លោក សំ ឯក មេដឹកនាំចលនាក្បាលខ្លា និងសមាជិកដទៃទៀត
ពេលនាំមកតុលាការកន្លងមក
ភ្នំពេញៈ ភរិយាជនជាប់ចោទ ដែលបានរងនូវការចោទប្រកាន់ ពីបទភេរវកម្ម នៅក្នុងសំណុំរឿងចលនាក្បាលខ្លា ប្រឆាំង និងរដ្ឋាភិបាល បានដាក់លិខិតស្នើសុំការជួយអន្តរាគមន៍ ទៅស្ថានទូតអាមេរិក ប្រចាំកម្ពុជា ដើម្បីជួយរកយុត្តិធម៌ ជូនប្តីរបស់ពួកគេ និងដោះលែងឲ្យមានសេរីភាពវិញ នៅខណៈដែលលោកស្រីហ៊ីលឡារី គ្លីនតុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា បន្ទាប់ពីពួកគេ បានដាក់ពាក្យប្តឹង ៣ ឆ្នាំមកហើយ តែពុំឃើញមានចំណាត់ការអ្វីសោះ។
នៅក្នុងលិខិតស្នើសុំជួយអន្តរាគមន៍នេះ អ្នកស្រីសោម សុជា ភរិយាជនជាប់ចោទ ជា គឹមយ៉ាន និងអ្នកស្រីប្លុង លីវណ្ណ ភរិយារបស់ជនជាប់ចោទ ពៅ វណ្ណារ៉ា បានស្នើឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក មេត្តាជួយអន្តរាគមន៍ សូមឲ្យដោះលែងប្តីរបស់ពួកគាត់ ដែលកំពុងជាប់ពន្ធនាគារប៉េស្ស៊ី (PJ)ឲ្យមានសេរីភាពឡើងវិញ។
ពួកគាត់កើតទុកមិនសុខចិត្ត ចំពោះការសំរេចសេចក្តី របស់តុលាការក្រុងភ្នំពេញ រួមទាំងភ្នាក់ងារសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ដែលបានចោទប្រកាន់ និងចាប់ខ្លួន ប្តីរបស់ពួកគាត់ ទាំងកម្រោល និងពោរពេញទៅដោយអំពើអយុត្តិធម៌បំផុត។
អ្នកស្រីសោម សុជា អាយុ ៤៥ ឆ្នាំ បានថ្លែងឲ្យដឹងថា តុលាការ បានចោទប្រកាន់ប្តីរបស់អ្នកស្រី ពីបទភារវកម្ម ដោយផ្តន្ទាទោសគាត់ ឲ្យជាប់ពន្ធនាគារចំនួន ២០ ឆ្នាំ ខណៈដែលប្តីរបស់គាត់ ពុំដែលបានប្រព្រឹត្តដូចការចោទប្រកាន់នោះទាល់តែសោះ។ អ្នកស្រីនិយាយថា៖ «ប្តីរបស់ខ្ញុំ គឺជាមនុស្សស្លូតត្រង់ គាត់ពុំមានអ្វីពាក់ព័ន្ធ ជាមួយនិងក្រុមភារវកម្មនោះទេ»។ អ្នកស្រីបានបញ្ជាក់ទៀតថា៖ «តុលាការក្រុងភ្នំពេញ ពុំមានភស្តុតាង ដើម្បីដាក់បន្ទុកលើប្តីរបស់ខ្ញុំទេ តែគេនៅតែសម្រេចផ្តន្ទាទោសប្តីរបស់ខ្ញុំរហូតដល់២០ឆ្នាំទៀត វាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ប្តីរបស់ខ្ញុំ»។
អ្នកស្រីបានឲ្យដឹងថា បន្ទាប់ពីតុលាការសម្រេចផ្តន្ទាទោសប្តីរបស់អ្នកស្រី អ្នកស្រី បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ទរណ៍ តែរហូតមកដល់ពេលនេះ មានរយៈពេលជិត ៤ ឆ្នាំទៅហើយ ពុំឃើញសាលាឧទ្ធរណ៍អើពើ ចាត់វិធានការណ៍នោះទេ។ អ្នកស្រីនិយាយថា៖«ខ្ញុំឈឺចិត្តខ្លាំងណាស់ បន្ទាប់ពីឃើញសម្ថកិច្ចរបស់រដ្ឋាភិបាល និងតុលារការ បានប្រឌិតរឿងរ៉ាវយ៉ាងដូច្នេះឡើង ពួកគេចាប់មនុស្សយកទៅដាក់គុកតាមទំនើងចិត្ត ដោយគ្មានបើកការស៊ើបអង្កេត»។
