ភ្នំពេញៈ ជំងឺសម្លាប់ជីវិតដែលគេមិនទាន់ស្គាល់មួយ បានបង្ហាញខ្លួនក្នុងប្រទេសកម្ពុជា និងបានសម្លាប់កុមារយ៉ាងហោចណាស់ ៦០ នាក់រួចមកហើយ ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ នេះបើយោងតាមមន្រ្តីសុខាភិបាលបានឲ្យដឹងកាលពីម្សិលមិញ។
កុមារ ៦២ នាក់ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផានោះ បានបង្ហាញរោគសញ្ញាដូចគ្នា គឺក្តៅខ្លួនខ្លាំង ប្រព័ន្ធផ្លូវដង្ហើម និងខួរក្បាលខូច ហើយក្នុងនោះមានតែកុមារ ២ នាក់ទេ ដែលអាចជួយសង្គ្រោះបាន។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកបង្កើតមន្ទីរពេទ្យ បានថ្លែងឲ្យដឹងកាលពីម្សិលមិញ។
ក្នុងលិខិតមួយដែលលោក Richner ផ្ញើជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី ២០ ខែមិថុនា ហើយដែលភ្នំពេញ ប៉ុស្តិ៍ បានទទួលកាលពីម្សិលមិញ លោកវេជ្ជបណ្ឌិតជនជាតិស្វីស បានលើកឡើងពីភាពបន្ទាន់នៃជំងឺនេះ ហើយបានប្រាប់លោករដ្ឋមន្រ្តីថា ជំងឺនេះ មិនដែលធ្លាប់ជួបប្រទះទេ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ក្នុងប្រទេសកម្ពុជា។
«ពួកគេ [កុមារ] មានរោគរលាកខួរក្បាល ហើយក្នុងរយៈពេល ៦ ម៉ោងចុងក្រោយ ពួកគេកើតរោគរលាកសួតធ្ងន់ធ្ងរបំផុត»។ លោកបានសរសេរទៀតថា៖ «កាំរស្មី X Ray និងស្កេន CT បង្ហាញថា ថង់ក្នុងសួត ដែលប្តូរខ្យល់អ៊ុកស៊ីសែន ត្រូវបានបំផ្លាញ ក្នុងរយៈពេលប៉ុន្មានម៉ោង មុនពេលអ្នកជំងឺស្លាប់»។
កុមារទាំងអស់ស្លាប់ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាអ្វីដែលលោក Richner ហៅថា «ការវិវត្តន៍ថ្មី» នៃជំងឺបំផ្លាញសួត។
នៅកាលបរិច្ឆេទលិខិតនោះ កុមារ ៤៧ នាក់បានស្លាប់។ ១៣ ថ្ងៃក្រោយ មានកុមារ ១៣ នាក់ថែមទៀតបានស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផា។
លោក Nima Asgari អ្នកឯកទេសសុខភាពសាធារណៈ នៃអង្គការសុខភាពពិភពលោក បានបញ្ជាក់កាលពីម្សិលមិញថា នៅសប្តាហ៍នេះ អង្គការអន្តរជាតិ រួមជាមួយនឹងក្រសួងសុខាភិបាលបានស៊ើបអង្កេតការឆ្លើយតបជំងឺអាថ៌កំបាំង និងប្រល័យជីវិតមនុស្សនេះ។
លោកបន្ថែមថា៖ «វាឆាប់ពេកហើយក្នុងការរកមូលហេតុ យើងកំពុងតែព្យាយាមប្រមូលទិន្នន័យ»។ លោកបានបន្តថា វាមិនអាចទេ ដែលជំងឺទាក់ទងនឹងគ្រុនឈាម ឬការលេចឡើងនូវជំងឺគ្រុនឈីកក្នុងប្រទេសកម្ពុជានោះ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានថ្លែងក្នុងរបាយការណ៍ថ្ងៃទី ៣០ ខែមិថុនា ថា រោគសញ្ញារបស់អ្នកជំងឺឆ្លងនេះ «ហាក់ដូចជាខុសធម្មតា» ដោយអ្នកជំងឺគ្រុនក្តៅ និងប្រព័ន្ធផ្លូវដង្ហើមចុះខ្សោយយ៉ាងខ្លាំង បើទោះបីជាការរាប់គ្រាប់ឈាម មុខងារថ្លើម និងក្រលៀនដំណើរការធម្មតាក៏ដោយ។
