ភ្នំពេញ: គណបក្សហ្វ៊ុនស៊ិនប៉ិច បានកោះប្រជុំគណៈកម្មការនាយកគណបក្សបន្ទាន់មួយ នៅស្នាក់ការកណ្តាល កាលពីពព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ ដោយបានធ្វើការរុះរើសមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលអសមត្ថភាព។ ក្នុងនោះ ក៏មានការពិភាក្សាលើបញ្ហាដែលមិនអាចបង្រួបបង្រួមជាមួយគណបក្ស នរោត្តម រណឫទ្ធិ និងបញ្ហាសំខាន់ គឺរៀបចំក្រុមការងារសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣។
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច បានអោយដឹងថា ការប្រជុំគណៈកម្មការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច បានពិភាក្សាទៅលើបញ្ហាសំខាន់ ចំនួន៣ គឺទី១-ប្រាប់ទៅដល់គណៈកម្មការនាយក គណៈកម្មាធិការអចិន្ត្រៃយ៍ អំពីការ ដែលមិនអាចធ្វើការបង្រួបបង្រួមជាមួយគ្នាបាន រវាងហ្វ៊ុនស៊ិនប៉ិច និងនរោត្តមរណឫទ្ធិ គឺដោយសារតែសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាអ្នកប្រកាសបញ្ចប់ការបង្រួបបង្រួមមុន នៅក្នុងសន្និសីទនាពេលកន្លងមក ទី២-មានការជ្រើសរើសគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស ដែលការរើសនេះ ដោយសារតែពីមុនគណៈកម្មាធិការអចិន្ត្រៃយ៍ ដំណើរការមិនសូវរលូនល្អ តែឥឡូវគណបក្ស បានរៀបចំ ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការអចិន្ត្រៃយ៍ថ្មី ដែលមានចំនួន ១១រូប។
លោក ញឹក ប៊ុនឆៃ បានបន្តថា លោកបានប្រាប់ទៅគណៈកម្មការនាយក និងគណៈកម្មាធិការអចិន្ត្រៃយ៍ថា ចំពោះការបង្រួបបង្រួមរវាគណបក្ស ហ្វ៊ិនស៊ិនប៉ិច ជាមួយគណបក្ស នរោត្តម រណឫទ្ធិ មិនបានគឺដោយសារតែសម្តេចក្រុមព្រះ បានប្រកាសបញ្ចប់មុន ហើយខាងគណបក្ស ហ្វ៊ុនស៊ិនប៉ិច មិនបានប្រកាសពីការបញ្ចប់ការបង្រួបបង្រួមទេ។
សមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ហ្វ៊ុនស៊ិនប៉ិច ចំនួន ១១ រូប ដែលទើបបានជ្រើសតាំង មាន៖ ១-លោក កែវ ពុទ្ធរស្មី, ២-លោក ញឹកប៊ុនឆៃ, ៣-ព្រះអង្គម្ចាស់ ស៊ីសិវត្ថិ សិរីរ័ត្ន, ៤-លោក ខាន់ សាវឿន,៥-លោក ហ៊ុន ភឿង, ៦-លោក ដៀង ដែល, ៧-លោក សេន រុន, ៨-កុល ផេង, ៩-វេង សេរីវុឌ្ឍ,១០-នុត សាខុម, ១១-លោក ទា ចំរ៉ាត់។
សូមបញ្ជាក់ថាកិច្ចប្រជុំនោះ ដឹកនាំដោយលោកកែវពុទ្ធរស្មី អគ្គមគុទេសគណបក្ស និងលោកញឹកប៊ុនឆៃប្រធានប្រតិបត្តិ៕
No comments:
Post a Comment
yes