លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលបង្កើតឡើង
ដោយរដ្ឋាភិបាលកម្ពុជា
កាលពីដើម គេតែងតែនិយាយថា ជំងឺពុករលួយ ជាជំងឺប្រៀបបីដូចជាជំងឺរបេង ឬជំងឺមហារីក (CANCER)។ តែក្នុងសម័យនេះ ជំងឺរបេងក្តី មហារីកក្តី គេអាចព្យាបាលបាន ដោយសារការរីកចម្រើន នៃការរិះរករបស់ក្រុមវេជ្ជបណ្ឌិត។ ផ្ទុយទៅវិញ ជំងឺពុករលួយសើៗ ឬពុករលួយដល់ឆ្អឹង គ្មានឱសថណា ឬទេវតាណាអាចព្យាបាលបានទេ! មិនត្រឹមតែប៉ុណ្ណោះជំងឺនេះ ថែមទាំងរីកស៊ីរូងដល់ថ្លើម ប្រមាត់ទៀតផង។
ក្នុងលោកយើងនេះ តើមានប្រទេសណាមួយ ដែលអាចគេចផុតពីជំងឺពុករលួយយ៉ាងអសោចនេះបាន? សូម្បីតែនៅប្រទេសកុម្មុយនីស្តខ្លះ ដូចជាប្រទេសចិន ឬប្រទេសរុស្ស៊ី ឬវៀតណាម ដែលគេអាចចាត់ថា ជាប្រទេសកាន់នីតិផ្តាច់ការ ក៏មិនអាចលុបបំបាត់ជំងឺនេះបានដែរ ហើយមានអ្នកពុករលួយខ្លះ មានឈ្មោះល្បីពេញទាំងពិភពលោកទៀតផង។
ជំងឺពុករលួយនេះ បានកើតឡើងនៅគ្រប់ប្រទេសក្នុងសកលលោក គ្មានប្រទេសណាអត់កើតជំងឺនេះទេ! គ្រាន់តែប្រទេសធំ ពុករលួយធំ ប្រទេសតូចពុករលួយតូច។ ចំពោះប្រទេសកម្ពុជាយើងដែលកំពុងតែធ្វើការអភិវឌ្ឍគ្រប់ផ្នែក គ្រប់វិស័យជាតិ ជំងឺពុករលួយក៏មិនចាញ់ប្រទេសដទៃដែរ ហើយបើតាមការអង្កេត របស់ក្រុមអន្តរជាតិខ្លះ ដែលកាសែតភ្នំពេញប៉ុស្តិ៍បានឲ្យដឹង ក្នុងចំណោមប្រទេស ១៨៣ ក្នុងសកលលោក ប្រទេសកម្ពុជាយើងបានជាប់លេខ ១៦៤ ខាងស៊ីសំណូកសូកប៉ាន់ ដែលជាការបំផ្លិចបំផ្លាញជាតិមួយ គួរឲ្យញ័ររន្ធត់ចិត្ត ព្រមទាំងជាការប៉ះពាល់ដល់ថវិកាជាតិដែលកំពុងតែត្រូវការ យកទៅធ្វើការអភិវឌ្ឍទៀតផង។
សព្វថ្ងៃមានកាសែតខ្មែរខ្លះ និងទូរទស្សន៍ជាតិយើងខ្លះ ហ៊ានស្រែកប្រឆាំងនឹងអំពើពុករលួយនេះខ្លាំងណាស់ដែរ! តែអ្នកដែលមានខ្លួន ព្រោះតែរលួយដល់ឆ្អឹង ធ្វើជាថ្លង់ ធ្វើជាគ មិនដឹងមិនឮ ឬក៏មិនបានទិញកាសែត ឬមិនបានស្តាប់ព័ត៌មានពីទូរទស្សន៍អ្វីទាំងអស់។ គេថា សត្វតោ និងសត្វខ្លា សុទ្ធតែជាស្តេចសត្វព្រៃធំជាងគេ តែសត្វតោ ពេលណាវាឃ្លាន វាដើររកស៊ី ដល់វាឆ្អែតវាដេកស្រមុក ទោះជាមានសត្វដែលជាចំណីដើរជាន់ក្បាលវា ក៏វាមិនចាប់ស៊ីទៀតដែរ។ ឯចំណែកសត្វខ្លាវិញ អាសត្វនេះ ស៊ីមិនចេះឆ្អែត! ស៊ីហើយស៊ីទៀត ឲ្យតែប្រទះ គឺស៊ីគ្មានរើសមុខទេ។
