ដោយ ឆាយ សុផល
Cambodia News

លោក វេជ្ជបណ្ឌិត Beat Richner ប្រធាន មន្ទីរពេទ្យ គន្ធបុប្ផា បង្ហាញឯកសារ ដល់ អ្នក សារព័ត៌មាននៅក្នុង មន្ទីរ ពេទ្យ នៅ ក្នុង រាជ ធានី ភ្នំពេញ ថ្ងៃ ទី ៩ កក្កដា ២០១២។ រូប ឆាយ សុផល
ភ្នំពេញ (១១ កក្កដា ២០១២)៖ ចាប់តាំងពីខែមេសា ឆ្នាំ ២០១២ នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបបានបញ្ជាក់ថា មានកុមារកម្ពុជាប្រមាណ ៦៤ នាក់បានស្លាប់ដោយសារតែជំងឺម្យ៉ាងដែលលោកវេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានអះអាងថា មានប្រវត្តិជំងឺ និងរោគសញ្ញាប្រហាក់ប្រហែលគ្នា។
បន្ទាប់ពីទទួលបានដំណឹងនេះ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានប្រកាសនេះថា ជាជំងឺថ្មី និងអាថ៌កំបាំង ដែលសេចក្ដីប្រកាសនេះត្រូវបានគេចុះផ្សាយតាមបណ្ដាញសារព័ត៌មាន ហើយក៏មានជនរួមជាតិកម្ពុជាមួយចំនួនចែកចាយតាមបណ្ដាញព័ត៌មានសង្គមដូចជា ហ្វេសប៊ុក (Facebook) និង Blog ជាដើម។
ក្រោយពីបានទទួលដំណឹងនេះ ប្រជាជនកម្ពុជាខ្លះ ដែលមានកូនចៅតូចៗមានការភិតភ័យ ហើយនៅព្រឹកថ្ងៃអាទិត្យទី ៨ កក្កដា ផ្នែកពិសោធន៍លើជីវសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័របានរកឃើញថា ជំងឺនេះបណ្ដាលមកពីមេរោគ Enterovirus 71 ឬហៅ កាត់ថា EV71 ដោយមេរោគនេះទាក់ទិននឹងជំងឺមាត់ ដៃ និងជើង ដែលជាមេរោគកើតមានកើតជាទូទៅមកលើកុមារ និងទារក។
បើតាមការអះអាងពីវេជ្ជបណ្ឌិតជំនាញមួយចំនួនបានឲ្យដឹងថា រោគសញ្ញាគឺមានគ្រុនក្ដៅ ឈឺមាត់ និងមានកន្ទួល ដោយមានពងបែកនៅលើមាត់ ដៃ ជើង និងគូថ។
ទាក់ទិននឹងជំងឺនេះ លោកវេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យសង្គ្រោះកុមាររាប់សែននាក់ដោយមិនគិតថ្លៃទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបបាននិយាយថា ជំងឺនេះមិនមែនជាជំងឺថ្មី ឬក៏ជាជំងឺអាថ៌កំបាំងនោះទេ។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយនៅឯមន្ទីរពេទ្យគន្ធបុប្ផារបស់លោកក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ៩ កក្កដា នេះ លោក Richner បាននិយាយថា ជំងឺនេះបានកើតឡើងដំបូងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៦៩ មក។
ជំងឺនេះក៏ត្រូវបានបណ្ដាញសារព័ត៌មានបរទេសរាយការណ៍ដែរថា ធ្លាប់កើតមានឡើងនៅក្នុងប្រទេសវៀតណាម ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតនៅអាស៊ី ដោយរួមទាំងប្រទេសចិនផង ហើយក៏មានកុមារស្លាប់រាប់រយនាក់ដែរ។
ជំងឺនេះក៏ត្រូវបានបណ្ដាញសារព័ត៌មានបរទេសរាយការណ៍ដែរថា ធ្លាប់កើតមានឡើងនៅក្នុងប្រទេសវៀតណាម ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតនៅអាស៊ី ដោយរួមទាំងប្រទេសចិនផង ហើយក៏មានកុមារស្លាប់រាប់រយនាក់ដែរ។
លោក Richner បានសម្ដែងការសោកស្ដាយដែលមានការចេញសេចក្ដីប្រកាសព័ត៌មាន ដែលថា ជំងឺនេះជាជំងឺថ្មី និងអាថ៌កំបាំងនោះ ដែលនាំឲ្យប្រជាជនកម្ពុជាមានការភ័យខ្លាចជាខ្លាំង។
លោកក៏បានបន្ទោសបណ្ដាញសារព័ត៌មានបរទេសមួយចំនួន ដែលបានដកស្រង់សំដីមន្ត្រីអង្គការសុខភាពពិភពលោកក្នុងការពង្រីកព័ត៌មាននេះ ដែលនាំឲ្យកាន់តែមានការភ្ញាក់ផ្អើលខ្លាំងឡើងដល់ពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោក។