មន្រ្តីក្រសួងសុខាភិបាល ក្នុងនោះគឺលោករដ្ឋមន្រ្តី និងលោក លី សុវណ្ណអនុប្រធាននាយកដ្ឋាន ទប់ស្កាត់ជំងឺឆ្លង បានបង្វែរសំណួរទាំងអស់ ឲ្យទៅសួរលោក សុខ ទូច ប្រធាននាយកដ្ឋាន ទប់ស្កាត់ជំងឺឆ្លង ដែលមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានកាលពីម្សិលមិញ។
មន្រ្តីទទួលទូរស័ព្ទបន្ទាន់ នៅនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លង នៅក្រសួងសុខាភិបាល បានថ្លែងថា មន្រ្តី២ក្រុមពីក្រសួងបានចុះទៅខេត្តកំពង់ចាម និងខេត្តតាកែវ កាលពីម្សិលមិញ ដើម្បីស៊ើបអង្កេតករណីជំងឺមិនស្គាល់ដទៃទៀត។
មន្រ្តីនោះ បានថ្លែងថា៖ «វាបានកើតឡើងក្នុង ១៤ ខេត្តទូទាំងប្រទេស»។
លោកបន្តថា៖ «យើងមិនទាន់រកឃើញមូលហេតុនៃជំងឺនេះនៅឡើយទេ ប៉ុន្តែ [អ្នកជំងឺ] មានបញ្ហាប្រព័ន្ធផ្លូវដង្ហើមធ្ងន់ធ្ងរ»។ លោកបានបន្តថា ក្រុមទីបីនឹងទៅមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃព្រហស្បតិ៍។
លោក តែ វណ្ណថា អនុប្រធានមន្ទីរពេទ្យខេត្តតាកែវ បានថ្លែងថា លោកបានចូលរួមកិច្ចប្រជុំជាមួយនឹងក្រសួងសុខា-ភិបាល និងមន្រ្តីមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី ២៩ខែមិថុនា ដើម្បីពិភាក្សាពីបញ្ហាធ្ងន់ធ្ងរនេះ។ លោកបញ្ជាក់ថា៖ «មន្ទីរពេទ្យគន្ធបុប្ផា បានជូនដំណឹងយើងពីការវិវត្តយ៉ាងឆាប់រហ័សនៃជំងឺនេះដែលអាច សម្លាប់កុមារ ក្នុងរយៈពេល ២៤ ម៉ោង ដូច្នេះ យើងត្រូវតែប្រុងប្រយ័ត្ន»។ លោកបានឲ្យដឹងទៀតថា៖«ជំងឺមិនស្គាល់នេះកើតឡើងចំពោះកុមារភាគ ច្រើនអាយុក្រោម ៥ ឆ្នាំ ហើយរោគសញ្ញា គឺគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម»។
ថ្លែងពីមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប ជាកន្លែងដែលកុមារ ២ នាក់ស្លាប់ លោក Richner បានថ្លែងថា ក្រុមរបស់លោក បានពិនិត្យគ្រប់យ៉ាង ហើយពុំទាន់អាចបញ្ជាក់អ្វីនៅឡើយទេ។ លោកបានបន្តថា៖ «កុមារទាំងអស់មានរោគរលាកខួរក្បាលធ្ងន់ធ្ងរ ហើយធ្លាប់សម្រាកព្យាបាលនៅគ្លីនិកឯកជន មុនពេលមកជួបយើង»។ លោកបន្ថែមថា៖ «ខ្ញុំបារម្ភថា ការព្យាបាលខុស និងការពុលថ្នាំនៅគ្លីនិកឯកជន បានបំផ្លាញសួត ដែលបណ្តាលឲ្យរលាកសួត ដែលយើងមិនអាចព្យាបាលបាន»៕
No comments:
Post a Comment
yes