ការលើកយកឧទាហរណ៍ពីស្តេចសត្វទាំងពីរនេះ មកនិយាយ គឺយើងចង់បានសេចក្តីថា បើអ្នកពុករលួយធ្វើតម្រាប់តាមសត្វតោ គឺថា ស៊ីឆ្អែតហើយ សូមឈប់ស៊ីទៀតទៅ ទុកឲ្យដល់ជាតិខ្លះ នេះក៏ជាការល្អម្យ៉ាងដែរ! សូមកុំយកតម្រាប់តាមសត្វខ្លាពេក! គឺថាឲ្យតែបានស៊ី គឺស៊ីហុតឈាមដោយគ្មានការអៀនខ្មាស គ្មានអាណិតអាសូរដល់ជាតិផងទេ។ អ្នកប្រព្រឹត្តអំពើពុករលួយ កុំស្មានតែគេមិនដឹង ឬមិនស្គាល់នោះ! គ្រាន់តែគេគ្មានសិទ្ធិនិងនិយាយ ដោយអំពើពុករលួយ ពិបាករកភស្តុតាងណាស់! តែបើឧបមាថា អ្នកខ្លះមានប្រាក់ខែតែ ៥០០ ឬ ៦០០ ដុល្លារ ក្នុងមួយខែ តែគេមានផ្ទះវីឡាធំទទឹងបណ្តោយរាប់រយម៉ែត្រ មានរថយន្តធុនទំនើបៗជិះ បើគ្រួសារមានគ្នា ៤នាក់ ត្រូវមានឡាន ៤ បើ ៥ នាក់ ត្រូវមានឡាន ៥ គឺទាំងប្រពន្ធ ១ កូនមួយៗម្នាក់ផង ជាអំពើដែលមតិសាធារណៈ យល់ច្បាស់ថា ទ្រព្យអស់នេះគឺបានមកពីការស៊ីសំណូក ឬមកពីអំពើពុករលួយច្បាស់ណាស់ មិនអាចប្រកែកបានឡើយ ពីព្រោះប្រាក់ខែ មិនអាចយកមកចំណាយបែបនេះបានទេ។
សម្តេច តេជោ ធ្លាប់មានប្រសាសន៍ទិតៀនដល់អ្នកពុករលួយខ្លះៗហើយថា «ចុះពួកអស់នេះ ក្រោយថ្ងៃ ៧ មករា ១៩៧៩ មករស់មានតែបាតដៃទទេសោះ!ឥឡូវនេះ ម្តេចក៏ម្នាក់ៗ ក្លាយខ្លួនទៅជាសេដ្ឋីអីក៏ឆាប់ម្ល៉េះ?»។ តែធ្វើម្តេចកើតបើគ្មានច្បាប់ ចាប់គេដោយគ្មានភស្តុតាងឬគ្មានគេប្តឹង។ នៅជំនាន់សង្គមរាស្ត្រនិយម មុនឆ្នាំ ១៩៧០ សម្តេចសីហនុ ព្រះប្រមុខរដ្ឋព្រះអង្គបានបង្កើតក្រសួងបោសសម្អាតមួយដែរ ដែលហៅថា «ក្រសួងបោសសម្អាត» (Ministere Assainissement)។ ព្រះអង្គទ្រង់ បានសុំឲ្យព្រះបិតុលាព្រះអង្គ ព្រះនាមសម្តេចក្រុមព្រះ ស៊ីសុវត្ថិ មុនីរ៉េត ធ្វើជារដ្ឋមន្ត្រី។ ដោយសារសម្តេច មុនីរ៉េត សុំច្បាប់បោសសម្អាតពីថ្នាក់លើចុះមកក្រោម ដូចជា លោកដាប ឈួន លោក សម សារី លោកប៉ែន នុត...។ល។ សម្តេចព្រះប្រមុខរដ្ឋក៏ជំទាស់ដោយខ្លាចមានការបែកបាក់គ្នា។ ម្ល៉ោះហើយក្រសួងបោសសម្អាតនេះ ត្រូវស្លាប់មុនបានឃើញពន្លឺថ្ងៃបាត់ទៅ។
