កើត ចាស់ ឈឺ ស្លាប់ គឺជាវដ្ដរបស់មនុស្សលោកម្នាក់ៗ តែក៏មានមនុស្សមួយចំនួន អភ័ព្វផងដែរបានស្លាប់តាំងពីការបង្កកំណើត ហើយខ្លះទៀតស្លាប់តាំងពីនៅវ័យកុមារដែលមិនទាន់ដឹងក្តីស្រួល បួលផងនោះ។
យ៉ាងណាមិញក៏មានមនុស្សជាច្រើន នៅពេលដែលខ្លួនបានរស់រានមានជីវិតធំឡើងដុះស្លាបហើរ ហើយមានតួនាទីធំដុំ ក្លាយជាអ្នកដឹកនំាគឺភ្លេចកំណើតខ្លួនឯងកាលពីកុមារភាពអស់នៅ ពេលឈឺម្តងៗស្ទើរស្លាប់ស្ទើររស់ ទម្រាំតែបានធំដឹងក្តីរហូតមកដល់សព្វថ្ងៃនេះ តែបែរជាធ្វើមិនដឹងមិនឮ មិនឈឺឆ្អាល ចំពោះកុមារ ដែលកំពុងដង្ហោយហៅសុំរស់រានមានជីវិត ជាសិទ្ធិរបស់កុមារ ដូចជា ការដង្ហោយសុំមូលនិធិទ្រទ្រង់បន្ថែមរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្គ្រោះជីវិតកុមារ តែមិនទាន់ឃើញមានថវិកាបន្ថែមជាដុំកំភួននៅឡើយទេ។ តើចាំដល់ពេលណាទើបម្ចាស់ជំនួយ និងរាជរដ្ឋាភិបាល ផ្តល់ការឧត្ថម្ភបន្ថែម ដល់មន្ទីរពេទ្យគន្ធបុប្ផា?
បើនិយាយពីវិរបុរស និងជាមនុស្សគំរូលោកវេជ្ជបណ្ឌិត ប៊ីត រីចន័រ (Dr Beat Richner) មានអាយុ ៦៥ ឆ្នាំ ជាជនជាតិស្វ៊ីស ដែលជាអ្នកស្ថាបនិក និងជាអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាទាំង ៤ និងមន្ទីរពេទ្យជ័យវរ្ម័នទី ៧ ចាប់តាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ។ មន្ទីរពេទ្យទាំងនេះ បានជួយជីវិតកុមារកម្ពុជារាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ហើយក្នុងអំឡុងរយៈពេល ២០ ឆ្នាំនេះ មន្ទីរពេទ្យទាំងនេះបានជួយសង្គ្រោះជីវិតកុមារបានជាង ១ លាននាក់ហើយ (www.beat-richner.ch) និងបណ្តុះបណ្តាលធនធានមនុស្ស និស្សិតដែលទើបតែចេញពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មិនត្រឹមតែគ្រប់គ្រងល្អប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិត ថែមទាំងខិតខំស្រាវជ្រាវ រកមេរោគថ្មីៗ ផ្តល់ព័ត៌មានទៅរាជរដ្ឋាភិបាលទៀតផង ឧទាហរណ៍៖ ថ្មីៗនេះ លោកវេជ្ជបណ្ឌិត រីចន័រ បានផ្ញើសារលិខិត១ទៅលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពីជំងឺប្រភេទថ្មី១ ដែលបានឆក់យកជីវិតកុមារ ៦០ នាក់នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលលោករេជ្ជបណ្ឌិត និងក្រុមការងាររបស់លោក មិនអាចសង្គ្រោះជីវិតកុមារទំាង ៦០នាក់នេះបាន។
