ភ្នំពេញ: អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលព័ត៌មានដែលបានចុះផ្សាយថា មានឧប្បត្តិហេតុនៃការបាញ់យន្ដហោះ ដែលបានធ្វើការហោះហើរគ្មានការអនុញ្ញាត នៅក្នុងលំហអាកាសយោធាដែលកម្ពុជាហាមឃាត់។
អ្នកនាំពាក្យក្រសួងការពាជាតិ សូមប្រកាសជម្រាបជូនសាធារណជន និងរាល់បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ សូមបញ្ឈប់ជាបន្ទាន់នូវការបកស្រាយ ឬបំផុសព័ត៌មានពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ គឺអាចបណ្ដាលឲ្យមានការយល់ច្រឡំ និងការបកស្រាយខុសពីការពិត ពាក់ព័ន្ធដល់សន្តិសុខជាតិកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារតិ សូមជម្រាបជូនសាធារណជនថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិរបស់ខ្លួន កំពុងធ្វើការស៊ើបអង្កេត ចំពោះឧប្បតិ្តហេតុដែលបានកើតឡើងនេះ។ ព័ត៌មានជាផ្លូវការ នឹងជម្រាបជូននៅពេលការស៊ើបអង្កេតស៊ីជម្រៅនេះ ត្រូវបានបញ្ចប់ជាផ្លូវការ។
អ្នកនាំពាក្យក្រសួងការពារជាតិ សូមជម្រាប និងរម្លឹកផងដែរថា កម្ពុជាគ្មានហេតុផលណា ដែលធ្វើឲ្យមានការប៉ះពាល់ ឬរំខានដល់សុវត្ថិភាព នៃការហោះហើរស៊ិវិលនោះទេ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងកាតព្វកិច្ច និងសិទ្ធិរបស់ខ្លួន ក្នុងកិច្ចការពារអធិបតេយ្យ នៃលំហអាកាសរបស់កម្ពុជា ដែលមិនត្រូវបានរំលោភ ឬឈ្លានពាននោះឡើយ៕
No comments:
Post a Comment
yes