សព្វថ្ងៃនេះ យើងមានអង្គការប្រឆាំងអំពើពុករលួយមួយដែរ! តែតាមយោបល់យើង អង្គការនេះ មានសេរីភាពតិចតួចណាស់! មិនអាចចាត់ការធ្វើឲ្យមានប្រសិទ្ធភាពទេ។ បើចង់ឲ្យអង្គការនេះមានប្រសិទ្ធភាព ទាល់តែប្រគល់សិទ្ធិឲ្យអង្គការនេះពេញលេញ ក្នុងការកោះហៅសាកសួរដល់មន្ត្រីខ្លះ ដែលគេសង្ស័យ ឬគេយល់ថា បានក្លាយទៅជាអ្នកមាន ដោយគ្មានមូលហេតុ (Enrichissment sans Cause) ទើបអំពើពុករលួយអាចអន់ថយចុះខ្លះពីស្រុកយើង។ បើមិនដូច្នោះទេ អង្គការប្រឆាំងអំពើពុករលួយ ក៏មិនសូវមានការងារធ្វើផង ហើយខ្វះមធ្យោបាយ ក្នុងការជួយទប់-ទល់ នឹងអំពើពុករលួយស៊ីដល់ឆ្អឹងរបស់មន្ត្រីខ្លះទៀតផង។
តុលាការ ហាក់ដូចជាមានអំពើពុករលួយ គួរឲ្យមតិសាធារណចាប់អារម្មណ៍ដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១២ របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅក្នុងកិច្ចរួមប្រជុំសិក្ខាសាលា ដោយលោករដ្ឋមន្ត្រី បានដាស់តឿនដល់ចៅក្រមទាំងអស់ និងព្រះរាជអាជ្ញាទាំងអស់ គួរតែខំប្រឹងប្រែងលុបលាងកេរ្តិ៍ឈ្មោះអសោចរបស់តុលាការយើង ផង។ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្តទៀតថា «ក្នុងប្រព័ន្ធច្បាប់ តួនាទីរបស់តុលាការ ដែលមតិជាតិ និងអន្តរជាតិ ក្នុងសម័យនេះ កំពុងតែចោទទៅលើនោះ គឺអំពើពុករលួយ ព្រោះវាជាដើមហេតុប៉ះពាល់យ៉ាងខ្លាំង ទៅលើប្រព័ន្ធច្បាប់ នៅកម្ពុជា»។
ក៏ប៉ុន្តែអំពើពុករលួយ មិនមែនមានតែនៅក្នុងស្ថាប័នតុលាការតែមួយប៉ុណ្ណោះទេ! គឺមានស្ទើរតែគ្រប់ស្ថាប័នទាំងអស់ ជាពិសេសខាងពាណិជ្ជកម្ម ខាងហិរញ្ញវត្ថុ និងខាងសេដ្ឋកិច្ច...