត់មិនឲ្យទេ គេមិនអនុញ្ញាតិឲ្យជួបស្វាមីនៅក្នុងគុកនោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការចាប់ខ្លួនបុរសទាំងបីនាក់នេះ ក្រុមមន្ត្រីអង្គការសិទ្ធិមនុស្ស និងអង្គការការពារបរិស្ថាន ប្រចាំខេត្តកំពង់ធំ បានបញ្ចេញប្រតិកម្មចំពោះការចាប់ខ្លួននេះ ពីព្រោះថា អ្នកទាំងបីនេះ ជាអ្នកស៊ីឈ្នួលគេមិនដឹងថា ដីនៅតំបន់អូរឡ ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ នោះ ជាដីរបស់រដ្ឋនោះទេ រីឯអ្នកដែលជួលអ្នកទាំងបី ដែលអះអាងថា ជាម្ចាស់ដីឈ្មោះ វេច គាម នៅក្រៅសំណាញ់ច្បាប់ទៅវិញ។
មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) លោក ឈួម រុន មានប្រសាសន៍ថា ជនជាប់ចោទទាំងបីនាក់នោះ មិនមានបំណងទៅកាប់រានដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទេ ពួកគាត់ទៅកាប់ព្រៃនោះ គ្រាន់តែពួកគាត់ស៊ីឈ្នួលគេប៉ុណ្ណោះ។
មន្ត្រីស្រាវជ្រាវប្រឆាំងអំពើពុករលួយនៃអង្គការអភិរក្សជលផល បរិស្ថានសត្វព្រៃ នៅប្រទេសកម្ពុជា បានអះអាងថា ករណីនេះវាជារឿងមិនប្រក្រតីមួយនៅក្នុងប្រព័ន្ធតុលាការខេត្តកំពង់ធំ ពីព្រោះថា ជនល្មើសពិតប្រាកដឈ្មោះ វេច គាម ដែលអះអាងថាជាម្ចាស់ដី មិនត្រូវបានតុលាការចាប់ខ្លួន រីឯបុរសបីនាក់ជាអ្នកស៊ីឈ្នួលគេ បែរជាជាប់គុកទៅវិញ។
ទាក់ទងទៅនឹងបញ្ហានេះ មេឃុំកំពង់ស្វាយ និងអភិបាលស្រុកកំពង់ស្វាយ ក៏បានធ្វើលិខិតមួយច្បាប់រួមគ្នា កាលពីថ្ងៃទី២៦ ឧសភា ផ្ញើទៅអភិបាលខេត្តកំពង់ធំ ដើម្បីសុំជួយអន្តរាគមន៍ឲ្យដោះលែងជនពិការទាំងបីនោះ ឲ្យមានសេរីភាពឡើងវិញ។ នៅក្នុងលិខិតនោះ បានសរសេរថា បុរសទាំងបីនាក់ ទៅស៊ីឈ្នួលគេកាប់ព្រៃ ដើម្បីរកលុយមកចិញ្ចឹមប្រពន្ធកូន មិនមែនជាម្ចាស់ដីទេ តែតុលាការមិនទាន់រកយុត្តិធម៌ជូនពួកគេនៅឡើយ។
ប្រធានសាលាដំបូងខេត្តកំពង់ធំ លោក ឃន សុកល មិនបានបញ្ជាក់ទេ នៅថ្ងៃទី២៨ មិថុនា ថា តើតុលាការនឹងយកសំណុំរឿងអ្នកទាំងបី យកមកបើកសវនាការជំនុំជម្រះនៅថ្ងៃណានោះទេ ពីព្រោះថា លោកជាប់រវល់នៅខាងក្រៅតុលាការ មិនអាចបើកមើលសំណុំរឿងនេះបាន៕
No comments:
Post a Comment
yes