អតីតចៅហ្វាយខេត្តឧត្តរមានជ័យ ឡៃ វីរៈ និងគូកន ត្រូវសមត្ថកិច្ចពន្ធនាគារនាំឡើងតុលាការ
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានផ្តន្ទាទោសលោក ឡៃ វីរៈ អតីតអភិបាលខេត្តឧត្តរមានជ័យឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ និងលោក ឃួន រឿន អតីតឧត្តមសេនីយ៍មេបញ្ជាការរងកងយោធភូមិភាគពិសេស ឲ្យជាប់ពន្ធនាគារ១៦ឆ្នាំ ពីបទជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់។
លោក អឿង សៀន ចៅក្រមជំនុំជម្រះបានប្រកាសទោសរបស់ជនសមគំនិត ២នាក់ នៅសវនាការ ដែលអតីតឧត្តមសេនីយ៍ទោទាំងពីរមិនបានចូលរួម ហើយប្រកាសថា ជនមានពិរុទ្ធទាំង៤ មានសិទិ្ធប្តឹងឧទ្ធរណ៍ បើមិនអាចទទួលយកសេចក្តីសម្រេចរបស់តុលាការនេះ។
លោក ធុយ សុពន្ធ មេធាវីលោក ឃួន រឿន សន្យាថានឹងប្រើសិទិ្ធនោះ។
លោកបន្តថា៖ «ខ្ញុំគិតថា សេចក្តីសម្រេចរបស់តុលាការមានភាពអយុតិ្តធម៌ខ្លាំងចំពោះលោក ឃួន រឿន កូនក្តីខ្ញុំ ហើយខ្ញុំមិនអាចទទួលយកបានទេ ព្រោះគ្មានភស្តុតាងជាក់ស្តែងបង្ហាញថា គាត់ជាម្ចាស់ថ្នាំញៀននោះ។ ដើម្បីរកការពិត និងយុតិ្តធម៌ឲ្យកូនក្តីខ្ញុំ ខ្ញុំនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅសាលាឧទ្ធរណ៍ក្នុងពេលឆាប់ៗ»។
លោក ឡៃ វីរៈ និង ឃួន រឿន ព្រមទាំងជនសមគំនិតគឺ ឈៀង ឈុនលី និងសូរ សីលា ត្រូវនគរបាលចាប់ខ្លួននៅជាយក្រុងភ្នំពេញ ក្នុងភូមិអូរដឹម ខណ្ឌពោធិ៍សែនជ័យ កាលពីខែតុលាឆ្នាំមុន។ នគរបាលរឹបអូសបានម្សៅមេតំហ្វេតាមីនមួយគីឡូក្រាម កាំភ្លើង AK-47 ពីរដើម និងគ្រាប់ និងវត្ថុបូរាណធ្វើពីលង្ហិនសម័យអង្គរសតវត្សរ៍ទី១២ ដែលនគរបាលជឿ់ថា លោក ឡៃ វីរៈ រត់ពន្ធពីព្រំដែនថៃ ពីកន្លែងដែលគាត់ធ្លាប់ដើរល្បាត។
បន្ថែមពីលើទោសពន្ធនាគារ លោក ឡៃ វីរៈ ត្រូវបានពិន័យ ២៥ លានរៀល ចំណែកឯលោក ឃួន រឿន ត្រូវបានពិន័យ ៣២លានរៀល។ ជនសមគំនិត ឈុន លី ត្រូវបានផ្តន្ទាទោស១២ឆ្នាំ ពិន័យ ២៥ លានរៀល និងឈ្មោះ សីលា កាត់ទោសឲ្យជាប់ពន្ធនាគារ ១០ ឆ្នាំ និងពិន័យជាប្រាក់ ២០ លានរៀល។
ជនសង្ស័យទាំង៤ បដិសេធថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ លោកឡៃ វីរៈ ថា លោកមិនមែនជាអ្នកជួញដូរថ្នាំញៀនទេ ហើយលោកមិនបានដឹងពីគ្រឿងញៀនលាក់ទុកក្នុងប្រអប់ស្រា ក្នុងរថយន្តឡើយ។ លោកថា ៖ «ខ្ញុំមិនអាចទទួលការចោទប្រកាន់នេះបានទេ ព្រោះខ្ញុំមិនបានប្រព្រឹត្តអ្វីខុស ដូចការចោទប្រកាន់នោះទេ។ ខ្ញុំគឺជាជនគ្មានកំហុស»៕
No comments:
Post a Comment
yes