ជម្លោះអ្នកបឹងកក់និងអាជ្ញាធររួមទាំងក្រុមហ៊ុនគ្មានអ្នកបញ្ចប់ ។ រូបថត ម៉េង គីមឡុង
ភ្នំពេញៈ ក្នុងទំហំដីសម្បទាន ១២,៤៤ហិកតា នៅក្នុងតំបន់បឹងកក់ នៅមានដីទំនេរគ្រប់គ្រាន់សម្រាប់អ្នកដែលត្រូវក្រុមហ៊ុននិងអាជ្ញាធររាជធានីបដិសេធមិនផ្តល់ប័ណ្ណកម្មសិទិ្ធឲ្យ។
សមាគមធាងត្នោត បានអះអាងបែបនេះថា ដោយបានរកឃើញដំណោះស្រាយ«ជាក់ស្តែងនឹងអាចសម្រេចបាន» ឲ្យគ្រួសារ ដែលត្រូវដកសិទ្ធិចេញពីទំហំដីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ឲ្យសហគមន៍នេះកាលពីខែសីហា ហើយប្រជាជននិងអង្គការក្រៅរដ្ឋាភិបាលនានាបានស្វាគមន៍ដំណោះស្រាយនោះ។
តាមរបាយការណ៍ «នៅក្រៅខ្សែបន្ទាត់ៈ គ្រួសារដែលដកចេញពីដីសម្បទាន១២,៤៤ ហិកតា» អង្គការបានគូសផែនទីតំបន់ផ្អែកលើព្រំប្រទល់ ដែលបញ្ជាក់ក្នុងអនុក្រឹត្យពាក់ព័ន្ធ។
លោក អែ សារ៉ុម អ្នកសម្របសម្រួលនៃកម្មវិធីសមាគមធាងត្នោតបានឲ្យដឹងថា ៖ «យើងបានកំណត់ប្រជាជន៤០គ្រួសារ ដែលហាក់ត្រូវដកចេញពីដីសម្បទាន ក៏ដូចជាទំហំដីទំនេរ ៤០១ កន្លែងក្នុងទំហំដី១២,៤៤ហិកតា»។
លោកថា ៖ «របាយការណ៍យើងបង្ហាញថា អាចចែកដីឲ្យគ្រួសារដែលដកចេញ នៅក្នុងតំបន់សម្បទាននេះបាន»។ ក្នុងនោះ អះអាងថា ដី ៤០១ កន្លែងមានទំហំ ១៧ ភាគរយ នៃទំហំដីសម្បទាន។ របាយការណ៍ក៏បញ្ជាក់ថា ៖ «[នេះ]ចង្អុលបង្ហាញថា គ្រួសារដែលដកចេញពីដី ១២,៤៤ហិកតា អាចទទួលបានដីទំនេរក្នុងដីសម្បទាននោះ»។
ការរកឃើញនេះជាផ្នែកនៃដំណោះស្រាយមួយ ដែលសមាគមធាងត្នោត ដែលសង្ឃឹមថា នឹងអាចបញ្ចប់វិវាទបឹងកក់ ដែលអូសបន្លាយតាំងពីឆ្នាំ ២០០៧ នៅពេលកិច្ចសន្យាជួលដីរយៈពេល ៩៩ឆ្នាំ ត្រូវបានសម្រេចផ្តល់ឲ្យក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់លោក ឡាវ ម៉េងឃីន ព្រឹទ្ធសមាជិកនៃគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍ។ ប្រជាជនជាងបួនពាន់គ្រួសារដែលរងការប៉ះពាល់ពីគម្រោងនេះ ត្រូវបណ្តេញចេញបណ្តើរៗតាំងពីពេលនោះមក។
របាយការណ៍សមាគមធាងត្នោត ក៏បានស្នើឲ្យកែប្រែព្រំប្រទល់តំបន់សម្បទានបន្តិច។
សំណើនេះទទួលការគាំទ្រពីប្រជាជន ក្នុងនោះ មានអ្នកស្រី ហេង មុំ ស្រ្តីម្នាក់ក្នុងចំណោម ១៣នាក់ ដែលទើបដោះលែងពីព្រៃសពីសប្តាហ៍មុន បន្ទាប់ពីដាក់ឃុំនៅថ្ងៃទី ២២ ខែឧសភា។
អ្នកស្រីថា ៖ «យើងសុំអាជ្ញាធរក្រុងភ្នំពេញដោះដូរដី នៅពេលគេអះអាងថា ផ្ទះរបស់យើងស្ថិតនៅលើដីក្រុមហ៊ុន »។
លោក ឌួង គា អាយុ ៤៣ ឆ្នាំ ជាអ្នកភូមិ ២២ បានថ្លែងថា ផ្ទៃដី ១២,៤៤ ហិកតា ជាអំណោចពីលោកនាយករដ្ឋមន្រ្តី ដែលប្រជាជនមានសិទិ្ធទទួលបាន។ លោកថា៖ «បើអាជ្ញាធរនៅតែសំអាងថា ផ្ទះយើងមិននៅក្នុងតំបន់នោះ គេគួរផ្លាស់ទីលំនៅពួកយើងទៅក្នុងផ្ទៃដី ១២,៤៤ ហិកតា»។
លោក ចន្ទ ពុទ្ធិសក្តិ តំណាងភូមិ១ រៀបរាប់ថា វាជាដំណោះស្រាយ «ឈ្នះ‑ឈ្នះ» ខណៈដែលសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលក៏គាំទ្រសំណើនេះ។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាន នៃក្រុមការងារពិសេសសិទិ្ធលំនៅដ្ឋាន បានថ្លែងបន្ថែមទៀតថា៖ «សំណើនេះជាជម្រើសអាចធ្វើជាដំណោះស្រាយ ចំពោះវិវាទដីធ្លីនៅបឹងកក់»។ លោក កើត ឆែ ប្រធានរដ្ឋបាលនៃសាលារាជធានីបដិសេធមិនអត្ថាធិប្បាយទេ៕
No comments:
Post a Comment
yes