ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចបានតៀមលក្ខណៈ សម្រាប់ការពារសន្តិសុខកិច្ចប្រជុំអាស៊ាន ថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេស និងប្រមុខរដ្ឋនៃបណ្តាប្រទេសមួយចំនួន ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ មានគ្រប់ចំនួនរួចស្រចអស់ហើយ។
លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការនគបាលរាជធានីភ្នំពេញ បានមានប្រសាសន៍តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ថា ឆ្លងតាមបទពិសោធន៍នៃកិច្ចការពារសន្តិសុខ ជូនថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមកនោះ គឺទទួលបានជោគជ័យ ហើយចំពោះកិច្ចការពារសន្តិសុខសម្រាប់កិច្ចប្រជុំថា្នក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកក្កដានេះ គឺអាជ្ញាធរមានសមត្ថិកិច្ចបានត្រៀមលក្ខណៈគ្រប់គ្រាន់ ក្នុងការបំពេញតួនាទីធានាការពារសន្តិសុខនៅពេលប្រជុំ។
លោកស្នងការ ទូច ណារ៉ុថ បានមានប្រសាសន៍បញ្ជាក់បន្តទៀតថា កម្លាំងសមត្ថកិច្ចចម្រុះដែលចូលរួមការពារសន្តិសុខ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេស គឺមានសមត្ថកិច្ចកងរាជអាវុធហត្ថ កងអង្គរក្ស និងនគរបាល។
លោកស្នងការបានបដិសេធមិនប្រាប់ចំនួននៃកងកម្លាំងចម្រុះ ការពារសន្តិសុខសម្រាប់កិច្ចប្រជុំឡើយ ដោយគ្រាន់តែបញ្ជាក់ថា "គេមិនដែលប្រាប់ពីកម្លាំងពិតទេ គ្រាន់តែដឹងថា ត្រៀមការពារសន្តិសុខបានល្អ ដូចកិច្ចប្រជុំអាស៊ានកំពូលកាលពីពេលមុនដែរ"។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានកាលពីលើកមុន មន្ត្រីនគរបាលកម្ពុជាធ្លាប់បានបញ្ជាក់ថា មានប្រើប្រាស់កម្លាំងសមត្ថកិច្ចចំនួន ១០.០០០ នាក់ សម្រាប់ការពារសន្តិសុខកិច្ចប្រជុំនោះ៕ K
No comments:
Post a Comment
yes