កុមារ កម្ពុជា ដេក ព្យាបាល ជំងឺ នៅក្នុង មន្ទីរពេទ្យ គន្ធបុប្ផា ក្រុង ភ្នំពេញ ថ្ងៃ ទី ៩ កក្កដា ២០១២។ រូប ឆាយ សុផល
នៅក្នុងលិខិតមួយរបស់លោកដែលបានផ្ញើជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃទី ២០ ខែ មិថុនា កន្លងទៅនេះបានបញ្ជាក់ថា ចាប់តាំងពីចុងខែមេសាមក មានកុមារចំនួន ៤៧ នាក់ដែលមានអាយុចន្លោះ២ ទៅ ៤ ឆ្នាំបានស្លាប់ នៅក្នុងមន្ទីរពេទ្យរបស់លោក។
លោកបាននិយាយថា កុមារទាំងនោះត្រូវបានព្យាបាលដោយឲ្យលេបនិងចាក់ថ្នាំនៅខាងក្រៅរួចទៅហើយ ទើបនាំយកមកកាន់មន្ទីរពេទ្យរបស់លោក ហើយកុមារទាំងនោះភាគច្រើនមកពីភាគខាងត្បូងនៃប្រទេស។
លោកក៏បានបន្ទោសពីការព្យាបាលមួយចំនួននៅឯខាងក្រៅមន្ទីរពេទ្យដែលប្រើថ្នាំមិនត្រឹមត្រូវ ឬថ្នាំខុស ដែលថ្នាំទាំងនោះអាចបំផ្លាញសរសៃឈាមតូចៗដែលមាននៅក្នុងសួតរបស់កុមារជាអ្នកជំងឺ។
បើតាមការអះអាងរបស់លោកគឺថា កុមារទាំងនោះមុននឹងស្លាប់គឺមានបញ្ហាសួត ដែលពួកគេពិបាកដកដង្ហើម។ លោក Richnerបានអំពាវដល់មាតាបិតាឲ្យបង្កើនអនាម័យកាន់តែច្រើនឡើងក្នុងការរស់នៅដោយសំអាតដៃជើងរបស់កុមារបន្ទាប់ពីចូលបង្គន់ និងសំអាតដៃមុនហូបអាហារ គឺថា «រស់នៅឲ្យមានអនាម័យល្អ»។
នៅក្នុងលិខិតនោះ លោក Richner បានបញ្ជាក់ថា «យើងមិនយល់ថាតើមានអ្វីកំពុងតែកើតឡើងនោះទេ។ មេរោគEnterovirus នៅមិនទាន់ត្រូវបានវិទ្យាស្ថានប៉ាស្ទ័ររកឃើញនៅឡើយទេ ថាតើវានៅក្នុងឈាម ឬក៏នៅក្នុងខួរឆ្អឹងខ្នង»។
នៅក្នុងលិខិតនោះ លោក Richner បានបញ្ជាក់ថា «យើងមិនយល់ថាតើមានអ្វីកំពុងតែកើតឡើងនោះទេ។ មេរោគEnterovirus នៅមិនទាន់ត្រូវបានវិទ្យាស្ថានប៉ាស្ទ័ររកឃើញនៅឡើយទេ ថាតើវានៅក្នុងឈាម ឬក៏នៅក្នុងខួរឆ្អឹងខ្នង»។
លោក Richner បាននិយាយដោយបន្ធូរបន្ថយការភិតភ័យពីសំណាក់ប្រជាពលរដ្ឋកម្ពុជាចំពោះជំងឺនេះថា តាមពិតទៅ ជំងឺគ្រុនឈាមជាជំងឺដែលកាចសាហាវ ដោយលោកបញ្ជាក់ថា គ្រាន់តែនៅចន្លោះថ្ងៃទី ១-១៧ មិថុនា មន្ទីរពេទ្យរបស់លោកបានទទួលកុមារមានជំងឺចំនួន ៩.៤៤០ នាក់ ដែលក្នុងនោះមាន ៣.០៧៣ ករណីជាជំងឺគ្រុនឈាម ហើយគ្រាន់តែនៅព្រឹកថ្ងៃទី ២០ មិថុនា មានកុមារជាអ្នកជំងឺចំនួន ២.៣៣០ នាក់ ដែលក្នុងនោះមាន ៥១៤ ករណីជាជំងឺគ្រុនឈាម។
លោក Richner ក៏បានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលជួយបរិច្ចាគដល់មូលនិធិរបស់លោកសម្រាប់ព្យាបាលកុមារក្នុងម្នាក់ ២៧ ដុល្លារ ឬថា ត្រូវបង្កើនការបរិច្ចាគទ្វេដងពី ២ លានដុល្លារ ទៅ ៤ លានដុល្លារជាបន្ទាន់ ដោយសារតែស្ថានភាពរបស់កាន់តែធ្ងន់ធ្ងរ៕