ជាមួយនេះគាត់ក៏បានលើកសំណើជាមូលនិធិ ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីទ្រទ្រង់មន្ទីរពេទ្យនេះ ឲ្យដំណើរការបាន ក្នុងការជួយរំលែកបន្ទុករបស់រាជរដ្ឋាភិបាលមួយផ្នែកធំ។ ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិត ក៏បានរៀបចំកម្មវិធីការប្រគំតន្ត្រី គឺលោកតែងកូតវីយ៉ូឡុងផ្ទាល់ រៀងរាល់ល្ងាចថ្ងៃសៅរ៍ នៅមន្ទីរពេទ្យជ័យវរ័្មនទី៧ ក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យជួយផ្តល់ថវិកា សម្រាប់សកម្មភាពមន្ទីរពេទ្យទាំងនេះ។ ការងាររបស់លោកយ៉ាងមមាញឹក ស្ទើរតែពុំមានពេលលម្ហែកាយក្នុងជីវិតរបស់លោក។ ទង្វើដ៏ប្រពៃ និងសប្បុរសធម៌ ដ៏គួរឲ្យគោរពក្រៃលែង របស់លោកវេជ្ជបណ្ឌិត ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា បានលើកសរសើរគុណតម្លៃ ហើយខ្លះក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះកិច្ចខិតខំ របស់លោក ក្នុងកិច្ចការអភិវឌ្ឍវិស័យសុខាភិបាលនៃព្រះរាជាណាចក្រនេះ បើទោះបីជាអាយុរបស់លោកត្រូវ ចូលនិវត្តន៍ក៏ដោយ។
សូម្បីតែអតីត ព្រះមហាវរក្សត្រសម្តេច ឪ សីហនុ ក៏បានចូលរួមអបអរសាទរចំពោះសកម្មភាពរបស់លោកវេជ្ជបណ្ឌិត ដែរ។ តែទោះបីជាលោកវេជ្ជបណ្ឌិតខិតខំយ៉ាងដូច្នេះក៏ដោយ ក៏នៅមានបុគ្គលិកមួយចំនួនតូច នៅមន្ទីរពេទ្យគន្ធបុប្ផា មិនទាន់ប្រើពាក្យសម្តីសមរម្យជាមួយ បងប្អូនដែលមកពីជនបទ ដែលពួកគាត់មិនបានដឹងពីរបៀបរបបនៅទីនោះ នៅឡើយក្តី តែជាលទ្ធផល គឺមន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយអត្រាស្លាប់ របស់កុមារអាយុក្រោម ១ ឆ្នាំពី ៩៥ នាក់ មកត្រឹម៤៥ នាក់ ក្នុងចំណោមកុមារកើតរស់ ១០០០ នាក់ពីឆ្នាំ ២០០០ ដល់ ២០១០ និងកុមារអាយុក្រោម ៥ ឆ្នាំពី ១២៤ នាក់មកត្រឹម ៥៤ នាក់ ក្នុងចំណោមកុមារកើតរស់១០០០ នាក់ពីឆ្នាំ២០០០ ដល់២០១០។ (CDHS,2010)
សំណួរសួរថា តើប្រសិនបើផ្អាក ឬក៏បញ្ឈប់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងនេះ តើមានអ្វីកើតឡើង ចំពោះសុខភាព និងអាយុជីវិតកុមារកម្ពុជា? ឬក៏ជាហេតុផលនយោបាយ របស់រាជរដ្ឋាភិបាល និងម្ចាស់ជំនួយដើម្បីឲ្យប្រជាពលរដ្ឋ យកកូនៗទៅទទួលសេវាមន្ទីរពេទ្យរដ្ឋ ឲ្យបានពេញលេញវិញ ដើម្បីឲ្យប្រាក់ហិរញ្ញប្បទាន របស់មន្ទីរពេទ្យកើនឡើង ដើម្បីផ្គត់ផ្គង់គ្រូពេទ្យ? ប្រសិនបើមានយុទ្ធសាស្រ្ត ឬក៏ការកែទម្រង់ដូច្នេះ តើមន្ទីរពេទ្យរដ្ឋ បានបំពាក់ឧបករណ៍គ្រប់គ្រាន់ និងបុគ្គលិកពេទ្យគ្រប់គ្រាន់ហើយឬនៅ ក្នុងការព្យាបាលជំងឺធ្ងន់ធ្ងរ ដូចនៅសេវាមន្ទីរពេទ្យគន្ធបុប្ផា? បើវេជ្ជបណ្ឌិត មកផ្តុំជុំគ្នាតែនៅទីក្រុង ទីប្រជុំជន និងគ្លីនិកល្បីៗ ដូចនេះ តើអាចទ្រទ្រង់កុមារក្រីក្រ និងនៅជនបទបានទេ?តើនរណាជាអ្នកទទួលខុសត្រូវ? នេះគឺនៅតែជាបន្ទុករបស់រដ្ឋាភិបាលដដែលហ្នឹង។