អ្នកស្រី ផ្លុង លីវណ្ណ ភរិយាជនជាប់ចោទ ពៅ វណ្ណារ៉ា បានថ្លែងថា មូលហេតុដែលអ្នកស្រី ដាក់ពាក្យសុំជួយអន្តរាគមន៍ពីសំណាក់ស្ថានទូតអាមេរិក គឺជាជម្រើសចុងក្រោយ ពីព្រោះអ្នកស្រី បានស្វែងរកការអន្តរាគមន៍ ពីសំណាក់អាជ្ញាធរគ្រប់ស្ថាប័នអស់ហើយ តែពុំដែលឃើញមានចំណាត់ការ ឬក៏ការឆ្លើយតបនោះទេ។ អ្នកស្រីនិយាយថា៖«គ្រាន់តែប្តីរបស់ខ្ញុំជូនលោកសោម ឯក ទៅទិញម៉ាស៊ីនកិនថ្ម ហើយគេឲ្យលុយ ១៥០ ដុល្លារ។ តុលាការបានសម្រេចផ្តន្ទាទោសប្តីរបស់ខ្ញុំឲ្យជាប់គុកដល់ទៅ ២០ ឆ្នាំ ដោយពុំមានភស្តុតាងអ្វីទាំងអស់ វាអយុត្តិធម៌ខ្លាំងណាស់»។
បើតាមអ្នកស្រីផ្លុង លីវណ្ណ ស្ថាតទូតអាមេរិកបានទទួលពាក្យបណ្តឹងរបស់អ្នកស្រីហើយ ហើយគេបានប្រាប់ថា និងធ្វើការទំនាក់ទំនងនៅពេលក្រោយ។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការសិទ្ធិមនុស្សអាដហុក បានអំពាវនាវដល់ប្រព័ន្ធតុលាការ សូមជួយរកយុត្តិធម៌ ជូនលោក ជា គឹមយ៉ាន និង ពៅ វណ្ណារ៉ា ដែលត្រូវបានសាលាដំបូងរាជធានីកាត់ទោសពួកគេម្នាក់ៗ ២០ ឆ្នាំ ដោយពុំមានជាប់ពាក់ព័ន្ធនឹងករណីនោះ ហើយសាលាឧទ្ទរណ៍ គួរតែរូតរះបើកសវនាការ ទាក់ទងទៅនឹងករណីនេះ។ លោកបានបន្តថា៖«អ្វីដែលសាលាដំបូងរាជធានី បានកាត់ទោសពួកគេ គឺអយុត្តិធម៌ខ្លាំងណាស់។ តុលាការមិនបានធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅនោះទេ តុលាការគួរតែស៊ើបអង្កេតឲ្យបានស៊ីជម្រៅជាងនេះ»។
កាលពីខែមករា ឆ្នាំ ២០០៩ មនុស្ស ៦ នាក់ ត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ងបង្កៃបំផ្ទុះគ្រាប់បែក មិនបានសម្រេច នៅទីកន្លែងសាធារណៈ ជ្រើសរើស និងហ្វឹកហាត់ភេរវករ។ ពួកគេរួមមានឈ្មោះ សម ឯក ត្រូវបានចោទថា ជាមេដឹកនាំនៃចលនាប្រឆាំងរដ្ឋាភិបាល ដែលគេហៅថា ចលនាក្បាលខ្លា ឈ្មោះ ឡឹក ប៊ុនហ៊ាន ភី សាវឿង ពៅ វណ្ណារ៉ា រាជ សំណាង និង ជា គឹមយ៉ាន។
តាមដឹងជនជាប់ចោទពីររូប គឺពៅ វណ្ណារ៉ា និង ជា គឹមយ៉ាន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ ចំនួន២០ ឆ្នាំ។
មិនអាចទំនាក់ទំនងមន្ត្រីស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ៕
No comments:
Post a Comment
yes