កុមារមាន ជំងឺ ដេក ព្យាបាល រោគ នៅ មន្ទីរពេទ្យ គន្ធបុប្ផាក្រុង ភ្នំពេញថ្ងៃ ទី ៩ កក្កដា ២០១២។ រូព ឆាយ សុផល

អ្នកម្តាយ និង ជីដូន រង់ចាំ ក្នុង មន្ទីរ ពេទ្យ គន្ធបុប្ផា នៅ ថ្ងៃ ទី ៩ កក្កដា ២០១២ ដើម្បី បាន កូនចៅ របស់ ខ្លួន ទទួល ការ ព្យាបាល ជំងឺ។ រូប ឆាយ សុផល

ស្ត្រី ជា ច្រើន ជា ម្ដាយ និង ជា ជីដូន កំពុង រង់ចាំ នៅ ខាង ក្រៅ មន្ទីរ ពេទ្យ គន្ធបុប្ផា នៅ ថ្ងៃ ទី ៩ កក្កដា ២០១២ ដើម្បី បាន កូន និង ចៅ របស់ ខ្លួន ទទួល ការ ព្យាបាល ជំងឺ។ រូប ឆាយ សុផល

ស្ត្រី ជា ច្រើន ជា ម្ដាយ និង ជា ជីដូន កំពុង រង់ចាំ នៅ ខាង ក្រៅ មន្ទីរ ពេទ្យ គន្ធបុប្ផា នៅ ថ្ងៃ ទី ៩ កក្កដា ២០១២ ដើម្បី បាន កូន និង ចៅ របស់ ខ្លួន ទទួល ការ ព្យាបាល ជំងឺ។ រូប ឆាយ សុផល

ស្ត្រី ជា ច្រើន ជា ម្ដាយ និង ជា ជីដូន កំពុង រង់ចាំ នៅ ខាង ក្រៅ មន្ទីរ ពេទ្យ គន្ធបុប្ផា នៅ ថ្ងៃ ទី ៩ កក្កដា ២០១២ ដើម្បី បាន កូន និង ចៅ របស់ ខ្លួន ទទួល ការ ព្យាបាល ជំងឺ។ រូប ឆាយ សុផល



No comments:
Post a Comment
yes