កន្លងមកលោកវេជ្ជបណ្ឌិត រីចន័រ ធ្លាប់បានរិះគន់ ទៅដល់ម្ចាស់ជំនួយ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួនថា បានចាយលុយខ្ជះខ្ជាយឥតប្រយោជន៍ជាច្រើន ទិញរថយន្តទំនើបៗហ៊ឺហា ពេលខ្លះ យករថយន្តអង្គការទៅប្រើជារបស់ផ្ទាល់ខ្លួនក៏មាន ធ្វើការមិនមានប្រសិទ្ធភាព ហើយលោកបានធ្វើការប្រៀបធៀបថា ប្រសិនបើគេយកថវិកាទាំងនោះ មកជួយកុមារវិញ គឺសង្គ្រោះជីវិតកុមារបានច្រើននាក់ណាស់។ ម្តងម្កាលលោកក៏ធ្លាប់រិះគន់មន្ត្រីជាន់ខ្ពស់សុខាភិបាលមួយ ចំនួនផងដែរ អំពីភាពស្ពឹកស្រពន់របស់មន្ត្រីទាំងនោះ ក្នុងការជួយសង្គ្រោះអាយុជីវិតកុមារ។ តែពុំមានសកម្មភាពណាមួយប្រែប្រួល នូវអ្វីដែលលោកវេជ្ជបណ្ឌិត រីចន័រ បានលើកឡើងនេះឡើយ។
ប្រសិនបើធ្វើការប្រៀបធៀប ពីការរ៉ៃអង្គាសសប្បុសជន ក្នុងការផ្តល់ថវិកា តាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកនានាសម្រាប់ ទាហានដែលបានស្លាប់នៅព្រះវិហារក្តី អ្នកស្លាប់ដោយសារការរត់ជាន់គ្នានៅកោះពេជ្រក្តី ជនរងគ្រោះដោយសារទឹកជំនន់ក្តី ឃើញថាមានសប្បបុរសជនជាច្រើន ចូលរួមជួយយ៉ាងសម្បើមណាស់។
តើនេះ ជាហេតុផលនយោបាយ ដើម្បីតែសន្លឹកឆ្នោត ឬក្នុងការធ្វើឲ្យប្រជាពលរដ្ឋឃើញថាមានការជួយជ្រោម ជ្រែងយ៉ាងសកម្មនោះ? ត្រង់កុមារស្លាប់ជារៀងរាល់ថ្ងៃ ដោយសារជំងឺ ជាពិសេស កុមារជាកូនប្រជាពលរដ្ឋក្រីក្រ នៅតំបន់ដាច់ស្រយាលដែលទទួលរងគ្រោះជាងគេនោះ ហេតុអ្វីមិនគិតធ្វើការរៃអង្គាសផង? ហេតុអ្វីកិច្ចការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនេះ ចាំតែបរទេសជួយដូច្នេះ ខ្មែរខ្លួនឯង មិនប្រឹងប្រែងជួយបរិច្ចាគខ្លួនឯងខ្លះផង? សព្វថ្ងៃនេះ អ្នកខ្លះខំប្រឹងគិតណាស់ពីការប្រកួតប្រជែងគ្នា ភ័យខ្លាចតែរថយន្តខ្លួនឯង សេរ៊ីអន់ជាងគេ ឬមិនទំនើបដូចគេ តែភ្លេចគិតកាលពីខ្លួនឯង បានមកធំដឹងក្តីបានប៉ុណ្ណឹង ដោយសារបានរស់ពីកុមារភាពចង់ស្លាប់ចង់រស់ ជាពិសេសក្នុងរបបខ្មៅងងឹត ខ្មែរក្រហមនោះទេ? សាកល្បងស្វះស្វែងរកអ្នកបរិច្ចាគតាមកញ្ចក់ទូរទស្សន៍ម្តងវិញមើល តើបានផលប៉ុនណា? ឬមួយក៏ជួយមន្ទីរពេទ្យគន្ធបុប្ផាទៅបានសន្លឹកឆ្នោតទៅលោក វេជ្ជបណ្ឌិតរីចន័រ? ដែលមិនបានសន្លឹកឆ្នោត ដល់គណបក្សកាន់អំណាចសព្វថ្ងៃនេះ?
កន្លងមក ទាំងរាជរដ្ឋាភិបាល ទាំងម្ចាស់ជំនួយ បានធ្វើការសាងសង់ហេដ្ឋារច្ចនាសម្ព័ន្ធបានច្រើនហើយតាំងពីទឹក ភ្លើង ផ្លូវ ស្ពាន អគាររដ្ឋ ជាដើម។ តែបើប្រៀបធៀបទៅនឹងថវិកាជួយសង្គ្រោះជីវិតកុមារ នៅមានកម្រិតនៅឡើយទេ ហេតុដូច្នេះហើយ ទាំងរាជរដ្ឋាភិបាល ទាំងម្ចាស់ជំនួយ ទាំងសប្បុរសជន គួរតែបង្វែរថវិកា មកជួយសង្គ្រោះជីវិតកុមារកម្ពុជាវិញម្តង ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា ដែលមានទាំងសមត្ថភាពបុគ្គលិកមានបទពិសោធ និងសម្ភារព្យាបាល ស្រាប់។
No comments:
Post a Comment
yes