ភ្នំពេញៈពលការិនីខ្មែរវ័យ១៨ឆ្នាំម្នាក់ ដែលទៅបម្រើការតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី បានអំពាវនាវសុំឲ្យអង្គការក្រៅរដ្ឋាភិបាល និងស្ថានទូតខ្មែរក្នុងប្រទេសនេះ ជួយអន្តរាគមន៍បន្តទៅសមត្ថកិច្ចប្រទេសម៉ាឡេស៊ី ឲ្យចាត់វិធានការច្បាប់ដាក់ទោសទៅលើបុរសជាម្ចាស់ផ្ទះដែលចាប់នាងរំលោភ។
កញ្ញា ស្រី យ៉ន់ អាយុ១៨ឆ្នាំ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍តាមទូរស័ព្ទពីម្សិលមិញថា បុរសជាតិម៉ាឡេស៊ីឈ្មោះ លីវ ហ្វសជីង ប្ដីស្ត្រីម្ចាស់ផ្ទះឈ្មោះ គីម ហុង ដែលនាងនៅបម្រើការងារផ្ទះនោះ បានចាប់នាងរំលោភពីរដង បានសម្រេច និងបង្ខំឲ្យនាងធ្វើការហួសកម្លាំងនោះត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីល្ងាចថ្ងៃអាទិត្យ មួយសប្តាហ៍ក្រោយពីនាងបានប្ដឹងទៅអង្គការ Tenaganita ក្នុងតំបន់នោះ។
នាងថា៖«ទោះយ៉ាងណា ខ្ញុំសុំឲ្យស្ថានទូតខ្មែរនៅម៉ាឡេស៊ី ជួយអន្តរាគមន៍ទៅអាជ្ញាធរប្រទេសនេះ ឲ្យដាក់ទោសទណ្ឌឲ្យធ្ងន់បំផុតទៅលើបុរសម្នាក់នេះ»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបទេសកម្ពុជាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា មកទល់ពេលនេះ ស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ីមិនទាន់ដឹងព័ត៌មាននេះនៅឡើយ។ លោកថ្លែងថា៖ «...ស្ថានទូតខ្មែរនៅម៉ាឡេស៊ី ប្រាប់ខ្ញុំថា នៅមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ»។
ស្រី យ៉ន់ បានប្រាប់ឲ្យដឹងទៀតថា នាងបានទៅបម្រើការជាស្ត្រីមេផ្ទះនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១០ តាមក្រុមហ៊ុនT&P ដែលកាលនោះនាងមានវ័យ១៦ឆ្នាំ។
រដ្ឋាភិបាលបានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន T&P ពីឆ្នាំមុនបន្ទាប់ពីរកឃើញមានការក្លែងបន្លំឈ្មោះ និងអាយុ ពលការិនី ដើម្បីនាំទៅម៉ាឡេស៊ី នឹងបានដាក់បម្រាមមិនឲ្យបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រហូតមានអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា និងម៉ាឡេស៊ី៕
No comments:
Post a Comment
yes