។ល។ ពួកពាណិជ្ជករខ្លះ បាននិយាយយ៉ាងច្បាស់ថា «គេមិនអាចធ្វើជំនួញបានទេ បើមន្ត្រីមិនចេះទទួលសំណូក» ហើយអ្នកមានលុយខ្លះទៀត សុទ្ធតែរកបង្អែកបេតុងសម្រាប់ការពារអំពើពុករលួយរបស់ខ្លួន ពីក្រោយខ្នងនៅក្នុងការប្រកបរបរអាជីវកម្ម ដោយចំណាយលុយយ៉ាងស្តុកស្តម្ភ ឲ្យជួយនៅពីក្រោយខ្នងខ្លួន។ មានអំពើពុករលួយខ្លះដែលគេឲ្យឈ្មោះថា «ពុករលួយស្របច្បាប់» គឺមានដូចជានៅក្នុងក្រុង ឬក្នុងខេត្តនីមួយៗ សុទ្ធតែត្រូវសាងសង់សម្មិទ្ធផលនេះ ឬធ្វើការជួសជុលសមិទ្ធផលនោះ... ។ល។ ដូច្នេះគេត្រូវយកថវិកាទៅចំណាយ ដោយការចំណាយ មានច្រើនជាងការងារ ដែលត្រូវធ្វើ ដោយគ្មានអ្នកណាអាចកុងត្រូលបានឡើយ។ អ្នកប្រព្រឹត្តអំពើពុករលួយ សុទ្ធតែពូកែប្រើល្បិចកលអាក្រក់ណាស់ ដែលមិនងាយអ្នកណាចាប់ថ្នាក់បានទេ ព្រោះគេចេះថា បើស៊ីបាន ១០០ ចែកឲ្យគេតែ ៥០ ទៅ នោះរួចខ្លួនទៅហើយ។ ដូច្នេះគឺជាការលំបាកមួយដែរ ដល់អង្គការប្រឆាំងអំពើពុករលួយ ដែលមិនងាយចាប់ភស្តុតាងបានក្រៅតែពីបុគ្គលពុករលួយនោះ បញ្ចេញភិនភាគខាងក្រៅ ឲ្យដឹងថា ខ្លួនជាមនុស្សពុករលួយ«ស្របច្បាប់» ដែលគ្មានអង្គការណាហ៊ានមកប៉ះពាល់ដល់សិទ្ធិនេះបានឡើយ។ ពួកសេដ្ឋី ឬពួកឧកញ៉ាខ្លះ ដែលរកស៊ីបានលុយកាក់សន្ធឹកសន្ធាប់ សុទ្ធតែមានការរួមគំនិតជាមួយមន្ត្រីពុករលួយទាំងអស់! ព្រោះអ្នកជំនួញដែលរកស៊ីលួចជាតិ សុទ្ធតែចេះវាយក្បាច់ទាំងអស់ គឺថា បើគេបានចំណេញមួយរៀល ហើយសូកគេ ៦ ឬ ៧ កាក់ ក៏គេនៅចំណេញ ២-៣ កាក់ដែរ ហើយគ្មានរឿងរ៉ាវអ្វីទៀតផង។ នេះជាក្បួនរបស់អ្នករកស៊ីធំមួយ ដែលមជ្ឈដ្ឋានស្គាល់មុខច្បាស់ថាជាមនុស្សមហាពុករលួយ ស៊ីញើសឈាមប្រជាជនខ្មែរ។
ប្រសិនណាអង្គការប្រឆាំងអំពើពុករលួយមានបុគ្គលិកច្រើនខាងធ្វើការ ស៊ើបអង្កេត ក៏ប្រហែលជាថ្ងៃណាមួយ ពួកពុករលួយដោយគ្មានមូលហេតុ ប្រាកដជាជាប់ជុចជាមិនខាន ដែលជាការធ្វើឲ្យអ្នកពុករលួយដទៃទៀត ភិតភ័យដោយលះបង់អំពើថោកទាបនេះ បានខ្លះជាមិនខាន៕
ដោយ នុត ឈឿម ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើទេសរដ្ឋមន្ត្រី
No comments:
Post a Comment
yes