កុមារកម្ពុជាដែលទទួលរងជំងឺថ្មីមេរោគពោះវៀន និងផ្លូវដង្ហើម
មន្រ្តីសុខាភិបាលបាននិយថា ក្រសួងសុខាភិបាលបានរកឃើញប្រភេទមេរោគដែលបណ្តាលឲ្យកុមារកម្ពុជាស្លាប់៦៤នាក់ហើយ។ វិទ្យាស្ថានជាតិប៉ាស្ទ័រ បានធ្វើតេស្តលើកុមារ២៤នាក់រកឃើញថា កុមារ១៥នាក់មានផ្ទុកមេរោគម្យ៉ាងហៅថា មេរោគឆ្លងតាមពោះវៀនប្រភេទ៧១ (Enterovirus Type 71) ដែលអាចបង្កទៅជាជំងឺមាត់ ដៃ និងជើង ហើយក៏អាចបង្កឲ្យកើតមានបញ្ហាប្រព័ន្ធប្រសាទធ្ងន់ធ្ងរ ភាគច្រើនកើតទៅលើកុមារ និងបណ្តាលឱ្យស្លាប់ក្នុងរយៈពេលលឿន។
លោកវេជ្ជបណ្ឌិត Phillipe Buchy ប្រធានវិទ្យាស្ថានរោគសាស្ត្រមានប្រសាសន៍ថា លទ្ធផលទាំងនេះបានផ្តល់នូវការពន្យល់ដ៏ល្អ ចំពោះការរាលដាលនៃជំងឺនេះ។ យើងនឹងទទួលបានលទ្ធផលជាក្តីសង្ឃឹមទៀតនៅថ្ងៃអង្គារ ឬពុធក្រោយ ដើម្បីយល់មេរោគកាន់តែច្បាស់ និងរិះរកវិធីព្យាបាល។ កាលពីឆ្នាំ២០០៦ ជំងឺប្រភេទនេះបានកើតឡើងម្តងរួចហើយនៅប្រទេសប៊្រុយណេ និងឆ្នាំ២០០៨ រាលដាលដល់ ប្រទេសចិន។
លោកវេជ្ជបណ្ឌិត បេអាត រីជន័រ នៃមន្ទីរពេទ្យគន្ធបុប្ផាថ្លែងថា បើទោះបីជាបានរកឃើញប្រភេទជំងឺ EV71 នៅកម្ពុជា ជារឿងសំខាន់ក៏ដោយ ក៏ទំនងជាមានកត្តាជាច្រើនផ្សេងទៀត ដែលអាចបណ្តាលឱ្យកុមារស្លាប់យ៉ាងលឿនបែបនេះ។ លោកថា កាលពីជាង៣ខែមុន កុមារ៦៦នាក់ អាយុចន្លោះពី២ទៅ៣ឆ្នាំ ត្រូវបាននាំយកទៅមន្ទីរពេទ្យគន្ធបុប្ផា ហើយ២នាក់ក្នុងចំណោមកុមារទាំងអស់បានស្លាប់យ៉ាងអាថ៌កំបាំងដោយសារបញ្ហាផ្លូវដង្ហើម និងប្រព័ន្ធប្រសាទធ្ងន់ធ្ងរ។
កាលពីថ្ងៃអាទិត្យ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានរំលឹកថា ការរាលដាលនៃជំងឺនេះមិនទាន់ត្រូវបានដោះស្រាយទាំងស្រុងទេ គេត្រូវការវិភាគបន្ថែមទៀត។ លោករីជន័រ បានរិះគន់ WHO ចំពោះការធ្វើរបាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយដោយមិនមានការពិតច្បាស់លាស់។ ក្នុងរបាយការណ៍នោះ WHO បានជូនដំណឹងដល់ពិភពលោកថា ជំងឺសម្លាប់ជីវិតអាថ៌កំបាំងថ្មីមួយកំពុងរាតត្បាតកម្ពុជា វាបង្កការភ័យខ្លាចដល់ប្រទេសកម្ពុជា៕
No comments:
Post a Comment
yes